ភាគ៤៦៖ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ

Background color
Font
Font size
Line height

       ទីក្រុង Seoul
       ងារជាអគ្គនាយកក្រុមហ៊ុន..

       កាលដែលមកឈរឈ្មោះជាអគ្គនាយកក្រុមហ៊ុនបានធ្វើឱ្យ ជុងហ្គុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដ្បិតខ្លួនស្រាប់តែទទួលបានការតែងតាំងថ្មីមួយពីអតីតអគ្គនាយកចាស់ដែលជាជនជាតិរុស្ស៊ី លោក ហ្វីឌ័រ បានសម្រេចចិត្តប្រគល់ការងារកាន់កាប់មុខតំណែងចាស់ទាំងនេះទៅឱ្យ ជុងហ្គុក ផ្តាច់មុខចាត់ទុកជាគុណតម្លៃដែលនាយបានខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្មនិងគ្រប់គ្រង Clothing Company រហូតមកទល់និងពេលនេះ វាក៏ជាផលតបស្នងដ៏ស័ក្តិសមបំផុតសម្រាប់រូបគេដូច្នេះផងដែរ។

       “ងាកមកណេះអូនចងក្រវាត់កឱ្យបង!” ថេយ៉ុង លូកដៃចូលទៅជួយទាញក្រវាត់កឱ្យស្វាមី ព្យាយាមផ្ចិតផ្ចង់សម្លឹងមើលភាពខ្វះខាតលើដងខ្លួនលោកប្តីឱ្យបានស្អាតបាតគ្រប់ជ្រុងជ្រោយរួចសព្វទើបញញិម មើលឃើញ ជុងហ្គុក ស្លៀកពាក់បែបសង្ហាៗតែងខ្លួនរបៀបមនុស្សប្រុសចាស់ទុំយ៉ាងនេះ ក្នុងកែវភ្នែករបស់គេពិតជាមានក្តីសុខខ្លាំងណាស់។

       “រឿងខ្លះវារញេរញៃស្មុគស្មាញដល់ម្លឹងឬអូន?” ជុងហ្គុក ស្រាប់តែពោលពាក្យសួរចម្ងល់ដ៏សែនឆ្ងល់យ៉ាងនេះឡើងមក ក្នុងកែវភ្នែករបស់គេពោពេញទៅដោយសំណួរជាច្រើន ដែលបានសម្លឹងនិងបង្ហាញឱ្យ ថេយ៉ុង បានមើលឃើញយ៉ាងច្បាស់។

       “បើអូនរំឭកទៅក៏បងព្យាយាមគិតនឹកមិនឃើញដដែល កុំព្យាយាមទៀតអី ពេលនេះបងជាអ្នកណា? បងត្រូវតែរៀនស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ ហើយរស់នៅក្នុងបច្ចុប្បន្ន ប្រើជីវិតរស់នៅឱ្យបានល្អបំផុតឮទេ?” ថេយ៉ុង ស្ទាបលើថ្ពាល់រាងក្រាស់ ជួយផ្តល់កម្លាំងចិត្តឱ្យស្វាមីក្នុងនាមជាភរិយាដ៏ល្អបំផុត។

       “អូនទៅជាមួយបងណា បងចង់ឃើញអូននៅរង់ចាំផ្តល់កម្លាំងចិត្តឱ្យបង!” ជុងហ្គុក ទាញ ថេយ៉ុង មកឱបពិតខ្លួនរាងតូចជាប់នឹងដើមទ្រូងបន្តិច រួចញញិមសម្លឹងមើលកែវភ្នែកពេញប្រៀបទៅដោយសេចក្តីស្រលាញ់។

       “អូខេ..អូននិងទៅ!”

       “សឺត!!” និយាយចប់ ជុងហ្គុក ផ្តល់ស្នាមថើបទៅលើថ្ពាល់ទន់ល្មើយភរិយាមួយខ្សឺត ចាត់ទុកថាការថើបនេះអាចជាថាមពលដ៏មានន័យបំផុតក្នុងកម្លាំងចិត្តនិងចង្វាក់បេះដូងរបស់គេផងទៅចុះ។

       នៅពេលមកដល់ពិធី ផ្ទេរមុខងារតំណែងថ្មី ការរៀបចំនៅទីនេះទាំងមូលគឺមានសណ្តាប់ធ្នាប់ល្អនិងមានភ្ញៀវកិត្តិយសដែលជាអញ្ជើញចូលរួមសុទ្ធសឹងតែជាមនុស្សដែលមានឋានៈ បុណ្យស័ក្តិធំរួមទាំងមនុស្សដែលមានជីវភាពសមប្រកបក៏បានមកចូលរួមក្នុងនាមជាអ្នកអបអរសាទរដល់ការផ្ទេរមុខងារតំណែងថ្មីមួយនេះដែរ។

       ជុងហ្គុក មានទឹកមុខស្រស់បស់ញញិមជាប់លើផ្ទៃមុខពុំដាច់ មានបុគ្គលិកជាច្រើន តែងតែចូលមករាក់ទាក់រួសរាយអបអរសាទរដល់ខ្លួន នាំឱ្យនាយមានអារម្មណ៍ថាកក់ក្តៅប្លែកច្រើន កាលពីខ្លួននៅមានវ័យក្មេងជាងនេះ ដែលតែងតែទទួលបានការស្អប់ខ្ពើមនិងមានតែអ្នករង់ចាំធ្វើបាបស្ទើរតែរលត់ជីវិតថែមទៀត។

       ប៉ុន្តែនៅពេលដែលឈានចូលដល់វ័យកណ្តាល គេបែរជាទទួលបានការកោតសរសើរ ហើយមើលថែទាំនិងការយកចិត្តទុកដាក់ពីអ្នកដទៃជាច្រើនទៀត ទាំងនេះក៏បានសបញ្ជាក់ឱ្យគេបានដឹងខ្លួនផងដែលថា កាលដែលមានទ្រព្យធន់ ស្តុកស្តម្ភ មានឋានៈ លុយកាក់និងសម្ភារៈទំនើបៗ មានមុខមាត់ រូបរាងល្អស្អាត ទោះបីជាគេនៅឈរស្ងៀមៗ ក៏មានមនុស្សចាប់ចូលមករាក់ទាក់ យកចិត្តថ្លើម បង្កើតទំនាក់ទំនង ខុសប្លែកកាលពីរស់នៅដែលគ្មានអ្វីសោះ តែងតែទទួលបានការស្អប់ខ្ពើម មើលងាយ និងការតិះដៀលប្រមាថគ្រប់សព្វបែបយ៉ាង រស់ជាតិជីវិតដ៏ជូរចត់ បាននាំឱ្យខ្លួនដើរទៅដល់ផ្លូវមួយដ៏លំបាក។

       កំឡុងពេលនេះ គេបានស្គាល់ដឹងច្បាស់ពីខ្លួនឯងហើយ គេជាអ្នកណា មកពីណា ហើយឈរនៅត្រង់ណា នៃចំណុចកំពូលក្នុងខ្សែភ្នែកមនុស្សគ្រប់គ្នានោះដែរ។

       “ជាដំបូង ខ្ញុំសូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកចូលរួមយ៉ាងសំខាន់ក្នុងពិធីដ៏មានន័យក្នុងជីវិតរបស់ខ្ញុំខ្លាំងបំផុត សូមអរគុណចំពោះលោកឪពុក ហ្វីឌ័រ ដែលបានលះបង់តួនាទីនិងការងារគ្រប់យ៉ាង គ្រប់ផ្នែក នៃ Clothing Company ប្រគល់មកឱ្យខ្ញុំបាទជាអ្នកគ្រប់គ្រង ក្នុងនាមជាអគ្គនាយកវ័យខ្ចីម្នាក់!”

       ខណៈនោះសំឡេងទះដៃក៏ស្រាប់តែលាន់ប្រកូកបន្លឺយ៉ាងទ្រហឹងពេញសាល ញ៉ាំងឱ្យទឹកមុខប្រុសកំលោះវ័យខ្ចីរូបស្រស់ ហាក់ទទួលបានកម្លាំងចិត្តនិងជម្រុញស្មារតីរបស់គេឱ្យកាន់តែទទួលបានភាពក្លាហានបន្តទៅមុខបន្ថែមទៀត។

       “ទាំងនេះជាសមិទ្ធផលនិងមុខជំនួញដ៏ល្អឯកអស្ចារ្យក្នុងការកសាងមុខងារអាជីវកម្មសម្លៀកបំពាក់ ទាំងក្នុងស្រុកនិងក្រៅស្រុក ឱ្យទទួលបានការលូតលាស់បន្ថែម នៅក្រោមស្នាដៃ ការដឹកនាំ ដ៏ហ្មត់ចត់ពីលោកឪពុកទាំងមូលផងដែរ មិនតែប៉ុណ្ណោះក្រុមហ៊ុនយើងខ្ញុំបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ ដែលបានចាប់ពន្លកឡើងក្នុងប្រទេស រុស្ស៊ី ជាក្រុមហ៊ុនខ្នាតតូច ដែលបានប្រកបមុខរបរអាជីវកម្មដ៏តូចមួយក្នុង ទីក្រុងម៉ូស្គូ ដឹកនាំដោយលោកតា យ៉េហ្វីម ក្នុង ១៩៧១ រហូតដល់ឆ្នាំ ១៩៨៦ នៅពេលដែលលោកតាបានទទួលអនិច្ចកម្មដោយសារតែជំងឺប្រចាំកាយ បន្ទាប់មកលោកតាក៏បានសម្រេចចិត្តប្រគល់អភ័យឯកសិទ្ធ ក្នុងនាមជាអ្នកគ្រប់គ្រង Clothing Company ទាំងមូលប្រគល់ឱ្យទៅកូនប្រុសទី ៣ ជាអ្នកកាន់កាប់ គឺលោក ហ្វីឌ័រ ន័កដុន រហូតមកទល់និងពេលបច្ចុប្បន្ននេះ!” សេចក្តីរៀបរាប់បានបញ្ចប់ទៅជាកិច្ចបង្ហើយ ពិធីផ្ទេរមុខងារតំណែងបានឈានចូលមកដល់វិនាទីដ៏សំខាន់។

       “មានការងារជាច្រើនទៀត ដែលតែងតែនាំភាពនឿយហត់ មកឱ្យកូន យ៉ាងណាក៏ត្រូវតែខិតខំប្រឹងប្រែង ហើយព្យាយាមថែរក្សាគ្រប់យ៉ាងដែលជារបស់កូនឱ្យបានល្អផងទៅចុះ ចន ជុងហ្គុក - រ៉ូឌីន ន័កដុន!” ជុងហ្គុក ញញិមបិទមាត់មិនជិតនិងទទួលយកភារកិច្ចមកគ្រប់គ្រងដោយ ចិត្ត គំនិត និងភាពអត់ធ្មត់ ព្យាយាមគ្រប់យ៉ាងឱ្យបានល្អទៅមុខបំផុត។

       “អរគុណប៉ា ដែលតែងតែបង្ហាត់បង្រៀនឱ្យកូនមានស្មារតីរឹងប៉ឹងទៅមុខបន្ត បើទោះបីជាកូន មិនមែនជាកូនប្រុសរបស់ប៉ាបង្កើត តែគុណតម្លៃនិងការមើលថែដែលប៉ាបានផ្តល់មកឱ្យកូនគឺពិតជាមានទំហំធំធេងខ្លាំងណាស់ក្នុងជីវិតដ៏លំបាកមួយនេះសម្រាប់កូន!”

       “ប៉ុន្តែវត្តមានរបស់កូន បានចូលរួមចំណែក ប៉ះប៉ូវសម្ពាធផ្លូវចិត្តនៃជីវិតដែលប៉ាជួបក្នុងពេលកន្លងមកបានយ៉ាងល្អ ចាប់តាំងពីថ្ងៃដែលកូនបានដើរចូលមកក្នុងជីវិតរបស់ប៉ានិងអ៊ីលីយា តាំងតែពីដំបូងមកម៉្លេះ ទាំងនេះមិនមែនសុទ្ធសឹងតែជាស្នាដៃរបស់ប៉ាម្នាក់តែប៉ុណ្ណោះនោះទេ កូនក៏បានចូលរួមយ៉ាងធំធេងក្នុងការថែរក្សាកេរមរតករបស់ ន័កដុន បានយ៉ាងល្អផងដែរ ប៉ាគ្មានអ្នកណាជំនួសដៃជើង ពេលប៉ាចាស់ទៅទេ បើរំពឹងលើ អ៊ីលីយា ក៏មិនអាចនោះដែរណា ជុង!”

       “បាទ..ខ្ញុំពិតជាអរគុណដល់លោកប៉ាខ្លាំងណាស់!” ជុងហ្គុក សម្លឹងមុខគាត់ទាំងស្នាមញញិមពេញចិត្ត គុណបំណាច់ដែលគាត់បានធ្វើមកលើគេវាពិតជាមានតម្លៃថ្លៃថ្លាណាស់ គាត់ក៏ប្រៀបដូចជាឪពុកបង្កើតរបស់គេម្នាក់ដែរ ដូច្នេះហើយជីវិតដែលគេទទួលបាននៅពេលនេះគឺមានក្តីសុខខ្លាំងបំផុត។
      
       នៅតាមផ្លូវ..

       “ដេតឌីថ្ងៃនេះសង្ហាខ្លាំងណាស់!” រ៉ូគិ លាន់មាត់សរសើរឪពុកធំព្រមទាំងក្រឡេកទៅសម្លឹងមើលម្ចាស់វត្តមានរាងកាយមាំទាំ ដែលអង្គុយបញ្ជាចង្កូតឡានយ៉ាងហ្មត់ចត់នោះផងដែរ។

       “យូរហើយមិនឮសរសើរដេតឌីសោះ!” ជុងហ្គុក បែរមកនិយាយឆ្លងឆ្លើយជាមួយកូនតាមដោយទឹកមុខរីករាយ។

       “មកពីដេតឌីរវល់នៅកន្លែងពិធីបានជា រ៉ូគិ មិនហ៊ានចូលទៅរញេរញៃ នៅទីនោះមានអាហារឆ្ងាញ់ៗឱ្យញាំគ្រប់មុខ រ៉ូគិ ញាំៗៗទាល់តែឆ្អែតទើបទៅមើលដេតឌីទទួលរង្វាន់ពីលោកតាវិញម្តង!”

       “ហិហិ ទៅចូលរួមអបអរសាទរ ដេតឌី ឬមួយទៅញាំអាហារហ្អាសកូន?”

       “ទៅតែទាំងពីរហ្នឹង ដេតឌី!!” ថេយ៉ុង លួចញញិមសម្លឹងមើលឪពុកកូនទាំងពីរនិយាយឆ្លើយឆ្លងគ្នាមិនដាច់សូរសោះ ទាំងផ្អែមល្ហែម ស្នាមញញិម គ្រប់ភាពទាំងអស់ បានតក់ជាប់ក្នុងក្រអៅបេះដូងមួយនេះគ្មានថ្ងៃរលុបឡើយ។

       “បងសំឡាញ់ កុំទាន់ចូលផ្ទះអីបានទេ? អូនចង់នៅដើរលេងខាងក្រៅសិនបានទេ?”

       “បានតើស..ឱ្យតែអូនចង់ទៅបងជូនទៅបានគ្មានបញ្ហាទេ!”

       ជុងហ្គុក បែរទៅបញ្ជាចង្កូតឡានវិញ បន្ទាប់មកល្បឿនរថយន្តទំនើបក៏បានបរហួសទៅឆ្ងាយ។

       ក្រោយមកពួកគេក៏បានមកដល់សណ្ឋាគារលំដាប់ផ្កាយប្រាំមួយកន្លែង ដែលមានកម្ពស់ខ្ពស់រហូតទៅដល់ 50 ជាន់។

       នៅទីនេះក៏មានស្កាយបារដែរ ហើយក៏មានទេសភាពដ៏ស្រស់ស្អាតនិងខ្យល់អាកាសបរិសុទ្ធដូចគ្នា។ ពួកគេជ្រើសរើសជាន់ដែលមានស្កាយបារសម្រាប់អង្គុយកម្សាន្តអារម្មណ៍ជាលក្ខណៈគ្រួសារតូច ស្តាប់តន្រ្តី ញាំអាហារឆ្ងាញ់ៗ ថតរូបនិងមើលទេសភាពកំដរកែវភ្នែកធ្វើឱ្យមានថាស្រឡះខួរក្បាលណាស់។

       “អូនចូលចិត្តទីនេះទេ?” ជុងហ្គុក ធ្វើជាសួរលូកដៃចូលទៅប៉ះចង្កេះរាងតូចថ្នមៗ។

       “ចូលចិត្ត ពេលបានមកអង្គុយបែបនេះជាមួយបងហើយនិងកូន!” ថេយ៉ុង ឆ្លើយរួចញញិមយ៉ាងផ្អែម កម្រមានពេលវេលាបែបនេះខ្លាំងណាស់ ទាំងសប្បាយចិត្ត ហើយក៏មានអារម្មណ៍ថាកក់ក្តៅម្យ៉ាងដែរ។

       “ថេយ៍ញញិមស្អាតជាងរាល់ថ្ងៃ!” រាងតូចងាកមកចាប់អារម្មណ៍ពីសម្តីស្វាមីដែលបាននិយាយប្រយោគគួរឱ្យចាប់អារម្មណ៍មុននេះ។

       “បងថាយ៉ាងម៉េច?” ថេយ៉ុង ប្លែកក្នុងចិត្តណាស់ បន្ទាប់មកទើបរង់ចាំស្តាប់ចម្លើយពីស្វាមីម្តងទៀត។

       “បងមើលឃើញអូនញញិមស្អាតណាស់នៅថ្ងៃនេះ អូនញញិមចាប់តាំងពីបើកក្បាលកម្មវិធីមករហូត ស្នាមញញិមរបស់អូនធ្វើឱ្យបងមានកម្លាំងចិត្ត ហើយអាចទទួលបានភាពក្លាហានច្រើនជាងមុន ជាពិសេសនោះ..គឺការយកចិត្តទុកដាក់របស់អូនដែលមានចំពោះបង!” ថ្ងៃនេះ ថេយ៉ុង ដើរតួយ៉ាងសំខាប់នៅក្បែរ ជុងហ្គុក អស់ពេលជាច្រើនម៉ោងណាស់ បើទោះបីជាគេជួយអ្វីមិនបានច្រើនណាស់ណា សុំត្រឹមមានវត្តមានភរិយាជាទីស្រលាញ់ម្នាក់នេះនៅរង់ចាំឈរមើលពីក្រោយខ្នងក៏ខ្លួនបានអស់ចិត្តដែរ។

       “បងមានអារម្មណ៍ថា..បងចាស់ទុំជាងមុនច្រើន..ទោះបីអូនមានអាយុបង..អូនកើតមុនបង តែអូនប្រៀបដូចជាភរិយា ប្រៀបដូចជាម្តាយ បងប្រុស ជាប្រពន្ធដ៏ល្អ ដែលរង់ចាំនៅផ្តល់ដំបូន្មានឱ្យបងគ្រប់យ៉ាង គ្រប់ពាក្យសម្តីរបស់អូន តែងមានឥទ្ធិពលលើបេះដូងបង បងស្រលាញ់អូនខ្លាំងណាស់ ថេយ៉ុង!”

       “មន្តស្នេហ៍របស់បង នៅលើភាពច្បាស់លាស់ទាំងអស់នេះហើយ បងទាំងគួរឱ្យស្រឡាញ់ ទាំងគួរឱ្យអាណិត អូនមាននិស្ស័យជាមួយបងចាប់តាំងពីជួបគ្នាលើកដំបូងមកម្ល៉េះ អូនចង់មើលថែ ចង់ថ្នាក់ថ្នមបងអស់ពេលពេញមួយជីវិត ព្រោះអូនស្រលាញ់បង..ស្រលាញ់បែប..ស្រលាញ់មិនដែលគិតចង់បោះបង់បងចោល ស្រលាញ់របៀប..ស្រលាញ់របៀប..មនុស្សចង់រួមរស់ជាមួយគ្នាអស់ពេលមួយជីវិត!” ជុងហ្គុក ញោចស្នាមញញិមខិតចូលទៅឱបភរិយាយ៉ាងណែនរង្វង់ដៃ។

       “អរគុណអូន..គ្រប់យ៉ាងនៃបងគឺជារបស់អូនតែម្នាក់គត់ បងចង់ផ្ញើជីវិត ផ្ញើអនាគតទៅលើអូន ទោះអូនរំពឹងផ្អែកលើបង តែវត្តមានរបស់អូនគឺជាម្លប់ដ៏ត្រជាក់ដែលគ្របដណ្តប់លើជីវិតរបស់បង!” ថេយ៉ុង អៀនក្រហមថ្ពាល់ងាំង មុននឹងងក់ក្បាលចាប់ក្រសោបមុខស្វាមីផ្ងើយឡើង ឈ្ងោកទៅថើបបបូរមាត់នាយ បន្លឺសំឡេងជញ្ជក់លាន់ក្បែរត្រចៀកនាំឱ្យអ្នកទាំងពីរទទួលបានអារម្មណ៍រោមមែនទិកប្លែក ខណៈនោះពួកគេស្រាប់តែឈប់ថើបគ្នាភ្លាមៗ។

       “ប៉ាប៉ា ដេតឌី កូនឃ្លាន..” រ៉ូគិ លើកដៃចង្អុលមាត់ខ្លួនឯង ភ្លេចគិតថាយកកូនមកតាម ទើបសំឡេងក្មេងចេចចាចដាច់ចង្វាក់ស្នេហាផ្អែមល្ហែមអស់។

       “ញាំទៅកូនអាហារពេញនៅលើតុទេតើស!” ថេយ៉ុង ឧទាន។

       “ប៉ាប៉ាបញ្ចុក រ៉ូគិ មក!”

       “បានតើស ម៉ោះកូនម៉ោះ!” ថេយ៉ុង ចាប់លើកកូនដាក់លើភ្លៅធ្វើជាបញ្ចុកអាហារកូនទាំងអារម្មណ៍អៀនប្រៀនខ្លាំង។

       “ដេតឌី ថើប ប៉ាប៉ា មែនមុនហ្នឹង?” ជុងហ្គុក សម្លឹងមុខ ថេយ៉ុង បន្តិចរួចងាកមកសម្លឹងមុខកូនប្រុសវិញម្តង។

       “ថើបតើសកូន!”

       “មនុស្សនៅទីនេះឡើងច្រើន ដេតឌី ចាប់កូនក្រមុំលោកយាយស្រីហ្គូហ្សិនថើប..ហិហិ!!”

       “មកពីកូនក្រមុំលោកយាយស្អាតគួរឱ្យក្នាញ់ពេក ទើបដេតឌីទ្រាំមិនបានក៏ចាប់ថើបទៅ!” រ៉ូគិ ញោចខ្លួនសើចក្រហមថ្ពាល់លួចដៀងកន្ទុយភ្នែកសម្លឹងមើលមុខ ថេយ៉ុង ព្យាយាមទប់ស្នាមញញិមទាល់តែស្លឹកត្រចៀកក្រហមអស់គ្មានសល់។

       “ប៉ាប៉ា ដេតឌី រ៉ូគិ ចង់បានប្អូនដូចគេដែរ!”

       “ថាយ៉ាងម៉េចកូន?”

       “រ៉ូគិ ចង់បានអាអូនមករត់លេងជាមួយ ប៉ាប៉ា ដេតឌី យកកូនមួយទៀតមក!!”
     

      





















      
     
      
    
      


You are reading the story above: TeenFic.Net