ភាគ៤៩៖ថេយ៍រៀបការជាមួយបងម្តងទៀតណា?

Background color
Font
Font size
Line height

      ថេយ៉ុង ស្ថិតក្នុងបន្ទប់មួយតែពីរនាក់និងវត្តមានបងស្រី ប្រអប់ដៃក្តៅគគុកក៏បានលូកចូលទៅស្ទាបប៉ះអង្អែលដំណក់ទឹកភ្នែកថ្លាយង់ដែលហូរគ្មានដែនកំណត់លើផ្ទៃមុខដ៏សោកសៅមួយនោះ ខំប្រឹងជូតកៀសទាំងដើមទ្រូងចុកឆួលជំនួសសមីខ្លួន។

      ដើមឡើយ បុរសម្នាក់នោះបានដើរចូលមកក្នុងជីវិតរបស់ពួកគេទាំងពីរនាក់បងប្អូន រហូតដល់បានធ្វើឱ្យទំនាស់មួយបានកើតឡើង បញ្ហាល្អក់កករចាក់ស្រែស ទាំងពាក្យសម្តីនិងការមើលមុខគ្នាលែងចំ ភាពចម្រូកចម្រាស់ ការច្រណែន ឈ្នានីស ឫស្យា បូករួមបញ្ចូលទាំងការឈឺចាប់ សរុបសេចក្តីមកអ្នកទាំងពីរទទួលបានការឈឺចាប់ស្មើរៗគ្នា ព្រោះតែភាពលោភលន់ មិនច្បាស់លាស់ ការចូលចិត្តសាងជម្លោះ ព្រមទាំងបង្កើតនូវរឿងរ៉ាវដ៏ស្មុគស្មាញប្រកែកប្រកាន់ទោសចំពោះគ្នាមិនចេះចប់មិនចេះហើយទើបនាំឱ្យជីវិតពោពេញទៅដោយរឿងដ៏រញេរញៃបែបនេះឡើងមកបាន។

      “បងស្រី!!” ថេយ៉ុង បង្ហើបបបូរមាត់ដង្ហោយហៅម្ចាស់រាងកាយញ័រទទ្រើកកំពុងអង្គុយយំញ័រស្មាចំប្រប់ទាំងសំឡេងខ្សឹកខ្សួរញ័រឮសូររដឹករណ្តំត្រចៀក។

      “ហ៊ឹកៗថេយ៍!” ថេអីន ស្ទុះចូលទៅអង្គុយឱបប្អូនប្រុស ដោយដាក់ក្បាលផ្អែកទៅលើដើមទ្រូងតូច ទ្រហោយំដោយសេចក្តីសោកស្តាយចំពោះទោសកំហុសដែលបានសាងឡើងកាលពីកន្លងទៅ។

      “ចង់និយាយអ្វី បងក៏ឆាប់និយាយវាចេញមកកុំលាក់ទុកបន្តទៀតអី បើនិយាយចេញមកហើយ អាចធ្វើឱ្យបងបានធូរចិត្ត កុំបន្តបៀមទុក្ខទាំងនេះទៀតអី!”

      “ហ៊ឹកៗ បងសោកស្តាយ..បងសោកស្តាយខ្លាំងណាស់ ថេយ៍!”

      នាងយំអស់ពីក្នុងខ្លួន ទឹកភ្នែកមនុស្សស្រីទន់ខ្សោយហូរលែងមានទំនប់ វាហូរបីដូចជាបាក់ច្រាំងមកទាំងលំហូរ នាងយំមិនលុះពេលមួយថ្ងៃណាសោះ ជីវិតរបស់នាងដូចបានស្រោចស្រពទឹកសម្បថកម្មពៀរ ទោះព្យាយាមលុបលាងយ៉ាងណា ក៏មិនអាចរីងស្ងួតបានដែរ។

      “បងគិតខុស បងមិនគួរដោះដៃគេចោល បងមិនគួរធ្វើឱ្យជីវិតមនុស្សប្រុសពីរនាក់មកឈឺចាប់ក៏ដោយសារតែបង បងសោកស្តាយ ហ៊ឹកៗបងសោកស្តាយខ្លាំងបំផុត!!”

      “បងកុំបន្ទោសខ្លួនឯងទៀតអី..ជីវិតមនុស្សម្នាក់ៗតែងតែមានភាពស្មុគស្មាញ រញេរញៃ ភាពមិនចុះសម្រុង នរណាៗក៏ធ្លាប់ជួប សោកស្តាយទៅ ក៏វិលត្រលប់មកជួសជុលប៉ះប៉ូវវិញលែងបានដូចដើមដដែល ដូច្នេះហើយបងគួរតែរៀនកាត់ចិត្តពីវា ត្រូវគិតថាបច្ចុប្បន្ននេះបងរស់នៅជាមួយអ្នកណា បុរសម្នាក់ណាដែលជាអ្នកមើលថែបង យល់ព្រមទទួលយកបង ទោះបងប្រែក្លាយទៅជាអ្វី ក៏គេមិនគិតបោះបង់បងចោល គ្មាននរណាម្នាក់ចង់រស់នៅឈឺចាប់ទៅមុខរហូតនោះទេ បងត្រូវតែរឹងប៉ឹងឡើងណា ដើម្បីកូន ថេអីន!”

      ថេយ៉ុង ដាស់តឿននាងជាច្រើនប្រយោគណាស់ បងស្រីមានតែម្នាក់ គេក៏មិនអាចទុកនាងចោលឱ្យជួបការលំបាកតែម្នាក់ឯងបានដែរ នាងឈឺចាប់គេក៏ឈឺ មិនមែនថាឃើញនាងកំពុងយំហើយ មិនដាច់ចិត្តលើកដៃជូតទឹកភ្នែកឱ្យនាងនោះដែរ។

      “ហ៊ឹកៗ..បងកំពុងសួរខ្លួនឯង ហេតុអ្វីបងល្ងង់យ៉ាងនេះ? ហេតុអីទៅ?”

      “រឿងវាកន្លងហួសទៅហើយ បណ្តោយតាមកម្មរបស់វាទៅបង បងកំពុងមានកូនផង កុំគិតច្រើននាំស្មុគស្មាញប៉ះពាល់ដល់សុខភាពបងនិងកូនក្នុងផ្ទៃ បងគួរសម្រាកឱ្យបានច្រើន ហើយប្រើពេលវេលាដែលនៅសេសសល់រស់នៅឱ្យមានក្តីសុខបំផុត កុំគិតច្រើនទៀតអីណា ខ្ញុំឱ្យកម្លាំងចិត្តដល់បង!” ថេអីន ព្រមស្ងាត់ឈប់យំ រក្សាចិត្តដែលអាចនៅសេសសល់ភាពរឹងមាំក្នុងដើមទ្រូង ខំប្រឹងលេបដង្ហើមទាំងលំបាកតែនាងតស៊ូទៅមុខទៀតរួចទោះជាពិបាកយ៉ាងណាក៏ព្យាយាមព្រលែងការឈឺចាប់និងគំនិតស្មុគស្មាញបោះបង់ចោលឱ្យអស់ពីបង្វិចសម្ពាយកម្មទាំងអស់នេះដែរ។

      “ថេយ៍!!!” នាងហៅឈ្មោះគេយ៉ាងអួលដើមក។

      “ឈប់យំទៀតទៅ វាចប់ហើយបង បណ្តោយឱ្យគេទៅតាមជីវិតដែលគេចង់ទៅចុះ!” ថេយ៉ុង ជូតទឹកភ្នែកឱ្យនាងម្តងទៀត ព្យាយាមលួងលោមនាងមិនឱ្យគិតដល់រឿងអតីតកាល នាំតែសៅហ្មងផ្លូវចិត្តទៀតឡើយ។

      “បងអរគុណថេយ៍ច្រើនណាស់ ដែលជួយនិយាយឱ្យបងបានធូរស្បើយក្នុងចិត្ត!”

      “មិនអីនោះទេ យ៉ាងណាក៏ខ្ញុំពេញចិត្តនៅក្បែរបងគ្រប់ពេលស្រាប់ទៅហើយ!”

      “ហ្អឹម!!” នាងងក់ក្បាល ប្រញាប់ឱបក្រសោបប្អូនប្រុសតាមដោយស្នាមញញិមកក់ក្តៅមួយឡើងម្តងទៀត។
     
      ហាងស្រា...

      ជុងហ្គុក មកកំដរបងប្រុសផឹកស្រាចាប់តាំងពីថ្ងៃរសៀលរហូតឈានចូលដល់ពេលក្បាលព្រលប់ ប៉ុន្តែ ឆាងវ៉ុន នៅតែបន្តផឹកមិនទាន់ចង់ឈប់ទៀត។ គេផឹកអស់ជាច្រើនកែវខ្លាំងណាស់ ដបស្រានៅរាយប៉ាយពេញខាងលើតុស្អេកស្កះ គេក្លាយជាជនប្រមឹកបែបនេះតាំងតែពីពេលណាមក ផឹកស្រាសាបដូចផឹកទឹកទៅហើយ តែហេតុអ្វីគេនៅតែបន្តផឹកហើយផឹកទៀត បើគ្មានរឿងគួរឱ្យគិត ហេតុអីគេបន្តផឹកទាំងកែវភ្នែកកំពុងជ្រាបផ្សើមសំណើមឧណ្ហៗ យ៉ាងក្រហមរងាល ឬមួយកំពុងឈឺចាប់ធ្ងន់ធ្ងរទៅ?។

      “ផឹកប៉ុណ្ណឹងបានហើយបង ឈប់ផឹកទៀតទៅ!!” នាយថាចប់លូកដៃចូលទៅដណ្តើមកែវស្រាពីដៃរបស់បងប្រុសយកមកកាន់ទាំងឫកពាច្រងាប់ច្រងិល។

      “ឱ្យកែវមកបងវិញមក ជុងហ្គុក!!” ឆាងវ៉ុន ស្រវឹងធ្លាក់ភ្នែកបើកសឹងតែមិនរួច ប៉ុន្តែគេនៅរឹងរូសមានៈទាមទារចង់ផឹកស្រាទាល់តែក្រិនថ្លើមស្លាប់ទៀត។

      “បងគិតតែពីផឹកស្រា មិនព្រមនិយាយពីអ្វីសោះ ធ្វើបែបនេះដូចដាក់ទណ្ឌកម្មឱ្យខ្លួនឯងយ៉ាងអ៊ីចឹង បងប្រុស ពេលនេះបងនៅមានខ្ញុំ បងចង់និយាយពីអ្វី ក៏ឆាប់និយាយមក ខ្ញុំនៅត្រង់នេះ នៅរង់ចាំស្តាប់បងគ្រប់ពាក្យ គ្រប់ម៉ាត់ទាំងអស់!!” ជុងហ្គុក លើកដៃទះស្មាក្រអាញ ខណៈម្ចាស់រាងកាយទន់ល្អូកព្យាយាមរម្ងាប់អារម្មណ៍ទាំងត្របក់ភ្នែកធ្ងន់កណ្តុក។

      “បងគ្រាន់តែចង់ផឹក ផឹកឆ្អែតហើយក៏ឈប់ផឹក ហើយត្រលប់ទៅផ្ទះដើម្បីសម្រាកតែប៉ុណ្ណឹង គ្មានអ្វីចង់និយាយនោះទេ!” ឆាងវ៉ុន នៅតែលាក់បាំងរឿងសម្ងាត់ក្នុងជីវិតរបស់ខ្លួន បើទោះបីជា ជុងហ្គុក ឆ្លេឆ្លានៅមិនសុខខំប្រឹងជីកគាស់កកាយរឿងទាំងអស់ដើម្បីឱ្យបងប្រុសឆាប់និយាយវាចេញមកក៏មិនអាចនោះដែរ។

      “វាមិនអាចនោះទេ ហេតុអីបងព្យាយាមលាក់បាំងវាតទៅទៀត ទាំងដឹងហើយថាការឈឺចាប់ទាំងនេះគ្មានផលចំណេញបកត្រលប់មករកបងវិញទាល់តែសោះ?” ម្តងនេះ ឆាងវ៉ុន ចាប់ផ្តើមភ្ញាក់ខ្លួន បេះដូងហាក់ដូចជាកន្ទ្រាក់ ខណៈស្មារតីក៏ទាមទាររំឭកដល់រឿងគ្រប់យ៉ាង រំញោចដល់ចិត្តចាប់ផ្តើមឈឺចាប់ឡើងមកម្តងទៀត។

      “បងគួរចាប់ផ្តើមពីត្រង់ណាទៅមុន?” គេបែរជាភ្លេចដើមហេតុ ព្រោះភាពច្របូកច្របល់ បានធ្វើឱ្យគេឈឺចាប់ដល់ថ្នាក់ភ្លេចនូវទង្វើរបស់ស្រីម្នាក់នោះអស់ជាច្រើនរឿងមកហើយ។

      “ត្រង់ភាពឈឺចាប់ដែលបងកំពុងតែជួបប្រទះ!” ជុងហ្គុក ចាក់ចំចំណុចរសើបដែលញោចដល់ចរន្តមួយនាំឱ្យពាក្យប៉ុន្មានប្រយោគបានលើកឡើងមកតែពោពេញទៅដោយទុក្ខសោកសង្រេង÷

      “បើឯងជាបង ត្រូវរស់នៅឈឺចាប់យ៉ាងណា ពេលដឹងថាភរិយាដែលស្រលាញ់ខ្លាំងបំផុត លួចភិតក្បត់ទៅមានសាហាយស្មន់ថ្មី ទាំងដែលដៃនាងនៅឱបបងជាប់ដើមទ្រូងនៅឡើយ?” កែវភ្នែកដ៏ជូរចត់ បានកំណត់ឱ្យដង្ហើមទឹកភ្នែកហាក់រស់ឡើងវិញនិងបានបង្ហូរបញ្ចេញវាចេញមកខាងក្រៅបីដូចជាលំហូរទឹក ការឈឺចាប់ ផ្សាំក្នុងបេះដូងមួយកណ្តាប់នេះ វាឈឺទុរន់ទុរាគ្មានថ្ងៃស្រាក់ស្រាន្តមួយថ្ងៃណាទេ ឱ្យតែពេលបិទភ្នែកដេកគិត អាជំងឺឆ្កួតឡប់ឡែរទាំងនេះតែងតែរើឡើងមកឥតឈប់ឈរ ដេកសុខៗក៏មានអារម្មណ៍ថាស្ពឹកស្រពន់ខួរក្បាល រាងកាយប្រែជាស្រាលស្ញើក ហាក់គ្មានកម្លាំងល្ហិតល្ហៃ សូម្បីតែក្តីសង្ឃឹមនិងជីវិតដែលព្យាយាមរស់នៅដកដង្ហើមចោលក៏នាយលែងចង់នឹកនាខ្វល់ខ្វាយបន្តទៅទៀតនោះដែរ។

      “នាងជាមនុស្សស្រីគ្មានបេះដូង សូម្បីតែអារម្មណ៍គិតពីបងដែលជាប្តី នាងក៏មិនដែលនឹកនា ខំសន្សំចិត្តសោះរស់នៅជាមួយនាងអស់រយៈពេលជាច្រើនខែឆ្នាំ ដើម្បីមើលថែមនុស្សស្រីស្មោគគ្រោកតែម្នាក់ ចុងក្រោយនាងក៏បានធ្វើរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយឡើងមក ដោយមិនបានខ្វល់ថា តើការលះបង់របស់បងកន្លងមក វាស័ក្តិសមទៅនឹងគុណតម្លៃដែលនាងព្យាយាមតបស្នងដោយអំពើថោកទាបទាំងអស់នេះបានទេ?”

      “តែពេលវេលាដែលបានផ្តល់ឱ្យបងនិងនាងគឺមានពេលខ្លីណាស់ មានពេលខ្លះបងសឹងតែមិនអាចដឹងផង ថាក្រោយខ្នងនៃរូបភាពដែលបងបានឃើញទាំងអស់នោះគឺជាអ្វី?” សម្តីទាំងប៉ុន្មានម៉ាត់នេះ ញ៉ាំងឱ្យទឹកមុខអ្នកកំលោះខាងណោះស្រឡាំងកាំង ក្រោយការកុហករបស់នាងវានៅមានរឿងអ្វីទៀតលាក់បាំងទៀតទៅ នាងពូកែសំដែងយ៉ាងនេះ ជាតិជាស្រីពិសពុល ពូកែបោកបញ្ឆោតណាស់ នាងជាមនុស្សពូកែគ្រប់រឿង បើចង់ឱ្យគេជឿលុងវាលែងមានផ្លូវអាចទៅមុខរួចទៀតហើយ។

      “ហឹះ..ឯងគិតអ្ហេស ថានាងជាមនុស្សស្រីមានចិត្តបរិសុទ្ធ ទាំងមានល្បិច ទាំងចិត្តសាមាន អាក្រក់គ្មានលេខដាក់ ចំជាស្រីចិត្តខ្មៅ គ្មានទាំងបេះដូង សូម្បីតែចិត្តថ្លើមក៏គ្មានក្នុងខ្លួនរបស់នាងទៀតដែរ!”

      “ប៉ុន្តែពេលនេះនាងលែងដូចកាលពីមុនទៀតហើយ នាងតែងតែចង់ដឹងពីសុខទុក្ខរបស់បងរហូតមក ឈប់គុំគួនគ្នាបន្តទៅមុខទៀតទៅ យ៉ាងណាក៏រឿងទាំងអស់នេះបានកន្លងផុតហួសអស់ទៅហើយដែរ ខ្ញុំសង្ឃឹមថាបងនិងយោគយល់ហើយអាចអហោសកម្មឱ្យគ្នាទៅវិញទៅមក គ្រប់រឿង គ្រប់បញ្ហា ទាំងអស់ គ្មានអ្នកណាចង់បានបែបនេះទេ ម្នាក់ៗសុទ្ធតែអាចផ្តល់ឱកាសឱ្យគ្នាបានកែប្រែខ្លួន ឈប់ត្រឹមនេះណាខ្ញុំសុំ..”

      “.......” នាយស្ងាត់មិនព្រមចេញស្តី។

      “គិតថាមនុស្សធ្លាប់ស្រលាញ់គ្នា ពេលបែកគ្នាយើងនៅរាប់អានគ្នាបាន ចាត់ទុកថាវាជាការដោះដូរនិស្ស័យទៅចុះ ជួបបានប៉ុណ្ណា ទទួលយកប៉ុននោះ បងអាចធ្វើបានណា ឆាងវ៉ុន!!” ជុងហ្គុក ទម្លាក់កែវស្រាចុះទៅលើតុ រហ័សលូកដៃទៅក្រសោប្រអប់ដៃក្តៅគគុកមកកាន់ថ្នមៗបន្ថែម។

      “បើបងព្យាយាមគិតតែបន្តិច បងគង់តែអាចរកបានមនុស្សស្រីល្អ ព្រលែងចោលនូវបញ្ហា ដែលធ្វើឱ្យបងស្មុគស្មាញទៅចុះ យូរទៅមិនអីទេណា!”

      “ហ្អឹម!” ឆាងវ៉ុន បានត្រឹមងក់ក្បាលហើយព្យាយាមបោះបង់ចោលរឿងមិនល្អក្នុងជីវិតទាំងអស់ទៅតាមកម្មអតីតកាល។
     
      ហាងពេជ្រ

      ឡានទំនើបដែលបានបរកាត់ប៉ុន្មាននាទីមុននេះ ក៏ស្រាប់តែថយក្រោយបញ្ឈប់នៅខាងមុខហាងពេជ្រដ៏ប្រណីតមួយកន្លែង តាមបណ្តោយដងវិថីដ៏ទំនើប។

      ជុងហ្គុក ចាប់អារម្មណ៍ ទើបឈប់ចតឡានដើរចូលទៅឈរមើលចិញ្ចៀនពេជ្រ រំលេចដោយត្បូងពេជ្រភ្លឺចិញ្ចាចស្អាតៗជាច្រើនគួរឱ្យចង់បាន កាលណោះគេចាំបានច្បាស់ណាស់ នាយចង់រៀបការជាមួយ ថេយ៉ុង ហើយកសាងគ្រួសារតូចដ៏កក់ក្តៅមួយ ប៉ុន្តែដោយសារតែគេធ្លាប់បានរៀបការម្តងរួចទៅហើយ ទើបចងចាំមិនបាន ព្រោះតែបានបាត់បង់ការចងចាំ តែពេលនេះគេចង់រៀបការម្តងទៀត រៀបការក្នុងនាមជាមនុស្សប្រុសដែល ថេយ៉ុង ពេញចិត្តស្រលាញ់បំផុត។

      “លោកអញ្ជើញមកមើលចិញ្ចៀនរៀបការមែនទេ?” បុគ្គលិកស្រីម្នាក់រហ័សរហួនរត់ចេញមករាក់ទាក់អ្នកកំលោះដែលឈរងេមងាមៗមិនដឹងត្រូវជ្រើសរើសចិញ្ចៀនពេជ្រមួយវង្សណាទាល់តែសោះ។

      “បាទ..”

      “អ៊ីចឹងខ្ញុំជួយរើសឱ្យលោកចុះ..មួយវង្សនេះជាពេជ្រសុទ្ធ ទើបតែនាំចូលមកពីអ៊ីតាលី ធានាថាគូស្នេហ៍របស់លោក ច្បាស់ជាពេញចិត្តជាក់ជាមិនខានឡើយ លោកមើលទៅស្អាតទេ? តម្លៃក៏គួរសមណាស់ដែរ ហើយថែមទាំងមានការផ្តល់ជូនជាកញ្ចប់កាដូពិសេសទៀត!”

      “បាទស្អាតណាស់..” ជុងហ្គុក លើកកាន់ចិញ្ចៀនមើលចុះឡើងៗ បង្វិលជាច្រើនដង ញញិមផង សប្បាយចិត្តផង មើលទៅចិញ្ចៀននេះបើបានបំពាក់លើម្រាមដៃ ថេយ៉ុង មិនដឹងថាសមហើយស្អាតយ៉ាងណានោះទេ។

      “សម្រេចថាលោកពេញចិត្តទេ?” 

      “សម្រេចថាយកមួយវង្សនេះចុះ!” ជុងហ្គុក ប្រាប់ទៅកាន់បុគ្គលិកចប់រូតរះទូទាត់បញ្ចប់ការងារតូចមួយ បន្ទាប់មកទើបឃើញមានការវិចខ្ចប់ផ្តល់ជូនជាកញ្ចប់បាច់ផ្កានិងប្រអប់ចិញ្ចៀនក្នុងថង់យួរកាំម្ញីពណ៌ក្រហមមួយសម្រាប់បន្ថែមដែរ។

      ឡានទំនើបក៏បានបរហួសទៅឆ្ងាយពីទីនេះ ទឹកមុខនាយញញិមយ៉ាងស្រស់បស់ អមទៅដោយអារម្មណ៍រីករាយដ៏រំភើបក្នុងចិត្តអនេក។

      ---

      “ប៉ាប៉ា ដេតឌីមកដល់ផ្ទះហើយ!” រ៉ូមីន អើតមុខដក-ករហង់តាមបង្អួចលួចមើលឡានទំនើប ទើបតែបើកបរចូលមកដល់ខាងក្នុងធ្លាផ្ទះ ទាំងស្នាមញញិមអររំភើបរខិករខុប។

      “នឹកដេតឌីណាស់អ្ហេស ព្រឹកមិញទើបតែជួបមុខគ្នាសោះ!” ថេយ៉ុង ធ្វើជាសើចផង បង្អាប់កូនតូចផង មុននឹងលូកដៃ ចូលទៅចាប់ទាញកូនតូចមកពរ ហើយថើបលើថ្ពាល់អាល្អិតមួយខ្សឺតបន្ថែម។

      ក្រាក!!!

      “អូហ៍ផ្កាស្អាតខ្លាំងណាស់ដេតឌី!” គ្រាន់តែបើកទ្វារឡើងភ្លាម រ៉ូមីន លាន់មាត់និយាយទៅកាន់ ជុងហ្គុក ដោយទឹកមុខភ្ញាក់ផ្អើល។

      “បងជូនអូន!” ថេយ៉ុង ឈរមិងមាំង មិនដឹងថាថ្ងៃនេះស្ថិតក្នុងឱកាសអ្វីទេ ហេតុអីស្វាមីទិញផ្កាមួយបាច់យ៉ាងធំឱ្យបែបនេះ?។

      “បងទិញផ្កាឱ្យអូនអ្ហេស?”

      “អូនមិនស្រលាញ់ពណ៌នេះទេឬ?” ជុងហ្គុក ចងចិញ្ចើមធ្វើជាសួរដើរចូលទៅចាប់ក្រសោបចង្កេះភរិយា អូសមករកគ្រែប្រញាប់អង្គុយចុះ។

      “ស្រលាញ់តើស តែហេតុអីថ្ងៃនេះទើបបងចង់ទិញផ្កាឱ្យអូន?” ថេយ៉ុង ទម្លាក់កូនឱ្យអង្គុយចុះ ក្រឡេកមកចាប់អារម្មណ៍ចំពោះបាច់ផ្កាព្រមទាំងលូកដៃចូលទៅវែកសម្លឹងមើលស្រទាប់ផ្កា ក៏ស្រាប់តែលេចថ្កល់នូវប្រអប់ចិញ្ចៀនតូចមួយឡើងមក។

      “ប៉ាប៉ាអីហ្នឹង?” រ៉ូគិ ប្រញាប់សួរឡើង សើចស្ញេញកាលបើឃើញមានក្រដាសមួយច្បាប់បន្ថែមទៀត។

      “ប្លង់ផ្ទះ?” ថេយ៉ុង លាក្រដាសមើលទើបបានដឹងថា ជុងហ្គុក ទើបតែទិញផ្ទះមួយកន្លែងនៅក្នុងទីក្រុងនេះ។

      “បងទិញផ្ទះថ្មី..ពួកយើងត្រូវរើទៅនៅទីនោះ ដោយសារតែវានៅជិតក្រុមហ៊ុនរបស់បង ហើយក៏..” ជុងហ្គុក លូកដៃទៅចាប់យកប្រអប់ចិញ្ចៀនមកកាន់ ព្រមទាំងបើកប្រអប់ចិញ្ចៀនឡើង។

      “ថេយ៍រៀបការជាមួយបងម្តងទៀតណា?” ដំណក់ទឹកភ្នែកសថ្លាស្រាប់តែធ្លាយហូរចុះមកច្រោក។

      ជុងហ្គុក ស្ទុះចូលទៅថើបថ្ពាល់ផ្សើមទឹកភ្នែកមួយខ្សឺត នាំឱ្យ ថេយ៉ុង អៀនប្រៀនឡើងក្រហមថ្ពាល់និងកាន់តែយំខ្លាំងលើសដើម។

      “ដេតឌី ការម្តងទៀតមែន?” រ៉ូមីន ឃើញចិញ្ចៀនដឹងដល់ពេលរៀបការទើបធ្វើជាសួរកាត់ចង្វាក់ស្នេហាប្តីប្រពន្ធមួយគូនោះ។

      “បាទ!!” ជុងហ្គុក ងក់ក្បាលរួចឈ្ងោកទៅថើបថ្ងាស់កូនតូចមួយខ្សឺត។

      “ការធ្វើអី បើមុខប្រពន្ធដេតឌី មុខអាដែលៗ ដូរប្រពន្ធថ្មីទៅ!”

      “ដូរថ្មីទាល់តែក្បាលរយះ ចេះបង្គាប់ឪឯងស្អីដែរ?” ថេយ៉ុង លើកដៃរុញថ្ងាស់កូន កំពុងតែសប្បាយអរសុខៗឮវាសួរអ៊ីចឹងចង់តែចាប់ខោកឱ្យពកលលាដ៏ក្បាលទេតើស។

      “ដេតឌី ពាក់ចិញ្ចៀនឱ្យប៉ាប៉ាទៅ រ៉ូគិ ចង់ឃើញឥឡូវនេះ!” រ៉ូគិ និយាយតឿនញញិមចង់ស្ងួតជើងធ្មេញអស់ទៅហើយ។

      “បាទ!” ជុងហ្គុក ទាញចិញ្ចៀនឡើងបម្រុងនិងស៊កវាចូលម្រាមដៃនាង ថេយ៉ុង ស្រាប់តែប្រទះឃើញចិញ្ចៀនចាស់ដែល ថេយ៉ុង ពាក់ជាប់មិនទាន់ដោះចេញនៅឡើយ។

      “ដៃឆ្វេងរបស់អូនពាក់រួចហើយ អ៊ីចឹងបងពាក់ឱ្យអូនដៃស្តាំមក!”

      “បាទ!” ម្តងនេះគេចាប់ស៊កវាបញ្ចូលទៅក្នុងម្រាមដៃស្តាំរបស់ ថេយ៉ុង ព្រមទាំងថើបលើខ្នងដៃស្រឡូនមួយខ្សឺតធំបន្ថែម។

      “បងស្រលាញ់អូន!”

      “សុំអូនរៀបការ ផ្តាច់ទឹកដោះគោនៅ!” ថេយ៉ុង ធ្វើជាសួរលើកដៃក្តិចញក់ញីថ្ពាល់ស្វាមី។

      “ផ្តាច់អីបាន បើអូនមិនទាន់ផ្តាច់ដោះបងផង!” ជុងហ្គុក ឆ្លើយទាំងធ្វើមុខកូនក្មេងឡិរឡក់ ខណៈក្មេងៗក៏សើចឮសូរសំឡេងក្អឹកៗកងរំពងពេញបន្ទប់យ៉ាងមានក្តីសុខ។
     
     





















     
     
     


You are reading the story above: TeenFic.Net