ជុងហ្គុក អង្គុយស្ងាត់ស្ងៀមខាងក្នុងបន្ទប់ខន់ដូ តែវាជាបន្ទប់ដាក់សម្ភារៈការងារតែប៉ុណ្ណោះ គេអង្គុយម្នាក់ឯងស្ថិតខាងក្នុងបន្ទប់ដ៏ត្រជាក់ល្ហឹម ពុំមាននរណាផ្សេងទៀតឡើយ ប៉ុន្តែក្រោយមកក៏បានប្រទះឃើញអំពីវត្តមាននាង ខារ៉ា ទើបតែដើរចូលមកជាមួយនឹងអីវ៉ាន់រយីករយោកយួរសំពីងសំពោងជាប់នឹងដៃ តែនាយពុំបានខ្វល់យកចិត្តទុកដាក់ ដ្បិតនោះជាការងាររបស់នាង នាយក៏មិនបានជួយឈឺឆ្អាលទៅជួយលើកទុកដាក់ឱ្យដែរ។
“ចំជាគ្មានចិត្តពិតមែន!” ខារ៉ា រអ៊ូរងូវៗក្នុងចិត្ត ហើយរហ័សរហួនដាក់អីវ៉ាន់ចុះ ព្រមទាំងដើរចូលទៅអង្គុយទល់មុខ ជុងហ្គុក ដែលកំពុងផ្តោតខ្សែភ្នែកសម្លឹងមើលអេក្រង់កំព្យូទ័រតែម្យ៉ាងគត់។
“លោកចង់ញាំទឹកក្រូចទេ?” នាងធ្វើជាសួរទាញយកចំណាប់អារម្មណ៍អ្នកកំលោះរូបស្រស់។
ជុងហ្គុក ងើបមុខចេញពីអេក្រង់កំព្យូទ័រ ហើយគ្រវីក្បាលហាក់មិនស្រេកឃ្លានឡើយ។
“អត់ទេ!” នាយឆ្លើយចប់តាំងចិត្តរៀនធ្វើការងាររបស់ខ្លួនបន្ត។ ចំណែកឯនាង ខារ៉ា ខាងណោះបានត្រឹមអង្គុយស្ងៀមធ្មឹងៗ ព្យាយាមចាប់សង្កេតសម្លឹងមើលចំហៀងផ្ទៃមុខបុរសឈាមត្រជាក់ទាំងឫកពាឃ្នើសចិត្ត។
“អ៊ីចឹងលោករៀនយល់ពីការចេញវិក្កយបត្រប្រចាំខែទៅចុះត្រូវចាប់ផ្តើមពីត្រង់នេះណា!” ខារ៉ា រៀបចំឯកសារដែលមានសំណេរពន្យល់ណែនាំអំពីការងារទៅបង្ហាញឱ្យ ជុងហ្គុក បានមើលលំអិតបន្ថែម។
“ខ្ញុំយល់ហើយ!” មិនទាន់បានពិនិត្យមើលឱ្យចប់ចុងចប់ដើមផង គេស្រាប់តែឆ្លើយម៉ាំងទៅកាន់នាងវិញ នាំឱ្យទឹកមុខនាងជើងល្អប្រែជាមិងមាំងៗខុសប្លែក។
“តែ..”
“ខ្ញុំប្រាប់ថា ខ្ញុំយល់ហើយ ថ្ងៃនេះបើមករៀនតែប៉ុណ្ណឹងទេ ខ្ញុំសុំទៅផ្ទះវិញហើយ ព្រោះមានការរវល់បន្ទាន់!”
“នៅមានការងារច្រើនទៀតណាស់ លោកមិនអាចបញ្ឈប់វាត្រឹមរយៈពេលប៉ុណ្ណេះបានទេ!” ខារ៉ា ចាប់ផ្តើមស្រែកគំហកហើយស្រវាចាប់ដើមដៃប្រុសកំលោះយ៉ាងជាប់ ដោយមិនភ្លេចដើរខិតចូលទៅកៀកជិត ហើយយកដើមទ្រូង Cup-C ទំហំ ៣៥ របស់នាងទៅប៉ះកកិតនិងដើមដៃធំមាំទាំសំដែងចរិតឫកពាមាយាស្រី ដ្បិតនាងជាកូនស្រីម្ចាស់ជំនួញលំដាប់ប្រទេស មានទាំងតម្លៃ មានទាំងកិត្តិយសខ្ពង់ខ្ពស់ខ្លាំងប៉ុណ្ណាក៏មិនអាចទាក់ទាញចិត្តគំនិតរបស់គេឱ្យងប់ងល់ខ្វល់ពីវត្តមានរបស់នាងបានដែរ។
“លែងដៃខ្ញុំ!” ទម្ងន់ប្រយោគដ៏មុតស្រួចបន្លឺ ចំពោះមុខស្រីក្រមុំញ៉ាំងឱ្យខ្សែភ្នែកក្រហមឆ្អៅសម្លឹងមើលមុខនាងឥតធ្មេចមួយប៉ប្រិចណានោះសោះ។
“....” នាងស្ងាត់ឥតស្រដីព្រោះរវល់ជាប់គាំងនឹងទឹកមុខចងទៅដោយកំហឹងមួយនោះ។
“ថាឱ្យលែងដៃ!” សូរសម្រែកលាន់ខ្ទរខ្ទ័របន្ទរឡើងទ្រហឹង ស្រីតូចស្រាប់តែភ្ញាក់ខ្លួនព្រើតហើយធ្មេចត្របក់ភ្នែកញាប់រន្ថើន។
“លោក..” ដោយឃើញថានាងនេះមុខក្រាស់ដេញចេញយ៉ាងណាក៏មិនព្រមហើបជើងទើបនាយរលាស់ដៃចេញអស់ទំហឹងកម្លាំងមនុស្សប្រុស ធ្វើឱ្យស្រីល្អខ្ជាត់ប្រាណដកថយទៅម្ខាងយ៉ាងផុយស្រួយ។
“ខ្ញុំមកហ្វឹកហាត់ការងារ មិនមែនមកអង្គុយមើលស្រីសោភិនីលក់ខ្លួន!”
ឌឿក!!!
មួយប្រយោគនេះ ធ្ងន់បីដូចជាដុំថ្មរាប់រយគីឡូគប់ចំកណ្តាលមុខឱ្យឈឺចុកចាប់ ចត់បាយរកថាមិនត្រូវឡើយ រីឯនាងជើងល្អពូកែប្រើមាយារាប់សិបភ្លេចទាក់ចិត្តមនុស្សប្រុសល្ងង់ៗមករាប់មិនអស់ឯណោះ បានត្រឹមតែឈរឥតសុខចិត្ត ឈឺចិត្ត ខឹងចិត្ត ចង់តែស្រែកឱ្យបែកដើមទ្រូងស្លាប់នៅចំពោះមុខគេទេ។
“លោកមិនត្រេកត្រអាល?” កោតតែនាងចេះសួរអ៊ីចឹងទៅរួច មុននេះនាងថ្លង់ ឬត្រចៀកនាងមានបញ្ហាទៅ?
“សូម្បីតែមួយចំហៀងកូនដៃ នាងធៀបស្មើប្រពន្ធខ្ញុំមិនបានផង ស្រីកខ្វក់!” ជុងហ្គុក កាន់តែទ្រាំមិនបានមើលទៅនាងនេះជេរមិនខ្ចីឈឺសោះ ទើបគេចាក់មួយប្រយោគទៀត ទម្លុះចំកណ្តាលដើមទ្រូងស្រីរាយប៉ាយ ព្រមទាំងញោចមាត់ញញិមចុងមាត់ចំអកទាំងខ្ពើមកិរិយាមាយាទនាង ខារ៉ា គួរឱ្យជ្រេញ។
“លោក..”
“ចេញឱ្យឆ្ងាយពីជីវិតរបស់ខ្ញុំ ហើយហាមមកបង្ហាញមុខឱ្យខ្ញុំឃើញទៀត បើនាងមិនចង់ត្រូវធ្ងន់ជាងនេះ នាងគួរតែយល់អំពីអ្វីដែលខ្ញុំបានអះអាងមុននេះហើយ!”
ជុងហ្គុក ដៀងកន្ទុយភ្នែកដាក់នាងជើងល្អ មុននឹងបោះជំហ៊ានដើរចេញទៅដែលធ្វើឱ្យ ខារ៉ា កើតចិត្តខឹងសម្បារឈរសង្កួតធ្មេញស្រក់ទឹកភ្នែក នៅពេលដែលនាយដើរចេញទៅផុតបាត់ស្រមោលឈឹង កំហឹងក្នុងភ្លើងចិត្តទាំងប៉ុន្មាន ក៏បានព្រលែងចេញមកយ៉ាងគួរឱ្យខ្លាច។
“អាយ!!!!” ខារ៉ា ស្រែកយកៗ លើកដៃជជុះញីសក់ត្រកួតជើងស្រែកទាំងភាពឈឺចាប់។ នាងស្ទុះវឹងទៅចាប់យកទូរស័ព្ទមកចុច ហើយរាវរកលេខដៃគូដ៏អាក្រក់របស់ខ្លួនដែលនៅតាមខ្សែរយៈម្ខាងទៀតនោះ។
“ឯណានាងថាគេនោះ ងាយស្រួលល្បួងលួងលោមដូចជាបងប្រុសរបស់គេ?”
(នាងស្ងប់អារម្មណ៍សិនទៅ បើពេលនេះគេមិនព្រម ពេលក្រោយគេគង់តែគេចមិនផុតដដែលទេ!)
“ត្រូវរង់ចាំដល់ពេលទៀត? រង់ចាំរហូតដល់ពេលដែលគេនុះជេរដៀលក្បាលខ្ញុំអស់សក់ពីក្បាលទៅទាំងអ៊ីចឹងមែនទេ?”
(តែបើនាងប្រកែកមិនព្រមរង់ចាំ ចុងក្រោយនាងនិងមិនអាចទទួលបានអ្វីទៅទាំងអស់ គីម ខារ៉ា)
ខារ៉ា យំសោកមិនសុខចិត្ត នាងតស៊ូមកបានជំហ៊ាននេះទៅហើយទម្រាំបានចូលក្បែរលោក ហ្វីឌ័រ អាចបានបញ្ចុះបញ្ចូលគាត់ ឱ្យយល់ព្រមទទួលយកនាងទៅជួយបង្ហាត់បង្រៀន ជុងហ្គុក វាមិនមែនជារឿងងាយស្រួលឡើយ នាងអាចចូលក្បែរគាត់បាន ដោយសារតែគាត់ស្គាល់ប៉ារបស់នាង ស្គាល់ពីពូជពង្សាវតាររបស់នាងច្បាស់ទើបគាត់អនុញ្ញាត ហើយទុកចិត្តថានាងអាចជួយស្រោចស្រង់ចំណេះវិជ្ជាកូនប្រុសធម៌របស់គាត់បាន បើដឹងថានាងចោលម្សៀត គ្មានកំណើតអ៊ីចឹង គាត់ក៏មិនយល់ព្រមអូសទាញនាងឱ្យមកនៅក្បែរដែរ។
(នាងត្រូវគិតឱ្យច្បាស់ ឱ្យមែនទេន មុនពេលសម្រេចចិត្តធ្វើវា!)
“ខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ!” ខារ៉ា ចុចបិទទូរស័ព្ទ រហ័សលើកដៃជូតទឹកភ្នែក រម្ងាប់សតិបន្តិច មុននេះនាងខ្វះការពិចារណាហាក់ដូចជាខ្វារ-ក លឿនខ្លាំងពេក ទើបបុរសម្នាក់នោះហ៊ានមើលរំលងពីរូបសម្ភស្សនិងកិត្តិយសរបស់នាងបាន។
@ភូមិគ្រឹះគីម
លោកស្រី ហ្គូហ្សិន ទំនេរពីការងារ នៅឯតាមខេត្តទើបតែត្រលប់មកផ្ទះថ្ងៃនេះវិញទេ ដើមឡើយគាត់មិនបានដឹងរឿងឡើយថា ថេយ៉ុង រើចេញពីផ្ទះជាមួយ ជុងហ្គុក ទៅរស់នៅឯណានោះដែរ។
ពាក្យចាស់ពោលថា ម្តាយជេរទៅ ហៅមក បានបំផុសឡើងក្នុងសតិបញ្ញារបស់គាត់ នាំឱ្យស្ត្រីចំណាស់យំសោកទ្រហោ ដ្បិតបានដឹងថា ថេយ៉ុង ពុំបានទៅមើលការខុសត្រូវនៅឯហាងពេជ្រឡើយ មួយរយៈនេះគាត់មិនសូវបានផ្តល់លុយកាក់ឱ្យគេចាយវាយពេញៗដៃដូចកាលពីមុនទៀតដែរ គាត់ជាម្តាយរបស់គេ គាត់ច្បាស់ជាដឹងថាកូនប្រុសរបស់គាត់ មិនអាចធ្វើអ្វីបានក្រៅពីលាដៃសុំលុយ ការងារទូទៅក៏មិនដែលប្រលូកចូលធ្វើ រស់នៅជាមួយម្តាយស្រណុកព្រឹកល្ងាច ម្ហូបអាហារ ញាំចម្អែតក្រពះមិនដែលខ្វះមុខក្រោយ សម្លៀកបំពាក់ ប្រាក់កាក់ត្រូវការចាយវាយ ហូរហៀរពេញៗដៃ ពុំដែលលំបាកនោះឡើយ។
“យើងមិននៅផ្ទះច្រើនថ្ងៃ ហេតុអីគ្រប់គ្នាបណ្តោយឱ្យកូនយើងទៅចោលយើង?” គាត់ស្រែកសួរគ្រប់គ្នា សួរទាំងទ្រូងចុកឆ្អល់អនេកខ្លាំងណាស់ បើរំពឹងលើ ជុងហ្គុក មិនដឹងថាគេអាចមើលថែ ថេយ៉ុង បានដិតដល់ដូចជាគាត់ដែលជាម្តាយឯណេះឡើយ។
“លោ..លោកស្រី អ្នកប្រុស ថេយ៉ុង ចេញទៅបានមួយសប្តាហ៍ហើយ!”
“វាទៅណា? វាទៅនៅឯណា បើឡានក៏វាមិនយកទៅជិះលុយក្នុងទូរនៅគ្រប់ចំនួនទាំងអស់បាត់តែខោអាវប៉ុន្មានកុមភ្លេ ប៉ាវា..ប៉ាវានៅឯណា!” លោកស្រីហ្គូហ្សិន ស្រែកឡូឡាដង្ហោយហៅស្វាមីទាំងកែវភ្នែកដក់ដាបទៅដោយសំណើមសថ្លា គាត់យំទ្រហោឮៗហើយថែមទាំងស្រែកទាល់តែស្អករងុំថែមទៀត។
“វាកើតស្អីឯងអាហ្គូ?” លោក ឆយ តបឆ្លើយដោយប្រើខ្សែភ្នែកងឿងឆ្ងល់សម្លឹងទៅកាន់ភរិយា។
“ទៅ..ទៅតាមរកអាពៅមកផ្ទះវិញមក!”
“ទៅរកនៅឯណា បើវានេះបាត់ស្រមោលសូន្យឈឹង ទូរស័ព្ទទៅក៏មិនចូល? មិនលើក?”
“មិនដឹងជាស្អីទេអ្នកម៉ាក់ ប្រុសពៅធំណាស់ណាទៅហើយនៅតាមតោងទាមស្អិត ធ្វើមើលតែកូននៅតូច ទៀត មានជុងហ្គុកនៅក្បែរមួយទាំងមូលទៅហើយ ទៅបារម្ភធ្វើអីទៀត?” ថេអីន តបបន្ទរតាមក្រោយសម្តីឪពុកព្រមទាំងដៀងខ្សែភ្នែកសម្លឹងមើលកែវភ្នែកយំទួញសោកមិនអស់ចិត្ត មិនអស់អាល័យពីកូនប្រុស ទាំងដង្ហើមដកស្ទើរផុតម្តងម្កាល់។
“ធ្វើម៉េចឯងចេះគិត បើឯងស្អប់ប្អូន មិនចាត់ទុកវាដូចជាបងប្អូនជាប់សាច់ឈាមនិងគ្នាផងនោះ!”
“តែគេធំហើយ!”
“នាងឯងកុំចេះតែនិយាយ សព្វថ្ងៃបើយើងមិននៅមើលថែឃុំគ្រងវា មិនដឹងថានាងឯងនេះ ខាំហែកសាច់វាស៊ីយ៉ាងណាទេ ជាបងស្រីគេ ចោលម្សៀតខ្លាំងណាស់!”
លោកស្រី ហ្គូហ្សិន បន្តស្រែកយំឮៗ សូរគគ្រូក ព្រមទាំងចាត់ចែងឱ្យគេឯងតាមរក ថេយ៉ុង មិនឱ្យលុះពេលថែមទៀត បើទូរស័ព្ទគេទំនាក់ទំនងទៅចូលមានការតបឆ្លើយ គាត់ក៏មិនសូវបារម្ភ តែបើគេទៅស្ងាត់បាត់សូន្យឈឹង ក្នុងទ្រូងគាត់ហេលហាល ដេកមិនលក់បក់មិនល្ហើយឡើយ។
“មិនព្រមងាប់ឱ្យបាត់មុខ បាត់ៗទៅ!”
“ថេអីន!!!” ឆាងវ៉ុន គំហកដាក់ភរិយា មើលទៅនាងកាន់តែអាក្រក់យង់ឃ្នងពីមួយថ្ងៃទៅមួយថ្ងៃហើយតើស។
“បងនៅបារម្ភពីវាអ្ហេស?”
“តែគេជាប្អូនថ្លៃបង ជុងហ្គុក ក៏ជាប្អូនប្រុសរបស់បងដែរ បើបងមិនគិត មិនបារម្ភពីគេ ឱ្យគ្រប់គ្នាមើលមកថាបងនេះជាបងប្រុសគ្មានចិត្តថ្លើមទាំងអ៊ីចឹងទៅមែនទេ?”
ឆាងវ៉ុន គ្រវីក្បាលសឹងតែដាច់ មិននឹកស្មានថាភរិយាមានចិត្តថ្លើមនិងបេះដូងខ្មៅងងឹតដល់ថ្នាក់នេះសោះ។
@អាផាកមីន៍
អូនសំឡាញ់!!
ថេយ៉ុង ភ្ញាក់ខ្លួនព្រើតកាលបើឮសូរសម្រែកស្វាមីពីក្រោយខ្នងទាំងអារម្មណ៍មិងមាំង កាលពីព្រឹកប្រាប់ថារវល់ណាស់ ក្រោយមកក៏មកបង្ហាញវត្តមានក្នុងអាផាកមីន៍វិញភ្លាមៗ។
“ម្តេចក៏មកវិញ?”
“បងខ្ជិលហ្នឹងណា..” ជុងហ្គុក ឆ្លើយហីៗរួចដាក់គូទអង្គុយចុះទៅលើសាឡុងសម្លឹងមើលទូរទស្សន៍ទាំងទឹកមុខស្អុយប៉ែ។
“មានអីឬអត់?” ថេយ៉ុង មិនស្ងប់ចិត្តតាមទៅសួរស្វាមីបន្ថែម។
“មាន..តែបើបងនិយាយទៅ..នាំតែអូនមានអារម្មណ៍មិនល្អ!” បើគេថាដូច្នោះទៅហើយ អ្នកដែលទន្ទឹងរង់ចាំស្តាប់កាន់តែអន្ទះសារក្នុងចិត្តទៀតហើយ។
“បងឆាប់និយាយភ្លាមមកជុង!” ថេយ៉ុង ហេលហាលក្នុងទ្រូងណាស់បើមិនបានស្តាប់សោះនោះ។
“គឺ..” ជុងហ្គុក ចាប់ផ្តើមរៀបរាប់តាមដំណាលរឿងកាលពីព្រលឹម ស្តាប់ហើយ ថេយ៉ុង ក៏មិនបានខឹងសម្បារស្អីណាស់ណាក្នុងចិត្តដែរ ព្រោះដឹងពីច្បាប់ទម្លាប់មនុស្សស្រីហាច់ហើរអស់នោះ។
“ហើយចុះបង? ពេលគេឱ្យដៃហៅដល់កន្លែងអ៊ីចឹងទៅមានអារម្មណ៍យ៉ាងម៉េចដែរ?”
“ប្រពន្ធបងស្អាតជាង មានជំនាញជាង អូនគួរឱ្យស្រឡាញ់ជាងនាងនោះឆ្ងាយណាស់ បងនេះអ្ហេសសុខចិត្តចោលពេជ្រទៅរើសដុំថ្មនោះ?” ថេយ៉ុង ញញិមខ្ជឹបហក់ទៅថើបគ្រញីបបូរមាត់ស្វាមីតាមដោយចិត្តគ្រឺតក្នាញ់។
“ពូកែនិយាយណាស់..ថ្ងៃនេះអូនត្រូវតែផ្តល់រង្វាន់ធំៗឱ្យបងហើយទើបបាន!” ថេយ៉ុង កញ្ជ្រោលស្ទុះឡើងជិះលើចង្កេះស្វាមី លូកដៃទៅចាប់ទាញគ្រាប់ឡេវអាវនាយប្រឡេះចេញម្តងមួយគ្រាប់ៗ។
តុតុ//
“អ្នកណាមករក?” ជុងហ្គុក ធ្វើមុខភ្ញាក់ផ្អើលស្ទុះស្ទាក្រោកកាលឮសូរសំឡេងគោះទ្វារលាន់រណ្តំត្រចៀក។
ក្រាក!!
“ម៉ាក់!!”
“ថេយ៍!” ថេយ៉ុង សម្លឹងមើលមុខម្តាយទាំងខ្សែភ្នែករលីងរលោង ព្រមទាំងរំជើបរំជួលព្រោះភាពចុកណែនក្នុងទ្រូងអួលអនេក។
“ឯងមកចោលម៉ាក់បែបនេះបានយ៉ាងម៉េចកូន?” គាត់និយាយដោយភាពឈឺចាប់ គាត់ខ្លាចថាកូនរស់នៅពិបាកគ្រប់យ៉ាង បន្ទាប់ពីគ្មានវត្តមានរបស់គាត់នៅមើលថែទាំគេ។
“ម៉ាក់ខ្ញុំមិនអីទេ!” ថេយ៉ុង ពោលពាក្យញ័របបូរមាត់ចំប្រប់ហើយស្រវាចាប់ក្រសោបមុខម្តាយជូតដំណក់ទឹកភ្នែកថ្លាយង់ដែលហូរស្រក់តក់ៗបន្តកន្ទុយគ្នា។
“ម៉ាក់កុំយំអី ខ្ញុំមិនអីពិតមែនណាម៉ាក់!”
“ហ៊ឹកៗ..ឯងខានរស់នៅជាមួយម៉ាក់ច្រើនឆ្នាំហើយ ពេលនេះឯងគិតចង់ទៅណាចោលម៉ាក់ទៀត?” លោកស្រីហ្គូហ្សិនយំអណ្តឺតអណ្តក់ គាត់មិនដែលបែបពីមុនមកទេ ប៉ុន្តែថ្ងៃនេះគាត់ស្រាប់តែយំសោកសម្បើមណាស់ធ្វើឱ្យចិត្តរបស់គេតឹងណែនស្ទើរតែប្រេះបែកអស់ទៅហើយ។
“ម៉ាក់..ម៉ាក់ខ្ញុំសូមទេាស!” ថេយ៉ុង ក៏មិនចង់មើលឃើញសភាពរបស់គាត់បែបនេះទៅរហូតនោះដែរ គេក៏សោកស្តាយហើយក៏នឹកដល់ទោសកំហុស តែពេលនេះគេមានគ្រួសារ មានជីវិតគូរួចទៅហើយ បើឱ្យគេវិលត្រលប់ទៅរស់នៅជាមួយគាត់ទៀតគេធ្វើមិនបាននោះទេ។
You are reading the story above: TeenFic.Net