“ប៉ូលិស!” ថេអីន សំដែងទឹកមុខភ្ញាក់ផ្អើល ក្រឡេកទៅមើលខាងស្តាំដៃក៏ឃើញថាវត្តមានស្វាមីបែរជាឈរកៀកក្បែរម្តាយខ្លួនទាំងទឹកមុខស្មឿគហាក់ដូចជាមានរឿងអ្វីកំពុងតែលាក់បាំង។
នាងឱបកូនយ៉ាងជាប់ ហើយស្រាប់តែយំឈូរចេញមករហេមរហាមបីដូចជាមនុស្សបានប្រព្រឹត្តរឿងទោសកំហុសធ្ងន់ធ្ងរដោយខ្លួនឯង។
“ម៉ាក់!” ថេយ៉ុង ទើបតែមកដល់ក៏ឧទានទៅកាន់ម្តាយ ហើយក៏មិនភ្លេចសំដែងទឹកមុខងឿងឆ្ងល់ជាខ្លាំង កាលបើឃើញវត្តមានរបស់ប៉ូលិសដែលចុះមកឈរលោមព័ទ្ធបន្ទប់សម្រាកព្យាបាលទូទៅក្នុងមន្ទីពេទ្យផងដែរ។
“ជុងហ្គុក..និយាយរឿងទាំងអស់ចេញមក!” លោកស្រីហ្គូហ្សិន ស្រែកហៅនាយកូនប្រសារ ដើម្បីឱ្យគេចេញមុខមកបកស្រាយអាថកំបាំងគ្រប់យ៉ាងនិងបកស្បែកមុខនាងកូនជើងល្អម្នាក់នេះដើម្បីលាងភាពស្អុយកខ្វក់រួមទាំងបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនឱ្យគ្រប់គ្នាបានឃើញជាក់ច្បាស់ផ្ទាល់នឹងភ្នែកផងដែរ។
“ដើមឡើយ ខ្ញុំមកធ្វើការ បម្រើការងារក្នុងក្រុមហ៊ុនជាប្រធាននៃ Clothing Company ដែលត្រូវបានលោកប៉ា ហ្វីឌ័រ តែងតាំងឱ្យក្លាយទៅជាប្រធានគ្រប់គ្រង បន្ទាប់មកគាត់ក៏បានរកមនុស្សមកបង្រៀនខ្ញុំពីការងារបន្ថែម ហើយចាត់ឱ្យមនុស្សស្រីម្នាក់មានឈ្មោះថា គីម ខារ៉ា មកបង្រៀនខ្ញុំ ដោយស្រីម្នាក់នោះបានស្គាល់គ្នាជិតស្និទ្ធជាមួយនឹងបងថ្លៃ ថេអីន!” ថេអីន ឮហើយឆោឡោកញ្ជ្រោលខ្លួនទាំងសរសៃខ្ចី ស្រែកលាន់ឮសូរទ្រហឹងអឺងកងទាំងទឹកមុខខឹងសម្បារ÷
“មិនពិត..មិនពិតទេ..គេនិយាយកុហក គ្រប់គ្នា..គ្រប់គ្នាកុំស្តាប់សម្តីរបស់គេ!” នាងស្រែកបីដូចជាមនុស្សវិកលចរិត ប៉ុន្តែទោះបីជានាងព្យាយាមស្រែកខ្លាំងៗយ៉ាងណាក៏គេមិនព្រមស្តាប់ដែរ។
“ក្រោយមកពួកនាងក៏បានរៀបចំផែនការ ដើម្បីឱ្យខ្ញុំទៅជួបនៅឯខន់ដូ ឆ្លៀតពេលបង្រៀនខ្ញុំ នាងខារ៉ា ក៏បានលួចយកទិន្នន័យគម្រោងការងារក្នុងក្រុមហ៊ុន ទាំងគម្រោងការឌីហ្សាញ និងការជ្រើសរើសម៉ូដសម្លៀកបំពាក់ ព្រមទាំងបានលួចយកសាច់ប្រាក់ដែលត្រូវទូទាត់ទៅឱ្យបុគ្គលិក គិតជាលុយដុល្លាររាប់លានថែមទៀត ទម្រាំដល់ពេលដែលខ្ញុំបានដឹង រឿងនេះវាកន្លងទៅអស់ពេលជាងមួយខែទៅហើយ បន្ទាប់ពីខ្ញុំមានបញ្ហាវិវាទធំជាមួយឪពុកកូនត្រកូល គីម..គីម ជុងយ៉ុក..!”
ថេយ៉ុង ចាប់ផ្តើម ចាប់អារម្មណ៍ពីសម្តីរបស់ស្វាមីលើកនេះគេបែរជាទ្រាំរង់ចាំស្តាប់សម្តីស្វាមីចេញមុខ បកស្រាយរហូតដល់ ចប់ចុង ចប់ដើមទាំងអស់។
“ថ្ងៃមួយពួកខ្ញុំក៏បានស៊ើបដឹងហើយរៀបចំផែនការដណ្តើមយកភស្តុតាងខ្លះៗដែលពួកនាងបានលាក់ទុក មានទាំងរូបភាព រូបនៅក្នុងបារ រូបនៅក្នុងសណ្ឋាគារ រូបនៅក្នុងក្លឹប រូបនៅក្នុងផ្ទះមនុស្សស្រី រូបនៅក្នុងបន្ទប់ការិយាល័យស្និទ្ធស្នាលជាមួយមនុស្សស្រី ពួកខ្ញុំសុទ្ធតែរៀបចំទុករួចហើយជាស្រេច ព្រោះមនុស្សស្រីដែលរកស៊ីផ្លូវភេទទាំងអស់នោះ សុទ្ធតែជាគ្នីគ្នារបស់ពួកនាង ថែមទាំងមាន..មនុស្សប្រុសម្នាក់ថែមទៀត..ដែលបុរសម្នាក់នោះ..” ជុងហ្គុក ស្ងាត់សម្តីត្រឹមណេះ ហើយញញិមចុងមាត់ទៅកាន់បងថ្លៃស្រី ខណៈបុរសម្នាក់ក្នុងទឹកមុខមាំទាំស្រាប់តែបង្ហាញខ្លួនឡើងមក ដែលធ្វើឱ្យបេះដូង ឆាងវ៉ុន ចាប់ផ្តើមចុកអួលមួយទំហឹងឡើងមក។
“អីម ស៊ុងមីន ជាឪពុករបស់ក្មេងម្នាក់នោះ ទារកនុះមិនមែនជាកូនប្រុសរបស់បងប្រុសខ្ញុំទេ!” លោកស្រីហ្គូហ្សិនទន់ខ្លួនល្អូកសឹងតែដួលសន្លប់ដ្បិតបាន ថេយ៉ុង ស្ទុះជួយទៅទប់គ្រាហ៍គាត់ពីខាងក្រោយជាប់ ចំណែកឯនាង ថេអីន ចាប់ផ្តើមយំខ្លាំងទៅៗ នៅពេលដែលស្បែកមុខរបស់នាងត្រូវបានគេចាប់ហែកដាច់រហែករបកមកដោយទាំងផ្ទាំងៗ។
“ស្រីដែលខ្ញុំទាក់ទង ជាក្មេងបម្រើក្នុងដៃបងថ្លៃ ថេអីន.. ខ្ញុំប្រើពួកនាងដើម្បីឱ្យជួយស៊ើបរកមើលអាស័យដ្ឋាននិងមុខមាត់ឪពុករបស់ក្មេងពិតប្រាកដ អស់ពេលជាច្រើនខែ ទម្រាំរកឃើញ ព្រោះគេទៅរស់នៅឯជាយដែន ខ្លាចក្រែង ថេអីន បញ្ចូនមនុស្សទៅសម្លាប់ ក៏ព្រោះតែបានប្រើប្រាស់គេឱ្យដេកជាមួយដើម្បីមានកូន ព្រោះនាងក៏ធ្លាប់បានអះអាងថាបងប្រុសរបស់ខ្ញុំគ្មានសមត្ថភាពធ្វើឱ្យនាងពរពោះបាន ទើបនាងត្រូវរកអ្នកមកជំនួស!”
“បានហើយ ចន ជុងហ្គុក..ហ៊ឹកៗ!!” ថេអីន ស្រែកអស់មួយទំហឹងសំឡេងពីខ្លួន ខណៈកូនទារកតូចក៏ស្រាប់តែស្រែកយំឡើងគួរឱ្យអាសូរ។
“ថេអីន!” ឆាងវ៉ុន ហៅឈ្មោះភរិយាទាំងកែវភ្នែករលីងរលោងពេលនេះគេឈឺចាប់ស្ទើរតែស្លាប់បន្ទាប់ពីបានដឹងរឿងថោកទាបរបស់ភរិយាដែលបានប្រព្រឹត្តទង្វើភិតក្បត់យ៉ាងកាចសាហាវព្រៃផ្សៃមកលើខ្លួន។
“គ្រប់គ្នា..រួមទាំងម៉ាក់.. ម៉ាក់ប្រមូលគ្នីគ្នាមកជិះជាន់ធ្វើបាបស្ត្រីពោះធំដូចជាខ្ញុំ ម៉ាក់ពិតជាអាក្រក់ខ្លាំងណាស់!”
“ថេអីន!” លោកស្រីហ្គូហ្សិនពោលទាំងសំនួនអួលដើមកអនេកទឹកភ្នែកគាត់ហូរស្រក់ព្រោះខកចិត្តដែលបានឮពាក្យកូនស្រីនិយាយឡើងដូច្នេះ គាត់គ្មានបំណងធ្វើបាបនាងឡើយ ហើយក៏គ្មានម្តាយឯណាដែលថាមិនស្រលាញ់កូននោះដែរ តែគាត់ចង់កែប្រែនាង ចង់រៀបចំផ្លូវដ៏ល្អមួយដើម្បីនាំនាងទៅរកត្រើយម្ខាងនៃសេចក្តីសុខ ទាំងភាពស្ងប់សុខ ភាពត្រឹមត្រូវ និងរស់នៅក្លាយខ្លួនទៅជាមនុស្សមានចិត្តគំនិតដ៏បរិសុទ្ធម្នាក់។
“កន្លងមកម៉ាក់មិនដែលមើលឃើញពីការលំបាករបស់ខ្ញុំទេ គ្រប់គ្នាតែងយកចិត្តទុកដាក់ជាមួយវា គ្រប់គ្នាតែងបារម្ភពីវា សូម្បីតែអាប្តីហេងស៊យម្នាក់នោះ នៅមានចិត្តស្រណោះអាល័យស្រលាញ់វា ទាំងដឹងហើយថាមានវាប្តីសី រីឯអាប្តីចោលម្សៀតម្នាក់នុះមិនដែលធ្វើអ្វីបានទេក្រៅពីស្ងៀមស្ងាត់ ល្ងង់ៗ..គ្មានចិត្តចេះចង់បានស្អី សូម្បីតែធ្វើឱ្យខ្ញុំមានកូនក៏មិនអាចទៅរួចដែរ បើខ្ញុំមិនភិត មិនទៅរកប្រុសផ្សេងមកបំពេញបំណងឱ្យខ្ញុំ អាកូនដៃជើងក្រហមរងាលមួយក្បាលនោះវាកើតចេញមកបានទេ?” ឆាងវ៉ុន ឈរទ្រាំស្តាប់សម្តីភរិយាឧទានរៀបរាប់ទាំងទ្រូងពើតផ្សារ ពាំក្តីឈឺចាប់ចុកអួលណែន កន្លងមកគេស្រលាញ់នាងណាស់ មើលថែនាងគ្រប់ពេល គ្រប់វេលា ផ្តល់ឱកាសឱ្យនាងកែប្រែខ្លួន សុខចិត្តទ្រាំមើលថែក្មេងដែលមិនមែនជាកូនរបស់ខ្លួនបង្កើតយ៉ាងលំបាក ហេតុអីនាងមិនយល់ពីគេខ្លះសោះ?។
“គ្រប់គ្នាគ្មានបំណងអាក្រក់ទៅលើអូន មានតែអូនខ្លួនឯងដែលគិតឃើញបែបនេះ!”
“លោកស្ងាត់មាត់ទៅ..មកពីលោកល្ងង់ទើបមើលមិនដឹង!”
ថេអីន ស្រែកគំហកញ័របបូរមាត់សសឹក ក្នុងកែវភ្នែករបស់នាងគ្មាននរណាម្នាក់ល្អស្រាប់ហើយ នាងតែងតែមើលឃើញគ្រប់គ្នាជាសត្រូវ ជាភាពស្មុគស្មាគ ដែលនាំឱ្យជីវិតរបស់នាង រស់នៅមិនដែលបានស្ងប់សុខរាល់ថ្ងៃ នាងស្អប់គ្រប់គ្នា ជាពិសេសគឺប្អូនប្រុសរបស់នាង។
“ឯងសប្បាយចិត្តណាស់មែនទេ? ឯងគិតត្រូវហើយដែលសុខចិត្តលែងលះប្តីថោកទាបរបស់ឯងរត់មករស់ជ្រកក្រោមដំបូលម៉ែឯងវិញ ស្ត្រីម្នាក់នេះជាម្តាយដែលមានចិត្តលម្អៀងណាស់ ចាប់តាំងពីឯងកើតមកគាត់មើលឃើញគិតគូរបារម្ភពីសុខទុក្ខរបស់ឯងគ្រប់យ៉ាង ចំណែកយើង យើងគ្មានចំណែកអ្វីសោះ ស្ត្រីម្នាក់នេះមិនដែលបានផ្តល់អ្វីឱ្យយើងបានពេញចិត្តម្តងណាឡើយគ្មានទេ!” នាងស្រែកទ្រហោដោយសភាពដុនដាបខណៈដំណក់ឈាមស្រាប់តែហូរស្រក់ចុះមកតាមថ្នេរដេរភ្ជាប់សាច់ទទឹកខោអ្នកជំងឺធ្វើឱ្យមើលឃើញច្បាស់ពីភាពឈឺចាប់របស់នាង។
“ហ៊ឹកៗថេអីនមិនមែនអ៊ីចឹងទេកូន!”
“លោកស្រីបិទមាត់ លោកស្រីកុំមកហៅខ្ញុំថាកូនឱ្យសោះ ខ្ញុំគ្មានម្តាយដូចជាលោកស្រីទេ!” នាងស្រែកបញ្ចេញកាយវិការទទឹងទទែងស្ទុះទៅទាញកាំបិតលើតុមកកាន់គ្រវាសដាក់គ្រប់គ្នាបីដូចជាមនុស្សវិកលចរិតទាំងយំ ទាំងស្រែក ទាំងឈឺចាប់ គ្រប់វិធីដែលនាងខំធ្វើវាសុទ្ធតែគ្មានបានផលប្រយោជន៍អ្វីទាំងអស់។
“ថេអីនឈប់ត្រឹមណេះបានហើយ!” ឆាងវ៉ុន ស្លុតចិត្តជាខ្លាំង ស្រែកហាមឃាត់នាងទាំងកែវភ្នែករលីងរលោងច្រាលឈាមក្រហមពេញផ្ទៃមុខ។
“ចេញទៅកុំចូលមកជិតខ្ញុំ ចេញទៅ!!!” លោកស្រីហ្គូហ្សិន កាន់តែទ្រហោយំគគ្រូកខ្លាំងឡើងៗ ដំណក់ទឹកភ្នែករបស់គាត់ហូរមានល្បឿនលឿនដូចជាទឹករលកព្យុះដែលហៀបនឹងបក់រសាត់យកភាពឈឺចាប់ទាំងប៉ុន្មានឱ្យរសាត់អណ្តែតទៅផលកម្មម្តងបន្តិចៗ។
ថេយ៉ុង លេបទឹកមាត់ក្អឹកៗ នឹកឡើងទឹកភ្នែកស្រាប់តែហូរស្រោចថ្ពាល់ ព្រមទាំងដើរចេញមកដោយទឹកមុខភិតភ័យ ទោះបីជាគេមិនដែលល្អជា ជាមួយបងស្រីតែក៏មិនប្រាកដថាគេមិនមានចិត្តស្រលាញ់នាងនោះដែរ។
“បងស្រី!” ថេអីនឮសូរសំឡេង ថេយ៉ុង ហៅខ្លួនយ៉ាងច្បាស់ កន្លងមកគេមិនដែលហៅនាងដូច្នេះឡើយ គេតែងតែនិយាយភាសាកំបុតៗ គ្មានក្បាល គ្មានកន្ទុយ ប៉ុន្តែថ្ងៃនេះគេបាននិយាយវាចេញមក ហើយហៅនាងថាបងស្រីយ៉ាងស្និទ្ធមាត់។
“ហ៊ឹកៗ!” ថេយ៉ុង សម្លឹងមើលកែវភ្នែកដ៏ជូរចត់មួយគូនោះ ព្រមទាំងដើរឈានជើងចូលទៅជិត ហើយស្រវាចាប់យកកាំបិតពីដៃរបស់នាងមកកាន់មុននឹងបោះទៅម្ខាងទៀត។
ថេអីន យំញ័រស្មាទទ្រើកសម្លឹងមើលផែនមុខស្រឡូនដែលដូចទៅនឹងទម្រង់មុខនាងបេះដាក់ កែវភ្នែកមុតថ្លាតែបង្កប់ដោយភាពសោកសៅច្រើនជាងពេលដែលនាងសម្លឹងមើលឃើញសព្វដង ជាកែវភ្នែកភ្លើង ចងទៅដោយកំហឹងនិងគំនុំសងសឹក។
“កន្លងមក ខ្ញុំមិនដែលគិតចង់សងសឹកនិងបងទេ ខ្ញុំគ្រាន់តែប្រើពេលខឹងនិងព្យាយាមបំភ្លេចរឿងគ្រប់យ៉ាងត្រលប់ទៅវិញ ស្របពេលដែលវត្តមានរបស់ ជុងហ្គុក បានដើរចូលមកក្នុងជីវិតរបស់ខ្ញុំ ឥឡូវនេះខ្ញុំរស់នៅមានសេចក្តីសុខ ហើយស្គាល់ពីខ្លួនឯងច្បាស់ ខ្ញុំដឹងច្បាស់ ថាខ្ញុំនិងមិនចាំបាច់យកឈ្នះអ្នកណា ការឈ្នះដោយភាពក្តៅក្រហាយ វាធ្វើឱ្យជីវិតរបស់ខ្ញុំរស់នៅមិនបានស្ងប់សុខ ខ្ញុំបំភ្លេចរឿងគ្រប់យ៉ាងចោលទាំងអស់ ទោះក្នុងពេលបច្ចុប្បន្ននេះខ្ញុំត្រូវរស់នៅប្រឈមមុខជាមួយបញ្ហាអ្វីក៏ដោយ ក៏ខ្ញុំសុខចិត្តទទួលយកវាដោយខ្លួនឯង ពឹងផ្អែកលើខ្លួនឯង ជួយខ្លួនឯង ខ្ញុំនិងមិនសុំជំនួយពីម៉ាក់បន្តទៀតទេ ម៉ាក់ក៏តែងតែប្រាប់ខ្ញុំថា ម៉ាក់គិតពីបងរាល់ថ្ងៃ បើអស់ពីបងទៅ ជីវិតរបស់គាត់ក៏លំបាក ព្រោះខ្ញុំជ្រើសរើសយកការចាកចេញពីគាត់ម្នាក់រួចទៅហើយ..” ថេអីន ចាប់រលីងរលោងទឹកភ្នែកជាច្រើនដង តែការយំលើកនេះ គឺធ្ងន់ធ្ងរណាស់សម្រាប់នាង។
“បងច្រណែននិងខ្ញុំធ្វើអី? បើពេលនេះខ្ញុំគ្មានអ្វីសោះនោះ? បងចង់ឈ្នះខ្ញុំធ្វើអ្វី បើការស្លាប់របស់ម្នាក់ៗ យកស្អីទៅតាមមិនបានផងនោះ? បងជាបងស្រីរបស់ខ្ញុំតែម្នាក់គត់ វត្ថុ លុយ ឡាន ទ្រព្យសម្បត្តិ បើមានថ្ងៃរលាយក៏គង់តែអាចរកមកវិញបាន តែបងជាបងស្រីខ្ញុំ បើបាត់បង់បងទៅ ខ្ញុំមិនដឹងទៅរកអ្នកណាមកជំនួសកន្លែងបងបានទេ បាត់គឺបាត់ទៅរហូត បាត់ទៅសូន្យឈឹង បាត់គ្មានរូបរាង គ្មានសំឡេង វាពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់!” ថេយ៉ុង រៀបរាប់បណ្តើរ អួលដើមកបណ្តើរ យំផង ឈឺចាប់ផង ព្រមទាំងសំដែងភាពទន់ជ្រាយឱ្យបងស្រីបានឃើញ ទាំងដែលពីមុនគេមិនធ្លាប់បានបញ្ចេញអាការៈបែបនេះឡើងមកទាល់តែសោះ។
“ថេយ៉ុង!” ថេអីន ចាប់ក្រសោបមុខនាយ ហើយទ្រហោយំគគ្រូកទន្ទឹមនិងសំឡេងកូនទារកបន្លឺសំឡេងស្រែកយំឡើងមកដំណាលនាងដែរ។
“ម៉ាក់ចាស់ហើយបង..ម៉ាក់ហត់ហើយ ឈប់ធ្វើឱ្យម៉ាក់នឿយហត់ដោយសារតែពួកយើងទៀតទៅ ខ្ញុំជឿថាបងអាចធ្វើបាន ហើយអាចជ្រើសរើសផ្លូវមួយសម្រាប់ដើរបន្តដំណើរទៅមុខទៀតឱ្យបានត្រឹមត្រូវ បងក្លាយទៅជាម្តាយរបស់គេម្នាក់ហើយ បន្តិចទៀតបងនិងយល់ថាក្តីស្រលាញ់របស់ម្តាយដែលមានចំពោះកូនម្នាក់ៗវាធំធេងខ្លាំងប៉ុណ្ណានោះ!”
“ហ៊ឹកៗៗ..ហ៊ឺៗៗ!” នាងឈរយំសស្រិកសស្រាក់ស្រវាឱបក្រសោបប្អូនប្រុសទាំងចិត្តមួហ្មង កន្លងមកនាងគិតបានខ្លីណាស់ ហើយគិតងាយៗផុយៗតាមតែចិត្តនឹកឃើញ ពេលចង់កែប្រែវាស្ទើរតែហួសពេលបាត់ទៅហើយ រឿងគ្រប់យ៉ាង ភាពឈឺចាប់ និងស្នាមរបួស អតីតកាល វានៅតែជាការចងចាំដ៏អាក្រក់ ដែលមិនអាចបំភ្លេចបាន យ៉ាងណាក៏គ្រប់គ្នាតែងផ្តល់ឱកាសឱ្យនាងបានកែប្រែចិត្តគំនិតជានិច្ច បើពេលនេះនាងយល់ព្រមទម្លាក់ភាពក្តៅក្រហាយចុះចោលគ្រប់យ៉ាង បញ្ហាក៏មិនអាចកើតមាន មនុស្សគ្រប់គ្នានិងព្យាយាមស្វែងយល់ពីចិត្តរបស់នាងបន្ថែមទៀត ហើយនាងក៏មិនអាចក្លាយទៅជាចំណុចអាក្រក់ក្នុងខ្សែភ្នែកអ្នកណាទៀតដែរ។
“បងសូមទោស!” ថេយ៉ុង ងក់ក្បាលព្រមទទួលយកពាក្យសូមទោសចេញពីមាត់បងស្រីទាំងអារម្មណ៍ក្តុកក្តួលអនេក ព្រមទាំងឱបនាងដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមរហូតដល់ធ្វើឱ្យនាងយំនឹកស្តាយកំហុសទាល់តែទន់ខ្លួនល្អូក។
“ខ្ញុំព្រមអភ័យទោសឱ្យបងយូរណាស់មកហើយ!”
“ហ៊ឹកៗបងសូមទោស!” ថេអីន និយាយពាក្យសូមទោសរាប់ភ្លេចដង នាងនិយាយរហូតដល់ពេលអស់ចិត្ត ទើបយល់ព្រមប្រគល់ខ្លួនទៅឱ្យប៉ូលិសស៊ើបអង្កេតដើម្បីផ្តល់ចម្លើយសារភាពនិងដំណើរការរឿងក្តីបទល្មើសរបស់ឪពុកកូនពីរនាក់នោះបន្ថែមទៀត។
ខាងក្រៅមន្ទីពេទ្យ
បងប្រុស!!!
ឆាងវ៉ុន លើកខ្នងដៃជូតកៀសទឹកភ្នែក ក្រឡេកមកសម្លឹងមើលមុខ ជុងហ្គុក តាមដោយអារម្មណ៍ហេកហាល ហាក់គ្មានព្រលឹងព្រលះស្អីក្នុងខ្លួនបន្តិចណានោះសោះ។
“ឯងមានការអីជុង?” ជុងហ្គុក គ្រាន់តែឃើញបងប្រុសខ្លួនសម្រក់ទឹកភ្នែកភ្លាម កម្សួលក្នុងខ្លួនស្រាប់តែឆួលឡើង ដែលធ្វើឱ្យកែវភ្នែករបស់គេចាប់ផ្តើមក្រហមឡើងមកមួយរំពេច។
“ខ្ញុំសូមទោស..ដែលលាតត្រដាងរឿងទាំងអស់នោះ..” គេហៀបនិងនិយាយបន្តស្រាប់តែ ឆាងវ៉ុន ជ្រៀតសម្តីចូលមកកាត់ចង្វាក់÷
“លើលោកយើងនេះគ្មានអាថកំបាំងទេ ហើយក៏គ្មាននរណាម្នាក់ចង់រស់នៅឱបក្តីទុក្ខរហូតទៅមុខនោះដែរ បានហើយជុង ..រឿងវាចប់ហើយ ឈប់រំឭកទៅ យ៉ាងណាការពិតនៅតែជាការពិត គ្រប់គ្នាសុទ្ធដឹងឮ រឿងនេះទាំងអស់ ទោះចង់កុហក ចង់បិទបាំង លាក់វាទុក ក៏មិនអាចបិទជិតទៅរហូតនោះដែរ!” ឆាងវ៉ុន រៀបរាប់ទាំងសភាពឈឺចាប់ពេកពន់អនេក គេសែនអាណិតខ្លួនឯងដែល នាំឱ្យជីវិតមួយនេះ មកជួបរឿងឈឺចាប់យ៉ាងនេះ ឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ ឈឺរហូតដល់ថ្នាក់ ស្ពឹកអស់សរសៃប្រសាទ ចង់គិត កែខៃ លាបពណ៌ ជីវិតមួយនេះ ឱ្យស្រស់បំព្រងតទៅថ្ងៃមុខទៀតក៏គេគិតពុំចេញផង។
“បងទៅរួចដែរទេ? ពេលនេះ..” ជុងហ្គុក ដាក់ដៃលើស្មាបងប្រុស ឆាងវ៉ុន ងក់ក្បាលទាំងដែលការពិតគេគ្មានសូម្បីតែកម្លាំងកំហែង។
“រួច..” ទៅរួចដោយរបៀបណា? បើគេយំទាល់តែខ្សោះកាយ យំពេលនេះ យំដើម្បីលុបរឿងមិនល្អក្នុងជីវិត ព្យាយាមមិនគិតរឿងចាស់ៗ តែគេធ្វើមិនបាន។
“បងស្រលាញ់នាងណាស់..បងស្រលាញ់នាងខ្លាំងណាស់ជុង!”
“ខ្ញុំដឹង..”
“បងធ្វើមិនបាន..បងតាំងចិត្តមកជាយូរ តែបងជៀសគេចពីរឿងទាំងអស់នេះមិនរួច ហើយក៏គ្មានប្តីឯណាដែលសុខចិត្ត បើកចិត្តទទួលយករឿងប្រពន្ធភិតក្បត់មកធ្វើជារឿងធម្មតាទៅកើតនោះដែរ វាឈឺខ្លាំងណាស់ ឈឺដល់ថ្នាក់បងទ្រាំទទួលយកមិនបាន វាពិបាកណាស់ ពិបាកពិតមែន!” ជុងហ្គុក ស្ងៀមស្ងាត់ បានត្រឹមសំដែងភាពសោកស្តាយហើយក៏នឹកឆ្ងល់មិនបាត់ ទើបចង់ដឹងឮពីទំនាក់ទំនងរវាង ថេយ៉ុង និងបងប្រុសម្នាក់នេះពីមុនមកដែរ។
You are reading the story above: TeenFic.Net