ភាគ០១

Background color
Font
Font size
Line height

ត្រឡប់បន្តសន្យា
ភាគ០១

"ចូលទៅបានទេ?" ក្រោយពីឃើញនាងឈរភ្លឹកមើលមកគេមួយសន្ទុះម្ចាស់កាយមាំទាំក៏កាន់ស្មានាងម្ដង ការកាន់ប៉ះរបស់គេក៏នាំឲ្យអ្នកម្ខាងទៀតនោះភ្ញាក់នឹងប្រញាប់រហ័សវាសដៃគេចេញបន្តិច ដៃតូចស្រឡូនលូករុញទ្រូងគេបន្តិចហាក់ប្រាប់គេដោយប្រយោលថាឈប់ កុំទាន់អាលចូលមកខាងក្នុង។
គ្រឹប!
"អុញ៎.." ជុននីអូក៏លាន់មាត់បន្តិចកាលបើអែលលីណានាងរុញមិនឲ្យគេចូលហើយនៅឆ្លៀតទាញទ្វារផ្ទះបិទចោលគេថែមទៀត នាយក៏លើកដៃកាន់ប៉ះទ្វារបន្តិចរួចក៏ញញឹមបែបចង់សើចបន្តិចអីបន្តិច ទឹកមុខបើកភ្នែកម៉ក់ៗរបស់នាងអម្បាញ់មិញនោះមិនអាចឲ្យគេដកចិត្ត មិនគិតមិនបានឡើយ ដូចខ្លាំងណាស់ គេដូចជាបានជួបអែលលីម្ដងទៀតអញ្ចឹងទាំងដែលគេរស់នៅនឹងជួបមុខអែលឡាស្ទើររាល់ថ្ងៃតែគេក៏បែរជាមិនមានអារម្មណ៍បែបនេះសោះ។
ស្នាមញញឹមរបស់គេក៏មិនអាចគេចពីក្រសែភ្នែកនាងតូចដែលលបលួចសំឡឹងគេតាមចន្លោះវាំងននបង្អួចក្បែរនោះមកបាន អែលលីណាលូកដៃក្ដាប់វាំងននបន្តិចហាក់ដូចជាកាន់តែមានចម្ងល់។
(ហេតុអីក៏គេមករកយើងម្ដងទៀត ហើយហេតុអីក៏គេមានខ្សែករដែលដូចគ្នានឹងរបស់ក្នុងយល់សប្តិរបស់ខ្ញុំខ្លាំងម៉្លេះ? គេជាស្អីឲ្យប្រាកដទៅ?)
អែលលីណាចំណាយពេលឈឺគិតមួយសន្ទុះធំដោយព្យាយាមលើកយកហេតុផលគោលជាច្រើនដែលសមស្របបញ្ជាក់ថាមូលហេតុដែលគេត្រឡប់មករកនាង តែក៏មិនមានហេតុផលណាសមស្របព្រោះគេនឹងនាងជួបគ្នាបានតែមួយដងប៉ុណ្ណោះ ហើយគេក៏តែងតែទាក់ទងមកនាង ទាំងដែលនាងមិនបានដឹងថាគេបានលេខនាងមកពីណាឡើយ។
ហ្វូ!
ខ្យល់បោកបក់ចូលមកកាត់ប៉ះនឹងស្មាតូចសក្បុសរបស់អែលលីណានាំឲ្យនាងមានអារម្មណ៍ត្រជាក់ស្រៀវស្រាញនឹងដូចជាដាស់តឿនប្រាប់នាងថានៅខាងក្រៅវារងាខ្លាំងណាស់ ចុះប្រុសម្នាក់នោះយ៉ាងមិចទៅហើយ?
ក្រាក!
អែលលីណាក៏យល់ព្រមបើកទ្វារផ្ទះឡើង មិនខុសពីការគិតរបស់នាងឡើយ គេនៅអោបដៃផ្លុំខ្យល់បែបរងាញាក់នៅខាងក្រៅដដែលមិនព្រមទៅណាសោះ។
"ឲ្យយើងចូលទៅរឺ?" ជុននីអូក៏លើកដៃចង្អុលខ្លួនឯងបន្តិចកាលបើអែលលីណាបក់ដៃឲ្យគេចូលទៅខាងក្នុង នាងមិនបាននិយាយអីតែក៏ប្ដូរមកជាសំឡក់គេទៅវិញ នាងខំបក់ដៃហៅប៉ុណ្ណោះហើយនៅមិនដឹងទៀតរឺ?
"អេ៎..ចង់ធ្វើអី?" កាលបើអែលលីណាចូលទៅកាន់តែជិតនាយ ជុននីអូក៏ភ្ញាក់បន្តិចដែរ នាងលូកដៃទាញទូរសព្ទ័ពីដៃគេមករួចចុចចូលវាយអក្សរមិនដឹងជាសរសេរពីអ្វីខ្លះ មួយស្ទុះទើបនាងបង្ហាញទៅកាន់គេ។
(លោកចូលទៅហូបតែសិនទៅ ខ្ញុំទៅទិញអីយកមកញ៊ាំសិន របស់ក្នុងផ្ទះខ្ញុំសុទ្ធតែរបស់មានតម្លៃ ហាមលួច)
"ហាមលួចហេស៎?" ជុននីអូឧទានឡើងស្របនឹងរាងកាយងាកមើលទៅនាងតូចដែលទើបដើរចេញនោះ អែលលីណានាងរត់ត្រុកៗទៅកាន់ផ្លូវចេញព្រោះនៅទីនោះទើបមានម៉ាតដែលនាងអាចទិញរបស់ញ៊ាំបាន។
...
(ហេតុអីក៏គេចង់និយាយប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សគរដូចជាយើងខ្លាំងម៉្លេះ? គេជានរណា? មកពីណា? យើងក៏មិនដឹង...)
"ហ៊ឹស" ស្រីតូចទម្លាក់កញ្ចប់មីចូលក្នុងកន្ត្រកស្របនឹងការព្រលែងខ្យល់ដង្ហើមធំដែលនាំឲ្យអ្នកដែលឈរទិញអីវ៉ាន់នៅក្បែរនោះរៀងភ្ញាក់បន្តិច អែលលីណានាងមិនបានដឹងក៏នៅតែបន្តរើសរបស់បណ្ដើរដកដង្ហើមធំបណ្ដើររហូតទាល់តែនាងរើសបានគ្រប់ទើបនាងយកវាទៅកន្លែងគិតលុយ។
អែលលីណាឈររង់ចាំអ្នកលក់គិតលុយរួចកែវភ្នែកក៏ងាកមើលទៅខាងក្រៅ មេឃមានខ្យល់បោកបក់នាំមកនូវភាពស្រអាប់ងងឹតបន្តិចត្បិតថាមួយរយៈនេះអាការៈវាក៏ប្រែប្រួលបន្តិច។
"អស់៣៥ដុល្លារអ្នកនាង.." អ្នកគិតលុយនោះគិតរួចក៏និយាយទៅកាន់អែលលីណា តែក៏មិនមានសំឡេងឆ្លើយតបមកវិញ នាងរវល់តែភ្លឹកមើលទៅខាងក្រៅព្រមជាមួយនឹងស្នាមញញឹម។
"អ្នកនាង..អ្នកនាង" គ្រានោះក៏មានបុរសម្នាក់កេះដៃនាងនាំឲ្យអែលលីណាភ្ញាក់ទម្លាក់កាបូបចោលលើដី ស្រីតូចក៏អោនគំនាបទៅម្ខាងបន្តិចរួចក៏អោនរើស ដៃតូចស្រឡូនទម្លាក់ចុះរើសស្របនឹងដៃមាំរបស់អ្នកម្ខាងទៀតអោនរើសដូចគ្នាដែរ។
អែលលីណាទាញយកកាបូបដៃនាងដោយខ្លួនឯងរួចក្រោកឈរត្រង់ខ្លួន ដៃតូចខាងស្ដាំក៏ក្ដាប់ចូលគ្នារួចអង្អែលត្រង់ចុងដង្ហើមដែលបង្ហាញថានាងសុំទោសគេ នាងក៏មិនបានរំពឹងទុកថាអ្នកម្ខាងទៀតញញឹមរួចក្រវីក្បាលតបវិញឡើយ។
(ខ្ញុំក៏សុំទោស) នាយម្នាក់នោះក៏បង្ហាញភាសាកាយវិការនោះតបមកកាន់អែលលីណាវិញដូចគ្នាដែរ អែលលីណាក៏ញញឹមតបទៅគេវិញ រួចងាកមកគិតលុយរបស់ដែលនាងទិញវិញ ស្រីតូចក៏គិតលុយរួចងាកញញឹមដាក់មនុស្សប្រុសម្នាក់នោះបន្តិច មុននឹងចាកចេញទៅបាត់។
អែលលីណាញញឹមទាំងអារម្មណ៍ល្អតាំងពីនៅហាងនោះមករហូតមកដល់មុខផ្ទះនាងក៏ឈប់កាលបើនាងឃើញប្រុសម្នាក់នោះនៅឈររេរាមាត់ទ្វារផ្ទះនាងហាក់ដូចជាមានអ្វីម៉្យាងអញ្ចឹង គ្រាន់តែក្រឡេកឃើញនាងមកវិញគេក៏ប្រញាប់ងាកបែរខ្លួនចូលទៅខាងក្នុងបាត់។
(គេកើតស្អីអញ្ចេស៎?) អែលលីណាជ្រឹមចិញ្ចើមចូលក្នុងហាក់មិនយល់ តែនាងក៏មិនបានគិតនឹងប្រញាប់យួររបស់របរចូលទៅខាងក្នុងបាត់ មកដល់នាងក៏ងាកមើលទៅនាយកម្លោះគេអង្គុយធ្វើមុខខ្មួរខុសពីមុននេះដាច់។
(គេអង្គុយធ្វើមុខស្មើរហូតតាំងពីខ្ញុំត្រឡប់មកពីក្រៅវិញ នេះមានរឿងអីទៅ?) អែលលីណាគិតក្នុងចិត្តតែម្នាក់ឯងរួចដើរចូលទៅរកគេព្រមជាមួយនឹងឆ្នាំងមីដែលនាងទើបតែឆុងរួច មកដល់ជុននីអូក៏ងើបមើលមុខនាងរួចលូកដៃទាញនាងឲ្យអង្គុយផ្ទាល់ឥដ្ឋជាមួយនាយ។
"ប្រុសម្នាក់នេះជាអ្នកណា?" គេក៏បង្ហាញរូបមនុស្សប្រុសម្នាក់ដែលជួបជាមួយនឹងនាងដោយចៃដន្យមុននោះ អែលលីណាបញ្ចេញប្រតិកម្មភ្លាមៗដោយការទាញយកក្ដារហ្វឺតក្បែរនោះរួចសរសេរអ្វីមិនដឹង។
(លោកតាមដានខ្ញុំ? លោកចង់បានអី?) ជុននីអូមើលមុខនាងរួចចុចវាសលើទូរសព្ទ័គេបន្តិច មុននឹងបង្ហាញពាក្យមួយឃ្លាដែលនាំឲ្យនាងតូចជ្រឹមចិញ្ចើម។
"ចង់បាននាងនឹងហើយ..."
ផូស៎!!!
គេថាមាត់មិនរហ័សក៏មិនប្រាកដថាដៃមិនរហ័សដូចមាត់ដែរ អែលលីណាទាញគ្របឆ្នាំងមីដែលនៅក្បែរដៃនោះវ៉ៃគេលាន់ផូសចាប់កណ្ដាលក្បាល ជុននីអូខាំសង្គ្រឺតធ្មេញបន្តិចព្រោះតែការឈឺចាប់ដែលមាននោះ។
(ហូបទៅ..) អែលលីណាទម្លាក់ចានស្លាបព្រាឲ្យគេរួចក៏ចាត់ការចាក់មីចូលក្នុងចានរបស់នាង ជុននីអូក៏ក្រវីក្បាលរួចអស់សំណើចបន្តិច នាយទាញយកចានមកស្របនឹងទូរសព្ទ័នាយរោទ៍ឡើងល្មម មានសារមួយផ្ញើចូលព្រមនឹងរូបថតមួយសន្លឹក វាជារូបដែលនាយឈរចាំអែលលីណានៅមុខផ្ទះកាលពីក្បាលព្រលប់។
(បងទៅម្ដុំនោះធ្វើអី? បងជួបអ្នកណាហេស៎?) សារជាអក្សរមួយក៏ផ្ញើចូលមកស្របនឹងលេខរបស់ព្រះនាងអែលឡាបង្ហាញលើអេក្រង់នោះភ្លាម។
(អែលឡាតាមដានយើងរឺ? មិនបានទេ...)

You are reading the story above: TeenFic.Net