អរគុណសម្រាប់ខមិនយ៉ាងច្រើនក្នុងភាគមុន អរគុណមែនទែន
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី១៣
"មកដល់ឃើញថាម៉ាដាមមិនបានកើតអី ពួកខ្ញុំក៏សប្បាយចិត្តទាន៎ ពួកខ្ញុំនឹងជម្រាបប្រាប់ទៅលោកម្ចាស់ភ្លាម" ខណៈនាងតូចកំពុងតែឈរសញ្ជឹងគិតពីបំណងពិតប្រាកដរបស់ស្វាមី កូនចៅទាំងពីរនាក់នោះក៏នាំគ្នាលូកមាត់ ដូចជាសុំខ្លួនត្រឡប់ទៅប្រាប់ចៅហ្វាយប្រុសវិញ ហ្វាន៍លីងក៏មិនបាននិយាយអីដែរ មានតែរកឯកសារជូនចៅហ្វាយស្រីបន្ត ពេលនេះក៏មានតែមាល៍លីនម្នាក់ប៉ុណ្ណោះដែលងាករ៉េភ្នែក ហើយក៏សំឡឹងមើលទៅកូនចៅរបស់ស្វាមីមិនដាក់ភ្នែក។
"ពួកលោកបានញ៊ាំអាហារអីហើយរឺនៅ?" សំនួរមួយដែលគ្រាន់តែលឺភ្លាមកម្លោះៗទាំងនោះក៏បើកភ្នែកធំៗរួចងាកមើលមុខគ្នាទៅមកដូចជាភ្ញាក់ផ្អើលខ្លាំងបំផុត ធ្វើដូចជាតាំងពីដើមមកគ្មាននរណាសួរពួកគេបែបនោះសោះ។
"ពួកលោកលឺខ្ញុំសួរទេ?" មាល៍លីនឃើញពីភាពចម្លែករបស់ពួកគេ ទើបបានជានាងផ្ទួនសំនួរទើបតែសួរប៉ុន្មានវិនាទីមួយនោះឡើងជាថ្មី។
"គឺនៅទេលោកស្រី តែពួកយើងនឹងចូលទិញអ្វីញ៊ាំតាមផ្លូវទៅវិញទាន៎"
"មិនចាំបាច់ចំណាយលុយច្រើនទេ មកតាមខ្ញុំទៅផ្ទះបាយទៅ ចាំខ្ញុំធ្វើអាហារឲ្យពួកលោកញ៊ាំចុះ"
"ក៏ប៉ុន្តែម៉ាដាម.."
"ចាត់ទុកថាជាការអរគុណដែលពួកលោកខំស្កាត់មកមើលខុសត្រូវសុខទុក្ខខ្ញុំទៅចុះណា៎ មោះឲ្យឆាប់ឡើង" មាល៍លីនក៏មិននៅនិយាយច្រើន នាងងាកបែរមករៀបចំឯកសារសំខាន់ៗទុករួចទើបនាងដើរនាំផ្លូវអង្គរក្សទាំងពីរនាក់នោះ ពួកគេទាំងបីនាក់បូករួមទាំងហ្វាន៍លីងក៏អោនក្បាលជូនដំណើរចៅហ្វាយស្រីរួចទើបឈរត្រង់ខ្លួន មិនភ្លេចសំឡឹងមើលអ្នកមានតួនាទីប្រហាក់ប្រហែលគ្នានោះ។
"ម៉ាដាមមើលទៅដូចជាមិនអាក្រក់អីទេ ចុះហេតុអីបានជាលោកម្ចាស់មើលទៅដូចជាស្អប់ម៉ាដាមម៉្លេះ?"
"ពួកឯងមិនដែលលឺពាក្យមួយឃ្លាថា«ស្អប់ជំពប់លើ» ទេហ្អេស៎?" ពួកគេទាំងបីនាក់ក៏មានសន្ទនាជាមួយគ្នាតិចតួច ដោយប្រុសៗបញ្ចេញអារម្មណ៍ហាក់មិនយល់ពីអ្វីដែលកើតឡើងនោះ មានតែម្នាក់ប៉ុណ្ណោះ មានតែហ្វាន៍លីងប៉ុណ្ណោះដែលមើលទៅដូចជាយល់អ្វីដែលជាបំណងរបស់ចៅហ្វាយប្រុសច្បាស់។
"ម៉ាដាមមើលទៅក៏ដូចជាមិនប្រកាន់ខឹងលោកម្ចាស់ដែរ គាត់តែងតែទន់ភ្លន់តបនឹងសម្ដីគម្រោះគម្រើយរបស់លោកម្ចាស់ នាងគិតថានេះជាវិធីបន្ទន់ចិត្តលោកម្ចាស់ដែរទេ?" ហ្វាន៍លីងក៏មិនទាន់ឆ្លើយតប នាងយកសម្ដីទាំងប៉ុន្មានរបស់កម្លោះៗមកគិត នាងក៏ស្រាប់តែបែរភ្នែកមើលទៅពួកគេវិញ។
២០នាទីកន្លងផុត..
ការទទួលទានអាហារនិងភេសជ្ជៈយ៉ាងឈ្ងុយឆ្ងាញ់ក៏ត្រូវបានកន្លងផុត ពួកគេទាំងបី ជាពិសេសគឺកម្លោះអង្គរក្សទាំងពីរនាក់នោះ ពួកគេផ្អែកខ្នងនិងកៅអីនៅតុអាហារនោះរួចបង្ហាញទឹកមុខភ្លឺថ្លាព្រោះបានហូបអាហារឆ្អែតពោះ។
"អាហារទាំងនេះយ៉ាងមិចដែរ? នេះខ្ញុំធ្វើសុទ្ធតែជាអាហារបែបជប៉ុនណា៎"
"រសជាតិពិសេសណាស់ម៉ាដាម នេះបើសិនជាមិនដឹងថាម៉ាដាមជាអ្នកធ្វើទេ ខ្ញុំប្រហែលជាគិតថាចុងភៅមកពីភោជនីយដ្ឋានល្បីធ្វើជាមិនខានឡើយ"
"មែនហើយៗ" ពួកគេទាំងបីនាក់ក៏ត្រូវដងត្រូវផ្លែគ្នាសរសើរស្នាដៃចៅហ្វាយស្រីមិនដាច់ពីមាត់ ហ្វាន៍លីងឯណោះនាងក៏ងក់ក្បាលផង មាត់នៅដួសបង្អែមដាក់មាត់មិនឈប់ មាល៍លីនវិញ ឃើញអ្នកជុំវិញខ្លួនពេញចិត្តនិងរសជាតិអាហារបែបនេះ នាងក៏មានតែញញឹមសប្បាយចិត្ត តែខណៈពេលដែលកំពុងតែញញឹម អារម្មណ៍មួយទៀតក៏លោតឡើងក្នុងខួរក្បាលនាង កាលបើនាងក្រឡេកមើលទៅអាហារបែបជប៉ុនដែលនាងបានធ្វើនោះ។
(អាហារទាំងនេះ សុទ្ធតែជាអាហារដែលលោកប៉ាចូលចិត្ត ខ្ញុំនឹកផ្ទះ នឹកប៉ាណាស់)
ត្រឡប់ទៅមើលសណ្ឋាគារឯណោះវិញ ក្រោយបញ្ជូនកូនចៅឲ្យត្រឡប់ទៅភូមិគ្រឹះដើម្បីមើលប្រពន្ធរួចមក គេក៏បែរជានៅមិនសុខព្រោះតែដំណឹងក៏មិនដឹង ហើយកូនចៅបញ្ជូនទៅទាំងពីរទាំងបីនោះក៏មិនឃើញមកវិញទៀត មេឃចង់ងងឹតទៅហើយ។
"នេះវាទៅងាប់តាមស្រីម្នាក់នោះហើយក៏យ៉ាងមិច? បានជាថ្មើរនេះហើយនៅមិនទាន់មកទៀត?" ជុងហ្គុកអង្គុយលើកៅអីផ្ដៅក្នុងបន្ទប់សណ្ឋាគារឯណោះ ដៃក៏កាន់ទូរសព្ទ័ចុចមើលរហូតមិនឈប់។
"គួរឲ្យស្ដាយណាស់ យើងគួរតែភ្ជាប់កាំមេរ៉ាសុវត្ថិភាពចូលទូរសព្ទ័នេះ" ចាំកាន់តែយូរ ខួរក្បាលគេក៏កាន់តែនឹកឃើញរឿងក្ដៅក្រហាយចិត្តច្រើនថែមទៀត គេគួរណា៎តែត្រឡប់ទៅមើលខ្លួនឯង ព្រោះប្រើកូនចៅទៅមើលវាមិនបានលឿនទាន់ចិត្តបែបនេះ។
(ចៅហ្វាយ! ពួកវាមកវិញហើយទាន៎)
ប្រឹប!
គ្រាន់តែអ្នកនៅខាងក្រៅគោះទ្វារប្រាប់ភ្លាម អ្នកដែលកំពុងតែរសាប់រសល់នៅមិនស្ងៀមមុននោះក៏ក្រោកឡើងប្រោក ត្រៀមខ្លួនស្ដាប់ដំណឹងនោះជាស្រេច។ គេកំពុងតែអន្ទះអន្ទែងចិត្តសឹងតែស្លាប់ ក្រឡេកមើលទៅកូនចៅគេទាំងពីរនាក់ឯណោះវិញ មុខមាត់សើចក្អាកក្អាយហើយថែមទាំងធ្វើដូចជាគ្មានភារកិច្ចអ្វីជាប់ជាមួយខ្លួនទៀត។
You are reading the story above: TeenFic.Net