ត្រឡប់បន្តសន្យា
ភាគ៩០+៩១+៩២
ប៉ុន្មានថ្ងៃកន្លងផុតទៅ..
ប្រទេសអុីរ៉ាក់
អែលលីណានាងមិនអាចចាកចេញពីទីនេះដោយមិនបានលានោះដែរ ថ្ងៃនេះជុននីអូក៏បានជូននាងមកសាលាចាស់ដែលនាងធ្លាប់បានរៀនកាលពីមុន គេឈប់ឡាននៅខាងមុខក្លោងទ្វារសាលា រួចក៏ងាកមកមើលភរិយាឯណេះវិញ។
«អូនប្រាកដហើយថាអូនចង់ចូលទៅខាងក្នុងតែម្នាក់ឯង?» «បងចូលទៅមិនបានទេ ព្រោះពួកគេនឹងភ្ញាក់បើសិនជាបានឃើញបង បងមិនបានតាមដានបណ្ដាញសង្គមមួយរយៈនេះទេរឺ? ការចួបសំណេះសំណាលជាមួយប្រជាជនដែលគ្រោងនឹងរៀបចំនោះល្បីរន្ទឺខ្លាំងណាស់ អ៊ីចឹងបើសិនជាបងចេញទៅពួកគេច្បាស់ជាឆ្ងល់ថាហេតុអីបានជាលោកប្រធានាធិបតីមកទីនេះជាមិនខានឡើយ» នេះជុននីអូនិយាយមិនទាន់ចប់ស្រួលបួលផងអែលលីណាក៏លើកយកហេតុផលជាខ្សែមកគប់កណ្ដាលមុខគេទៅហើយ ដល់ថ្នាក់ថាជុននីអូមិនអាចតបតរអ្វីបានក្រៅពីញញឹមបែបអស់សំណើច។
«ក៏បាន បងមិនទៅរំខានអូនទេ ដកយកសញ្ញាបត្រ័រួចក៏ចេញមកទីនេះ បងនៅរង់ចាំអូន ហ៊ឹម» ជុននីអូយល់ព្រមឲ្យនាងទៅរួចក៏ទាញនាងយកមកថើបបន្តិច អែលលីណាតបការថើបបន្តិចរួចក៏លូកដៃកាន់ប៉ះថ្ពាល់គេបន្តិច។
«បន្តិចទៀតអូនមកវិញណា៎» អែលលីណាក៏ទាញទ្វារឡានបើករួចក៏ដើរចូលទៅខាងក្នុងបាត់ ជុននីអូក៏តាមមើលពីក្រោយខ្នងរបស់នាងរួចក៏ញញឹមបន្តិច។
ក្រឺង!ក្រឺង..
ទូរសព្ទ័ជុននីអូក៏ស្រាប់តែរោទ៍ឡើង ដំបូងនាយមិនទាន់ទទួលព្រោះមិនដឹងជាអ្នកណាខលមកទាំងព្រឹកបែបនេះ តែគេក៏ភ្ញាក់កាលបើបានឃើញថាជាលេខរបស់លោកវីល ប៉ារបស់អែល។
«សួស្ដីលោកប៉ា»
(មិនទាន់សុំកូនយើងរៀបការ កុំហៅយើងប៉ា) លោកវីលនៅតែដដែល គាត់តែងតែនិយាយគម្រោះគម្រើយដាក់ជុននីអូពិតមែនតែគាត់ក៏មិនដែលជំទាស់រឺក៏ហាមឃាត់មិនឲ្យពួកគេចួបគ្នាឡើយ។
«លោកប៉ាខលមកខ្ញុំមានការអីមែនទេ?!»
(រវល់ទេ?! យើងមានការនិយាយជាមួយឯងបន្តិច បើសិនជារវល់មិនចាំបាច់..)
«អត់ទេប៉ា ទំនេរៗបាទ៎ តែចាំបន្តិចខ្ញុំខលហៅគេឲ្យទៅទទួលអែលលីណាសិន លោកប៉ានៅឯណាចាំខ្ញុំទៅរកភ្លាមតែម្ដង» ជុននីអូបើកSpeakerទូរសព្ទ័រួចក៏ប្រញាប់ចុចផ្ញើសារហៅមនុស្សជំនិតគេឲ្យមកទទួលអែលលីណាជំនួស មុននឹងបើកឡានចាកចេញទៅ។
ក្រឡេកទៅមើលអែលលីណាវិញនាងចូលមកដល់ខាងក្នុងសាលាក៏មានសិស្សច្រើនគួរសមចាំយកសញ្ញាបត្រ័ដូចជានាងដែរ។
«នេះហ្អេស៎ កូនស្រីប្រុសស្រឡាញ់ប្រុសនោះ?!» ដំណើរបោះជំហានចូលមិនទាន់បានប៉ុន្មានផងក៏មានសិស្សមួយក្រុមដែលធ្លាប់រៀនថ្នាក់ជាមួយនាងនិយាយឡើង ស្មានថានាងមិនលឺ តែអ្នកណាទៅដឹងថាពួកគេនិយាយចប់ភ្លាម អែលលីណាក៏ងាកមើលទៅពួកគេភ្លាម។
«ប្រុសស្រឡាញ់ប្រុសវាយ៉ាងមិច?! គូស្នេហ៍ភេទដូចគ្នាដែលឯងកំពុងតែនិយាយនេះដើរតួជាឪពុកផងម្ដាយផង ត្រាំត្រែងពីការមើលងាយមើលថោកពីសំណាក់មនុស្សដូចជាឯង តែគាត់មិនចុះចាញ់ដើម្បីមើលថែខ្ញុំ ខណៈម្ដាយឪពុកពិតប្រាកដរបស់ខ្ញុំបោះបង់ខ្ញុំចោលទាំងដែលគ្មាននរណាមានបញ្ហាជាមួយនឹងចំណងស្នេហាស្រីប្រុសរបស់គាត់..» អែលលីណាមិនបានស្ងៀមស្ងាត់រឺក៏ធ្វើជាមិនលឺដូចជាកាលពីមុនឡើយ នាងក៏ក្រោកឡើងដើម្បីខ្លួននាង ដើម្បីលោកប៉ារបស់នាង ព្រោះពិភពមួយនេះមនុស្សដែលស្លូតបូត ស្ងប់ស្ងាត់តែងតែត្រូវគេជាន់នឹងមើលងាយជានិច្ច អ៊ីចឹងនាងត្រូវតែកែប្រែ..
«ឯង...» ក្មេងៗប៉ុន្មាននាក់នោះក៏ហាក់ខឹងនឹងសម្ដីរបស់អែលលីណា ពួកគេក៏ឈានបំណងចង់មករកអែលលីណាតែក៏មានវត្តមានមនុស្ស២នាក់ស្រីប្រុសចូលមក ព្រមជាមួយនឹងឈុតសុីវិលធម្មតា តែក៏មានសៀតកាំភ្លើងនៅចង្កេះមកជាមួយផង ទើបពួកគេនាំគ្នាថយ។
«ពាក្យខ្លះបើសិនជាមិនចាំបាច់កុំនិយាយ ព្រោះវាបញ្ជាក់ឲ្យយើងឃើញកាន់តែច្បាស់ថាចំណេះដឹងឯងនៅមានកម្រិតនៅឡើយ» អែលលីណាក៏តំឡើងសំឡេងដាក់ពួកគេរួចបែរចេញតែក៏ភ្ញាក់នឹងវត្តមានរបស់អ្នកមកដល់ទាំង២នាក់នោះ។
«បងលូសុី..នេះ..» អែលលីណាក៏ភ្ញាក់កាលបើបានឃើញលូសុីមកទីនេះ នាងក៏ចង្អុលទៅអ្នកដែលមកជាមួយឯណោះ លូសុីក៏ងាកមើលទៅបុរសដែលឈរចិបកាហ្វេក្បែរនាងរួចក៏គៀសគេមួយដៃ។
«លូសុីនេះអូនគៀសបងធ្វើអី?!» ថេយ៉ុងនិយាយឡើងទាំងដៃម្ខាងជូតស្នាមប្រឡាក់នៅលើមាត់ តែក៏មិនភ្លេចងាកញញឹមដាក់អែលលីណាផងដែរ។
«ផឹកកាហ្វថ្មើរនឹងបងគិតដេករឺអត់យប់នេះ? អូនមិនបាននៅកំដរបងមើលព្រះចន្ទទេប្រាប់ឲ្យច្បាស់» លូសុីនិយាយរួចក៏កាន់ស្មាអែលលីណាបន្តិច នាងក៏មិនភ្លេចងាកមើលក្មេងៗដែលរករឿងអែលលីណាមុននោះបន្តិច មុននឹងសំឡឹងមើលពួកគេដូចជាចង់សុីសាច់ទើបពួកគេទាំងនោះប្រញាប់នាំគ្នាចាកចេញទៅព្រោះបើមិនអ៊ីចឹងទេច្បាស់ជាស្លាប់ចោលឆ្អឹងនៅទីនេះជាមិនខានឡើយ។
«និយាយអ៊ីចឹងមិចបានជាបងលូសុីមកទីនេះ?!»
«លោកប្រធានាធិបតីខលប្រាប់ថាកូដក្រហម..» លូសុីនិយាយឡើងនាំឲ្យអែលលីណានាងឆ្ងល់មិនស្ទើរ លូសុីក៏អស់សំណើចបន្តិចរួចក៏ហុចទឹកដោះគោមួយកែវដែលនាងទិញមកឲ្យអែលលីណា។
«អែលញ៊ាំទឹកដោះគោសិនទៅ ចាំបងឲ្យគេទៅបើកសញ្ញាបត្រ័ឲ្យ..» លូសុីបញ្ចប់ប្រយោគដោយការងាកមើលទៅថេយ៉ុង នាយក៏ចងចិញ្ចើមបន្តិចតែក៏ព្រលែងខ្យល់ដង្ហើមបន្តិចរួចចូលទៅភ្លាម ព្រោះខ្លាចមេខ្លាខឹង អែលលីណាក៏តាមមើលនាយបន្តិចរួចអស់សំណើច នេះគេខ្លាចប្រពន្ធថ្នាក់នឹងរឺ?!
«លោកប្រធានាធិបតីថាទៅរកប៉ាអូនអែល ទើបគាត់ឲ្យបងនឹងថេយ៍មករកអូននឹងជូនអូនទៅផ្ទះ..»
«ការពិតទៅខ្ញុំថាបងមិនចាំបាច់ពិបាកទេ ខ្ញុំអាចជិះតាក់សុីទៅវិញក៏បានដែរ» អែលលីណាក៏ច្បូញមាត់តិចៗ លូសុីក៏ក្រវីក្បាលរួចទាញកន្សែងមកគ្របស្មាអែលលីណាកាន់តែជិតបន្តិច។
«លោកប្រធានាធិបតីបារម្ភពីកូន ជាពិសេសគឺអូននឹងឯង បើមិនអ៊ីចឹងលោកមិនឲ្យពួកបងមកទទួលអូនឡើយ ទទួលយកការបារម្ភលោកខ្លះទៅណា៎អែល..» លូសុីពន្យល់ណែនាំទៅអែលលីណាបន្តិច នាងតូចយើងក៏ញញឹមរួចងក់ក្បាលឆ្លើយតបវិញ។
«បងយកបានហើយ..» មួយសន្ទុះថេយ៉ុងក៏ចេញមកវិញព្រមជាមួយនឹងសញ្ញាបត្រ័របស់អែលលីណា នាងតូចក៏ចងចិញ្ចើមបន្តិច នាងងាកមើលទៅក៏បាត់ជួរអស់រលីង មុននេះនាងឃើញមានច្រើនណាស់តើ។
«នេះលឿនម៉្លេះលោកថេយ៍?!»
«បងមានធ្វើស្អីរឺអត់បានជាយកបានលឿនថ្នាក់នឹង?» លូសុីក៏សួរទាំងចងចិញ្ចើម ថេយ៉ុងក៏ក្រវីក្បាលរួចចូលទៅអោបកាន់ដៃភរិយាបន្តិច។
«មើលបងផ្លូវល្អខ្លះផងណ៎..តោះពួកយើងទៅ ចាំបងជាអ្នកបើកឡានណា៎ នាំពួកអូនៗដើរលេង អូយ៎» ថេយ៉ុងស្រែកយ៉ៃកាលបើលូសុីគឹសគេមួយកែងចាំពោះ អែលលីណាក៏ក្រវីក្បាលទាំងអស់សំណើចរួចពួកគេក៏ចាកចេញទៅជាមួយនឹងគ្នា ថេយ៉ុងដែលលេងសើចជាមួយភរិយាមុននោះក៏ងាកមើលមកសាលាវិញក៏បានឃើញសិស្សជាច្រើនអើតក្បាលមើលមកគេតាមមាត់ទ្វារ នាយប្រែទឹកមុខបន្តិចរួចទម្លាក់ដៃគោះកាំភ្លើងនៅហោប៉ៅបន្តិចនាំឲ្យគ្រប់គ្នាបាសសក់ច្រូង។
ការពិតមុននេះគេប្រើផ្លូវកាត់មែន 🤣🤣
សូមរង់ចាំអានភាគបញ្ចប់នៅថ្ងៃស្អែក 💕