"បងឆ្អែតហើយ អរគុណអូនច្រើនណាស់!"
ជុងហ្គុក បែរខ្លួនមកអង្គុយបែបធម្មតាសម្លឹងមើលមុខ ថេយ៉ុង ដែលអង្គុយទៅម្ខាងខាងណោះព្រមជាមួយនឹងទឹកមុខស្ងប់ស្ងាត់ប្លែក ទើបបណ្តាលឱ្យចិត្តនាយអន្ទៈសាររួចរហ័សលូកដៃចូលទៅចាប់ក្រសោបប្រអប់ដៃដ៏ស្រឡូនទន់ល្មើយម្ខាងនោះជាប់។
"អូនមានរឿងអី?" ថេយ៉ុង ងាកមកសម្លឹងមុខស្វាមីដោយការគ្រវីក្បាលញ័រតតាត់។
"គ្មានរឿងអីទេបង!"
"បើគ្មានរឿងអី សុខៗម្តេចក៏អូនស្រាប់តែស្ងាត់?"
ថេយ៉ុង ញញិមយ៉ាងស្ងួតព្យាយាមរមួលប្រអប់ដៃរលាស់ចេញពីកណ្តាប់ដៃមាំស្រាលៗហើយខិតចូលទៅកៀកជិតកាយក្រាស់ដោយដាក់ក្បាលផ្អែកទៅលើស្មាដ៏មាំទាំ។
"បងតូចចិត្តនិងអូនទេ?" ជុងហ្គុក ជ្រួញចិញ្ចើមហើយឈ្ងោកសម្លឹងមើលផែនមុខសោកសៅដែលរំលេចបាននូវដំណក់ទឹកសន្សើមហៀបនិងបម្រុងបង្ហូរចុះមកជាច្រើនអនេក។
"បងតូចចិត្តនិងអូនរឿងអី?" អ្នកដែលត្រូវគេសួរស្រាប់តែមិងមាំងមួយប៉ប្រិចភ្នែក រីឯអ្នកដែលយំទួញសោកសៅក៏ប្រឹងឱនសំយ៉ុងមុខចុះលាក់ដំណក់ទឹកភ្នែកពុំហ៊ានបញ្ចេញឱ្យស្វាមីបានឃើញវាយ៉ាងច្បាស់ៗនោះឡើយ។
"ពួកយើងគ្រាន់តែបានស្រលាញ់គ្នា ហើយរៀបការជាមួយគ្នា រស់នៅជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ!"
"អូនមានអារម្មណ៍មិនល្អចំពោះទំនាក់ទំនងរវាងពួកយើងតើមែនទេ?" ថេយ៉ុង គ្រវីក្បាលជាថ្មីម្តងទៀត ហើយសន្សឹមឱបចង្កេះមាំទាំងសំឡេងយំខ្សឹកខ្សួរអណ្តើតអណ្តក់។
"ព្រោះអូនមិនអាចមានកូនបាន!"
ជុងហ្គុក និង ថេយ៉ុង សម្លឹងចំកែវភ្នែកគ្នាឥតធ្មេច រំពេចនោះបេះដូងអ្នកទាំងពីរស្រាប់តែលោតចលនាលឿនព្រមគ្នា។ ជុងហ្គុក ញោចមាត់ញញិមសើរៗ ហើយឱនឈ្ងោកទៅបឺតជញ្ជក់បបូរមាត់ញ័រចំប្រប់ថ្នាក់ថ្នមកាយតូចឱ្យឈប់សោកសៅចំពោះរឿងដែលមិនអាចកើតមានបាន។
"បងមិនដែលបង្ខំចិត្តអូនម្តងណាទេ បងយល់គ្រប់យ៉ាង សូមអូនកុំខូចចិត្តអី!"
"តែម៉ាក់ប្រហែលជាអន់ចិត្តចំពោះអូន ព្រោះអូនមិនអាចមានចៅឱ្យគាត់ពរបានដូចជាបងស្រី!"
"អ្នកណាថា? មើលទៅម៉ាក់ស្រលាញ់អូនណាស់ គាត់មិនគិតឃើញដូច្នោះទេ!" ជុងហ្គុក និយាយលួងលោម ថេយ៉ុង មិនចង់ឱ្យគេរង់សម្ពាធផ្លូវចិត្ត ព្រោះសព្វថ្ងៃនេះ គេពិបាកមកគ្រប់គ្រាន់ណាស់ណាទៅហើយ បើនៅតែបណ្តែរបណ្តោយឱ្យគេគិតច្រើនទៀត ច្បាស់ជាមានបញ្ហាផ្លូវចិត្តធំឡើងៗជាក់ជាមិនខានឡើយ។
"និយាយអ៊ីចឹង..បងចេញពីធ្វើការម៉ោងប៉ុន្មាន?"
"ពេលនេះបងចេញហើយ ព្រោះឮសូរថាប៉ាធម៌ប្រាប់ថា មានក្មួយជីដូនមួយរបស់គាត់មកហ្វឹកហាត់ការងារនៅទីនេះដែរ តោះយើងទៅអាផាកមីន៍វិញ!"
"អ៊ឹម!!!" អ្នកទាំងពីរមិនបានគិតគូរច្រើនក៏រូតរះរហ័សរហួនរៀបចំសម្ភារៈទុកដាក់ដើម្បីត្រលប់ទៅកាន់អាផាកមីន៍វិញ។
@ភូមិគ្រឹះហ្វីឌ័រ
មីននីយ៍!!!
"បាទម៉ាក់ម៉ាក់!" សំឡេងស្រួយស្រែះអង្រួនបេះដូងដល់អ្នកសណ្តាប់ញ៉ាំងឱ្យទឹកមុខមនុស្សចាស់គ្រប់គ្នា ហាក់ដូចជាញញិមសប្បាយរីករាយ ចំពោះរូបរាងដ៏តូចច្រម៉ក់ សម្បុរសផ្កាឈូក មុខមាត់ច្រមិចៗ សក់ខ្មៅរលើបនិងត្របក់ភ្នែកតឹងៗ គួរឱ្យស្រលាញ់ណាស់។
ជីមីន អេហ្សាន់ ដើរតាំងៗបង្ហាញស្នាមញញិមដាក់ម្តាយហើយឈោងដៃទៅទទួលយកដបទឹកដោះគោដែលម្តាយឆុងថ្មីៗហុចមកឱ្យបៅជញ្ជក់ថែមទាំងឡើងទម្លាក់ខ្លួនដេកលើសាឡុង បណ្តោយខ្លួនឱ្យអ្នកម្តាយផ្លាស់ឈុតថ្មីឱ្យទៀត។
"យើសអាល្អិតរត់លេងឆ្អែតឃ្លានហើយហ្ន៎!" លោកហ្វីឌ័រលាន់មាត់ចំអន់ដាក់ក្មួយប្រុសតូច ត្រូវជាកូនរបស់អ្នកស្រី ហេលលី ដែលត្រូវជាប្អូនស្រីបង្កើតរបស់គាត់ម្នាក់ដែរ។
"ហិហិ.." អាល្អិតតូចសើចឮសូរកខិក ដេកបៅទឹកដោះគោទាំងទឹកមុខស្រស់ប៉ប្រិម។
"លោកប៉ា ឡានបងជីដូនមួយចូលមកដល់ហើយ!"
អ៊ីលីយ៉ា ឧទានប្រាប់ទៅកាន់ឪពុកកាលបើឃើញរថយន្តដ៏ទំនើបក៏ទើបតែបរចូលមកដល់ខាងក្នុងទីធ្លាបរិវេណនៃភូមិគ្រឹះទាំងមូលនោះដែរ។
កំលោះសង្ហាស្ថិតក្នុងឈុតពណ៌ខ្មៅ សម្បុរសម៉ដ្ឋរលោង ផ្ទៃមុខមាំទាំហ្មត់ចត់ ញ៉ាំងឱ្យរាងខ្ពស់ក្នុងដំណើរដ៏ស្វាហាប់ប្រញាប់ឆាប់ដើរចូលមកឱនលំទោនយ៉ាងគួរសម។
"ជម្រាបសួរអ៊ំប្រុសនិងអ្នកមីង!"
"អរ..មកដល់ល្មម!"
វ័យកំលោះខាងណេះមានឈ្មោះថា មីន យ៉ុនហ្គី ( ស៊ូហ្គា ) ឈ្មោះក្នុងប្រទេសកូរ៉េ ចំណែកឯឈ្មោះស្ថិតក្នុងក្របខណ្ឌការងារ គឺ ស៊ូហ្គា សព្វថ្ងៃមានងារជា CEO កាន់កាប់ផ្នែកផលិតនិងគ្រប់គ្រងក្រុមហ៊ុនផលិតទឹកអ៊ប់ដ៏ឆ្នើមម្នាក់។
ជាក្មួយប្រុសជីដូនមួយរបស់លោក ហ្វីឌ័រ ដែលត្រូវបានគាត់យកមកបណ្តុះបណ្តាលឱ្យធ្វើការយ៉ាងហ្មត់ចត់ និងម៉ិតប្រាយខ្លាំងបំផុត ថែមទាំងមានសមត្ថភាពពិសេសៗជាច្រើនទៀតផងដែរ។
ព្រូស!!!
"ជីមីន ម្តេចក៏បោះដបទឹកដោះគោចោលអ៊ីចឹងកូន?" អ្នកស្រី ហេលលី និយាយដេាយទឹកមុខតប់ប្រមល់ហើយស្ទុះទៅចាប់យកដបទឹកដោះគោដែលរមៀលស្ទើរខ្ជាយគម្របនៅឯម្ខាងទៀត ចំណែកឯអាល្អិតតូច ជីមីន ឯណេះអង្គុយសើចញឹមៗសម្លឹងមើលទៅកាន់វ័យកំលោះក្នុងទឹកមុខស្រស់បស់ អមដោយស្នាមញញិមរីករាយសម្បើមណាស់។
"ម៉ាក់អ្នកណាគេ?" អ្នកស្រី ហេលលី ស្រាប់តែជ្រួញចិញ្ចើមហើយងើបមុខឡើងសម្លឹងមើលមុខអ្នកកំលោះខាងណោះ។
"សាច់ថ្លៃកូនឯងនិងណា ជាកូនប្រុសរបស់អ្នកមីង ជូស៊ុង គាត់មានស្វាមីជាជនជាតិរុស្ស៊ី ត្រូវជាប្អូនប្រុសជីដូនមួយរបស់អ៊ំប្រុស ហ្វីឌ័រ!"
"អរ!" ជីមីន ងក់ក្បាលសន្សឹមៗសម្លឹងមើលមុខ ស៊ូហ្គា ម្តងហើយ ម្តងទៀត ឃើញគេស្ងប់ស្ងាត់ មិនសូវនិយាយស្តីនាំឱ្យអាល្អិតឆ្ងល់ណាស់។
"បងឯងឈ្មោះអីគេ?" ស៊ូហ្គា ក្រឡេកបែរមុខមកសម្លឹងមើលមុខអាល្អិតតូចអង្គុយដកកចំហមាត់ដាក់ខ្លួនរួចសួរឈ្មោះគេយ៉ាងទំនើង។
"ឈ្មោះអីទាក់ទងស្អីនិងឯងដែរ?"
"ចុះគ្រាន់ប្រាប់ឈ្មោះផងមិនបាន?"
"អាកូននេះនិយាយស្មើៗម្តេចមិនដឹងទេវ៉ី?" នាយគិតក្នុងចិត្តព្រមទាំងងាកមុខចេញបីដូចជាមិនចង់ឆ្លើយ ហើយធ្វើឫកប្រងើយកន្តើយ ហាក់មិនចង់សន្ទនាជាមួយគេក្មេងអាយុ ៣ ឆ្នាំជាងម្នាក់នោះទៀត។
"បងឯងមកហ្នឹងធ្វើអី?" នៅមិនទាន់ដឹងខ្លួនទៀតថាគេនោះមិនចូលចិត្តខ្លួន?
ជីមីន ដើរតាំងៗចូលមកដាក់ដៃច្រត់លើភ្លៅ ស៊ូហ្គា រួចសើចស្ញេញស្ញាញ ហើយទះភ្លៅមាំតិចៗបន្ថែម។
"មកមានការហ្នឹង!" នាយឆ្លើយទាំងសំឡេងរឹងធ្ងន់។
"អ៊ីចឹង?"
"ទៅណាទៅៗចាស់ៗនិយាយគ្នា!" ស៊ូហ្គា ទ្រាំអស់ការអត់ធ្មត់បើកមាត់និយាយខ្សឹបខ្សៀវអាល្អិតតូចដេញគេឱ្យចេញឆ្ងាយទាំងអារម្មណ៍ធុញទ្រាន់។
"ទៅមិនបានទេ មេឃក្តៅហា ម៉ាក់វៃ អត់ឱ្យដើរលេងកាត់ថ្ងៃក្តៅទេ!" ជីមីន ប្រកែកហើយអះអាងចង្អុលទៅខាងក្រៅមេឃក្តៅចែស ទើបគេឡើងមកអង្គុយកំប៉ុកក្បែរនាយសង្ហា ដោយញញឹមរាក់ទាក់បន្ថែមនិងណែនាំខ្លួនយ៉ាងគួរសមទៀតផង។
"ខ្ញុំ ឈ្មោះ ជីមីន..ចុះអាបងឯងឈ្មោះអី?"
"ម៉េចបានហៅយើងថាអាបង?"
"សំណាងហើយខ្ញុំហៅបងចុងកន្ទុយ ចុះបើខ្ញុំហៅអាទទេ?" ស៊ូហ្គា ខាំបបូរមាត់ដាក់ដៃលបលួចក្តិចសាច់កំប៉េះគូទអាល្អិតតូចមួយទំហឹង។
"អូយ..ហ៊ឹកៗម៉ាក់!"
"អាម៉េចអ្ហាសកូន?" លោកស្រី ហេលលី ស្រែកស្ទើរតែបែកបំពង់ក រត់ដាច់ជើងចោលចូលមកចាប់ញ៉ឹងកូនប្រុសពរឡើងទាំងទឹកមុខភ័យស្លេកបបូរមាត់។
"ហ៊ឹកៗម៉ាក់!!"
"ម៉េចៗវាយ៉ាងម៉េច?"
"ឈឺយួយណាស់!"
"ឈឺយួយត្រង់ណា? កើតស្អីសុខៗស្រែកយំចង់បែកផ្ទះ?"
"ស្រមោចខាំគូទ!"
"មើល៍ឯណា?" ថារួចគាត់ស្លន់ចាប់សម្រាតខោកូនមើលធ្វើឱ្យប្រុសកំលោះខាងណោះ សម្លឹងមើលឃើញពីសាច់កំប៉ះគូទកន្ធីងៗសម៉ដ្ឋខៃដែលមានស្នាមក្តិចបីដូចជាដុំពកកន្ទួលស្រមោចខាំយ៉ាងដូច្នេះដែរ។
"ហើមទេដឹងនៀក!" អ្នកស្រី ហេលលី ស្ទុះស្ទារកប្រេងលាបបំបាត់ដុំកន្ទួលរមាស់ភ្លាម ទុកឱ្យអាល្អិតឈរយំរម្ងាស់បែរខ្នងទុកតែកំប៉េះគូទកំប្លង់ៗចំពោះមុខអ្នកដែលសម្លឹងមើល។
"ខ្ពើមកគូទណាស់!" ជីមីន លើកខ្នងដៃជូតទឹកភ្នែកចេញងាកមកខាំមាត់សម្លក់មុខ ស៊ូហ្គា ដែលអង្គុយសើចស្ទើររឹងពោះថែមទាំងលាដៃទះក្លែបកំប៉េះគូទអាល្អិតឮសូរផាច់ៗបន្ថែមទៀត។
"អាយ..ឈឺ!!!" អាល្អិតស្រែកចាចគំហកទាំងមុខក្រហមនិងបែរមកចាប់ក្តិតមួលៗដៃរាងក្រាស់ឆ្លៀតចាប់ខាំនិងទាញគ្រវីក្រវាត់តាមដែលចិត្តខឹងទៀត។
"ជីមីន ម្តេចទៅធ្វើឫកពាបែបហ្នឹងដាក់បងអ៊ីចឹង!"
"កូនមីងកាចណាស់ កាចដូចឆ្កែចឹង!" ស៊ូហ្គា រហ័សទូលពិតស្ញូញមុខធ្វើជាឈឺ រីឯអាល្អិតខាងណោះឈរពេបមាត់ទាញច្រវែបស្ទើរដល់គុម្ពត្រចៀក។
"ខ្ពើមណាស់..មកក្តិចកគូទគេមុនសោះ!"
"មកពីឯងវារពឹស!"
"ទៅប្រកាន់ប្អូនធ្វើអីក្មួយ អាតូចហ្នឹងវាតែអ៊ីចឹង អត់គ្នាលេងវាចេះតែរពឹសអ៊ីចឹងឯង ជីមីន មកណេះមកម៉ាក់លាបប្រេងឱ្យ!"
ង៉ឺត!!!
ឡានស្ពតសេរីទំនើបស្រាប់តែជាន់ហ្វ្រាំងចតឈប់ឮសូរសំឡេងនៅឯខាងក្រៅផ្ទះ។ អ្នកកំលោះដែលកំពុងតែទន្ទឹងរង់ចាំមើលផ្លូវក៏ញញិមឡើងស្រស់។
ជុងហ្គុក ចតឡានទុកភ្លាម ប្រញាប់ប្រញាល់ដើរសំដៅចូលមករកអង្គជំនួបដែលប៉ាធម៌របស់ខ្លួនបានរៀបចំហើយរួចជាស្រេចបាច់អស់។
"មកអង្គុយមកកូនប៉ាមានរឿងចង់ពិភាក្សាបន្តិច!"
លោក ហ្វីឌ័រ ហុចសំណុំឯកសារការងារពីរសម្រាប់ទៅឱ្យ ជុងហ្គុក និង ស៊ូហ្គា ម្នាក់មួយដើម្បីពិនិត្យមើលនិងរៀបចំផែនការការងារបន្ទាប់ដែលត្រូវធ្វើបន្ថែមផងដែរ។
"ទាំងអស់នេះជាកិច្ចសហការដ៏ធំបំផុតសម្រាប់ Clothing Company រវាងក្រុមហ៊ុនផលិតសម្លៀកបំពាក់នៅក្នុងប្រទេសបារាំង ជាទូទៅការងារទាំងមូលក៏ត្រូវពឹងផ្អែកលើ CEO ស្ទើរតែទាំងស្រុងផងដែរ ទាំងការចុះហត្ថលេខា និងការវិនិយោគ រៀបចំកិច្ចសន្ទនានិងចាត់ចែងមើលការខុសត្រូវគ្រប់ផ្នែកទាំងអស់ចំពោះទំនិញដែលធ្វើការផ្លាស់ប្តូរប្រគល់ទៅឱ្យហាងធំៗល្បីៗនៅឯបារាំងនោះបន្ថែមទៀតដែរ!" ជុងហ្គុក យល់ការទើបរហ័សសម្លឹងមើលមុខ ស៊ូហ្គា ដែលកំពុងតែប្រើពេលសម្រាប់គិតឱ្យបានល្អិតល្អន់។
"ហើយ..សូម្បីតែក្រុមហ៊ុនផលិតទឹកអ៊ប់ក៏ធ្វើដូច្នេះដែរ!"
"ល្អណាស់តើសអ៊ំប្រុស..អំប្រុសគិតធ្វើគម្រោងនេះនៅពេលណាដែរ?" ស៊ូហ្គា សួររួចងាកមកសម្លឹងទឹកមុខសញ្ចឹងគិតរបស់លោកហ្វីឌ័រ។
"នៅពេលដែលពួកឯងធ្វើការសម្រេចចិត្តរួច!"
ជុងហ្គុក និង ស៊ូហ្គា ស្រាប់តែសម្លឹងមើលមុខគ្នាបន្តិច ហើយឆ្លើយព្រមគ្នាទៅនឹងសំណួរដែលគាត់ចោទឡើង។
"ពួកខ្ញុំយល់ព្រមហើយ!"
"ហាហាល្អណាស់!" គាត់សើចបន្តិច សឹមចាត់ចែងឱ្យក្មេងក្មាងដទៃរៀបចំអាហារពេលថ្ងៃត្រង់និងអាលបានបបួលពួកគេមកស្រស់ស្រូប។
បន្ទាប់ពីថ្ងៃដែលបានជួបជុំគ្នា ពិភាក្សារឿងការងារនោះរួចមកហើយ។
ជុងហ្គុក តែងតែរវល់ជាប់លាប់ពុំសូវមានពេលបានមកសម្រាក នៅឯអាផាកមីន៍ជាមួយ ថេយ៉ុង ញឹកញាប់នោះទេ ថ្ងៃខ្លះក៏បាត់ទៅមិនឃើញមុខក៏មានដែរ ចំណែកឯថ្ងៃខ្លះក៏ត្រលប់មកវិញយប់ជ្រៅ ដល់ថ្នាក់ ថេយ៉ុង ត្រូវរង់ចាំរហូតដល់ពេលគេងលក់ចោលគេទៀត។
"លោកប្តីមកគេងនៅអាផាកមីន៍ទេ?" ថេយ៉ុង អង្គុយរង់ចាំស្វាមីនៅឯតុបាយ ចាប់ផ្តើមសម្លឹងមើលមុខម្ហូបដែលតម្រៀបទុកចោលលើតុបាយ សឹងតែក្រៀមស្ងួតផ្អេះអស់ទាំងនោះទៅហើយ រួចតាមដោយទឹកមុខស្រពាប់ស្រពោន កែវភ្នែក រលីងរលោង និងសំឡេងអួលដើមក។
(ថ្ងៃនេះបងទៅមិនបានទេ ថ្ងៃស្អែកក៏ទៅមិនបានដែរ រីឯខានស្អែករឹតតែរវល់ទៀតហើយ អូនកុំរង់ចាំបងអីណា គេងសម្រាកឱ្យបានច្រើនៗទៅ ពេលចប់ការងាររួចបងប្រញាប់ត្រលប់ទៅជួបអូនវិញ!)
"អូននឹក!"
(បងក៏នឹកដល់អូនដូចគ្នាដែរ!)
ថេយ៉ុង ទម្លាក់ស្មាតហ្វូន គេក៏ស្រាប់តែយំឈូរចេញមករហាមដាបទឹកភ្នែកខុសប្លែកពីមុននេះដែលព្យាយាមទប់សឹងតែបែកប្រេះដើមទ្រូងទាំងមូលអស់ទៅហើយ។
ទិដ្ឋភាពបែបនេះ គេចាប់ផ្តើមជួបវា ម្តងហើយ ម្តងទៀត វាដូចជាស្ងប់ស្ងាត់សំឡេង ត្រូវមកអង្គុយញាំបាយតែម្នាក់ឯង គេងតែម្នាក់ឯង ថ្ងៃខ្លះក៏ពិបាកក្នុងខ្លួនព្រោះសុខភាពក៏ខ្សោយទៅៗនឹងមានអារម្មណ៍ហត់ចម្លែកតែខ្លួនពុំហ៊ានជម្រាបដល់ស្វាមីដែលរវល់ទុកដាក់ការងារតែម្នាក់ឯងឯណោះទៀត។
នៅក្នុងបន្ទប់ស្ងប់ស្ងាត់ជ្រងំ ថេយ៉ុង គេងមិនលក់ចេះតែសម្លឹងមើលរូបថតចាស់ៗដែលធ្លាប់មានពេលនៅក្បែរគ្នាយ៉ាងផ្អែមល្ហែមជាមួយស្វាមីទាំងទឹកមុខក្រៀមក្រំដូចមុនដដែល គេមើលបណ្តើរញញិមទាំងដំណក់ទឹកភ្នែកបណ្តើរ គេនឹកដល់ ជុងហ្គុក ណាស់ នឹកស្ទើរមិនជឿថាពេលខ្លះសូម្បីតែគេងក៏មានអារម្មណ៍រសាប់រសល់ ខ្លាចស្វាមីនៅឯខាងក្រៅលួចមានគំនិតទាក់ទងនឹងអ្នកណា ខ្លាចថាពេលខ្លះទៀត នាយធ្វើដំណើរទៅមកផ្លូវជិតឆ្ងាយមានសុវត្ថិភាពឬអត់ ខ្លាចសព្វ ខ្លាចគ្រប់ ខ្លាចរហូតដល់ដេកលែងស្ងប់ក៏មានដែរ។
You are reading the story above: TeenFic.Net