រឿង ត្រឡប់បន្តសន្យា
ភាគ០៣
មួយសប្ដាហ៍កន្លងទៅ..
រយៈពេលមួយសប្ដាហ៍...គឺមួយសប្ដាហ៍ដែលនាងតួចអែលលីណាជួបមុខនឹងបានឃើញវត្តមានរបស់កម្លោះជុននីអូ បុរសដែលនាងមិនដឹងពីអត្តសញ្ញាណច្បាស់លាស់ថាជានរណាឲ្យប្រាកដដឹងត្រឹមតែថាគេតែងតែព្យាយាមចូលមករកនាង ស្និតស្នាលនឹងនាងហើយក៏ធ្វើដូចជាចង់មករំលឹកអ្វីម៉្យាងដល់នាងអញ្ចឹងដែរ។
(គេមកទៀតហើយ?)
សំនួនពាក្យនិយាយក្នុងចិត្តតែម្នាក់ឯងពីជាន់ខាងលើផ្ទះមក អែលលីណាសំឡឹងមើលមកជុននីអូដែលកំពុងតែឈរអោបដៃនៅខាងមុខផ្ទះរបស់នាងឯណេះ វាមិនមែនជាលើកទីមួយឡើយគឺសឹងតែរាល់ថ្ងៃតែម្ដង គេតែងតែមករង់ចាំនាងនៅខាងមុខផ្ទះរហូត ដល់ថ្នាក់នាងគិតថាគេគ្មានការងារធ្វើទេរឺក៏យ៉ាងមិច?
(កុំគិតច្រើន)
អែលលីណានាងមិនបាននិយាយអ្វីទៀតតែក៏ប្រញាប់នាំខ្លួនចេញពីមាត់បង្អួចនឹងទាញកូនកាបូបតូចរបស់នាងចេញទៅភ្លាមៗ។ ទ្វារផ្ទះរបស់អែលលីណាបើកឡើងនាំឲ្យអ្នកដែលកំពុងតែឈររង់ចាំនាងតាមទម្លាប់នោះក៏ញញឹមឡើងទាំងសប្បាយចិត្ត ត្បិតថាគេបានជួបនាងដូចបំណង។
(អរុណសួស្ដី) ជុននីអូបង្ហាញកាយវិការស្វាគមន៍រាក់ទាក់ទៅកាន់នាងរួចក៏ងាកសប្បាយចិត្តតែម្នាក់ឯងទៅវិញ គេខំប្រឹងរៀនភាសាកាយវិការគឺមិនខកបំណងពិតមែន អែលលីណានាងក៏មិនបាននិយាយអីច្រើនតែក៏ដើរចេញធ្វើមិនខ្វល់។
"នេះនៅខឹងរឿងកាលពីយប់មុននោះទៀតរឺ? ចំជាពិបាកលួងលោមពិតមែនណ៎" ជុននីអូសំឡឹងមើលផែនខ្នងរបស់នាងរួចក៏និយាយទាំងខ្នក់ខ្នាញ់ តែមិនអីទេ នាងកាន់តែធ្វើបែបនេះគេក៏នឹងកាន់តែតាមនាងឲ្យជាប់។
ជុននីអូដើរតាមពីក្រោយអែលលីណារហូតឆ្លងផ្លូវពីមួយប្លុកទៅមួយប្លុកទៀត គេគិតតែពីដើរតាមពីក្រោយ ឯអ្នកដែលដើរនាំមុខឯណោះក៏គិតតែពីដើរទៅមិនចាំគេដូចគ្នា។
(គេគិតតាមយើងដល់ណាទៅ?)
អែលលីណាដើរមិនមាត់ករអីពិតមែនតែក្នុងខួរក្បាលនាងគឺគិតជាប់រហូតព្រោះគេកាន់តែតាមនាងកាន់តែគិតគេក្នុងផ្លូវមួយដែលថាមិនដូចធម្មតា បើសិនជាគេមានអ្វីចង់និយាយជាមួយនឹងនាងក៏និយាយឲ្យត្រង់មក តែនេះគេបែរជាមកគ្រាន់តែបង្ហើបៗប្រាប់នាងពីអ្វីម៉្យាងដែលវាចៃដន្យគ្នាជាមួយនឹងសុបិន្តរបស់នាងប៉ុណ្ណោះ។
"អែល..ប្រយត្ន័!!!" រវល់តែគិតក្នុងចិត្តម្នាក់ឯងមិនបានមើលផ្លូវទើបអែលលីណាឆ្លងថ្នល់ទាំងមិនបានមើលឡានម៉ូតូដែលឆ្លងកាត់ទីនោះ តែអាចទុកថាជាសំណាងដែលនាងមានកន្ទុយនៅពីក្រោយ បុរសសង្ហាមាឌមាំទាំដែលដើរតាមពីក្រោយនោះលូកទាញនាងឲ្យបែរមកក្រោយវិញទាំងកម្រោល រាងកាយនាងបង្វិលមួយជុំចូលក្នុងទ្រូងហាប់ណែនរបស់នាយឯណេះវិញ អែលលីណាក៏នៅស្ងៀមទ្រឹងឲ្យគេអោប នាងក៏ទទួលដឹងដល់ដៃមាំទាំដែលគោះអង្អែលខ្នងនាងតិចៗផងដែរ។
"អស់អីហើយ កុំភ័យៗ" ជុននីអូនិយាយលួងលោមនាងដូចជាគ្រាចាស់ដែលគេធ្លាប់លួងលោមអែលលីឯណោះ ហេតុអីក៏ការអោបមួយនេះកក់ក្ដៅដូចជានាងខ្លាំងម៉្លេះ? អាចទេដែលក្មេងម្នាក់នេះជាអែលលីពិតមែននោះ?
(អរគុណ..)
អែលលីណាក៏ដកខ្លួនចេញពីការអោបក្រសោបរបស់នាយរួចអោនគំនាបបន្តិចទុកការអរគុណព្រោះមុននេះបើគេទាញដៃនាងមិនទាន់ទេ ច្បាស់ណាស់ថ្មើរនេះនាងប្រហែលជាបាននៅលើឡានសារ៉ែនបាត់ហើយ។
ជុននីអូបង្ហាញស្នាមញញឹមថ្ពាល់ខួចទៅកាន់នាង ទោះជាគេមិនបាននិយាយរឺប្រើកាយវិការអ្វីតបមកនាងក្រៅពីស្នាមញញឹម ក៏អែលលីណានាងបែរជាក្ដៅមុខភាយៗដែរ ស្រីតូចប្រញាប់ងាកបែរខ្នងមកវិញរួចចាំភ្លើងស្ដុបបន្ត ស្រីតូចលើកដៃទាំងសងខាងមកទប់ថ្ពាល់ខ្លួនឯងរួចទះវាតិចៗ កាយវិការរបស់នាងក៏នាំឲ្យអ្នកដែលឈរពីក្រោយឯណោះអស់សំណើចផងដែរ។
ពួកគេទាំង២នាក់ចំណាយពេលមួយសន្ទុះធំទើបមកដល់សណ្ឋាគារដែលអែលលីណានាងធ្វើការនោះ ស្រីតូចអោនគំនាបទៅកាន់អ្នកដែលធ្វើការជាមួយគ្រប់ៗគ្នាយ៉ាងមានសុជីវធម៌ នាងដើរចូលបានបន្តិចរួចក៏ឈប់ដល់ថ្នាក់អ្នកដែលដើរតាមពីក្រោយឯណោះបុកខ្នងនាងលាន់ផឹប។
(ហេតុអីក៏លោកនៅតែតាមខ្ញុំទៀត?) អែលលីចង្អុលទៅគេរួចលើកដៃជាសញ្ញាបែបងឿងឆ្ងល់ថាហេតុអីក៏គេនៅតែតាមនាងមកទីនេះទៀត ជុននីអូនាយក៏ងាកមុខមើលឆ្វេងស្ដាំបន្តិចមុននឹងបានឃើញអុំស្រីម្នាក់រុញអាវបុគ្គលិកសណ្ឋាគារចូលមកនាយក៏ទាញយកវាមករួចបង្ហាញនាង។
(ខ្ញុំក៏ធ្វើការនៅទីនេះដែរ ទើបតែដាក់ពាក្យពីម្សិល) ជុននីអូសរសេរនៅលើទូរសព្ទ័រួចបង្ហាញវាទៅអែលលីណា នាងក៏មិនបាននិយាយអីតែក៏ចងចិញ្ចើមបែបមិនចង់ជឿ។
"អែល..អូ!ព្រះអើយ.." ម្ចាស់សណ្ឋាគារដែលទលបតែដើរចូលមកបំណងចង់និយាយជាមួយអែលលីណាក៏ភ្ញាក់ព្រើតកាលបើឃើញវត្តមានរបស់ជុននីអូនៅទីនោះ គាត់បានដឹងច្បាស់ថាជុននីអូជានរណា មកពីណា មានតួនាទីបែបណាទើបគេភ្ញាក់ដែលឃើញនាយមកឈរកាន់ឈុតបុគ្គលិកក្នុងសណ្ឋាគារបែបនេះ។
"លោកប្រធានាធិបតី.."
"ស្ងាត់មាត់បើមិនចង់ត្រូវ" ជុននីអូនិយាយគម្រាមបុរសម្នាក់នោះបន្តិចដល់គាត់ស្ងាត់មាត់ អែលលីណាក៏លើកកាយវិការដោយយកដៃចង្អុលទៅជុននីអូរួចចង្អុលមកអាវដែលគេកាន់វិញបំណងចង់ដឹងថាគេធ្វើការនៅទីនេះពិតមែនរឺអត់? បុរសម្នាក់នោះក៏មើលទៅលោកប្រធានាធិបតីវ័យក្មេងបន្តិចហាក់ទាក់ទើរតែក៏បែរជាទទួលបានក្រសែភ្នែកបែបកាចត្រឡប់មកវិញ គាត់ក៏លេបទឹកមាត់ក្អឹករួចងក់ក្បាលឆ្លើយតបវិញភ្លាមៗ។
(នាងជួយមើលការងារគេផង គេទើបតែចូលថ្មីទេ)
អែលលីណាក៏សំឡឹងមើលកាយវិការដែលគាត់បង្ហាញមករួចអោនក្បាលគោរពគាត់បន្តិច បុរសម្នាក់នោះក៏ចូលមករកជុននីអូរួចកាន់ស្មាគេទាំងសងខាងជាប់។
"លោកប្រធានាធិបតីសូមអញ្ជើញមកបន្ទប់ខ្ញុំមួយភ្លែតទាន៎ប្រុស"
"យើងដឹងហើយ" ជុននីអូនិយាយដោយសំឡេងច្បាស់លាស់ទៅកាន់បុរសម្នាក់នោះ គាត់ក៏ចេញទៅមុនទុកឲ្យជុននីអូនៅឈរក្បែរអែលលលីណាសិន នាយក៏លូកដៃកេះស្មានាងបន្តិចរួចបង្ហាញទូរសព្ទ័ទៅកាន់នាងថាបន្តិចទៀតគេនឹងមកវិញ អែលលីណាមិនទាន់បាននិយាយផងគេក៏លើកដៃឈ្លីសក់នាងបន្តិចរួចចេញទៅបាត់។
"អែល.." គ្រានោះលោកមេការក៏ចូលមកដល់រួចកាន់ប៉ះស្មារបស់អែលលីណា នាងក៏ញញឹមរួចទទួលយកកាតបន្ទប់មួយពីគាត់ រាល់ពេលដែលគាត់ឲ្យកាតបានន័យថាភ្ញៀវត្រូវការអ្វីហើយ មិនបង្អង់នាងក៏ប្រញាប់ទៅភ្លាម។
ក្រាក!
ទ្វារបន្ទប់វីអាយភីជាន់លើបង្អស់បើកឡើងនាំភាពត្រជាក់ល្ហឹមមកប៉ះនឹងខ្លួននាង អែលលីណាក៏ទាញទ្វារបិទបន្តិចរួចចូលទៅបន្ទប់ខាងនោះ នាងតូចបោះជំហានចូលមកទាំងភ្នែកងាកមើលឆ្វេងស្ដាំតែនាងក៏ឈប់កាលបើបានឃើញស្រីម្នាក់នៅអង្គុយលើសាឡុងគងអន្ទាក់ខ្លាហាក់ដូចជាកំពុងតែរង់ចាំនាង។
"មកដល់ហើយហេស៎អែល?.."
គេប្រើសព្វនាមបែបនេះជាមួយនាងធ្វើដូចជាគេស្គាល់នាងច្បាស់អញ្ចឹងដែរ តែថានាងជានរណាទៅ?
You are reading the story above: TeenFic.Net