សាលារៀនថ្មី អ្វីៗក៏ថ្មី..
ជីវិតជាសិស្សវិទ្យាល័យបន្លាស់ទី អាចមានអារម្មណ៍ថាថ្មីប្លែកច្រើនយ៉ាង ការផ្លាស់ប្តូរសាលារៀន សម្រាប់រៀនគឺជារឿងថ្មីមួយ ដែលធ្វើឱ្យសិស្សផ្ទេរឈ្មោះមកពីសាលារៀនតាមទីជនបទផ្សេងៗទៀតតែងមានផលវិបាកឬការរស់នៅប្លែកកន្លែងតែប៉ុណ្ណឹង។ មិនតែប៉ុណ្ណោះមានរឿងជាច្រើនទៀតដែលគួរតែត្រូវធ្វើខ្លួនសម្របតាមគ្រប់យ៉ាង ពីព្រោះមនុស្សដែលរស់នៅក្នុងទីក្រុងមិនមែនសុទ្ធតែចិត្តល្អទាំងអស់នោះទេ។
រយៈពេល ៣ ខែដែលខ្ញុំបានផ្ទេរទីលំនៅមករស់នៅក្នុងទីក្រុងស៊ែលអូល វាមានផលវិបាកខ្លាំងណាស់ដោយសារតែខ្ញុំត្រូវការធ្វើអ្វីៗ ដើម្បីខ្លួនឯងទាំងអស់ សូម្បីតែការញាំអាហារប្រាក់កាក់ដែលត្រូវការ ចាយវាយ ធ្វើដំណើរទៅមកពីសាលារៀនមកផ្ទះជួលសម្រាប់ស្នាក់នៅ ត្រូវចម្អិនអាហារញាំដោយខ្លួនឯង នៅមានរឿងជាច្រើនទៀតណាស់ ដែលខ្ញុំត្រូវការធ្វើបន្ទាប់នោះ គឺការងារបម្រើសេវាកម្មលើកសុរាជូនភ្ញៀវ នៅក្នុងបារកម្សាន្តមួយកន្លែង។
“ចន ជុងហ្គុក!” អ្នកគ្រូទទួលបន្ទុកថ្នាក់ ស្រាប់តែស្រែកហៅឈ្មោះវ័យជំទង់ឡើងយ៉ាងកងរំពងពេញបន្ទប់រៀនដែលមានសភាពល្វើយទន់ត្របក់ភ្នែកងងុយដេកចង់ស្លាប់ម្នាក់នោះ។ កំលោះមុខស្មឿគ ងើបក្បាលផុតពីតុរៀន រួចក្រោកឈរដោយយកចុងម្រាមដៃ ចាប់លើកដងវែនតាដែលធ្លាក់សំយាកនោះរួចហាមាត់ស្ងាបទាំងអារម្មណ៍ញ័រសាច់ធិងធោង។
“បាទអ្នកគ្រូ!”
“យប់មិញឯងរវល់ធ្វើស្អី ថ្ងៃមករៀនដេកក្នុងថ្នាក់គ្មានរបៀបបែបនេះ មករៀនម្តេចនឹងចេះដូចគេ?” អ្នកដែលត្រូវគ្រូសម្លុតជម្រិតបង្ខំសួរបានត្រឹមសំដែងទឹកមុខនឿយហត់ អស់កម្លាំងឡើងមក កាលពីយប់មិញគេនៅធ្វើការក្នុងបាររហូតដល់យប់ពាក់កណ្តាលអាធ្រាត្រទើបត្រលប់មកស្នាក់នៅផ្ទះជួលវិញ ព្រលឹមមិនទាន់ត្រូវក្រោកមករៀនទាំងស្មារតីងងឹតងងុលថែមទៀត។
“សូមទោសអ្នកគ្រូ ថ្ងៃនេះខ្ញុំមិនសូវស្រួលខ្លួន មានអារម្មណ៍ថាល្វើយណាស់ ញាំមិនសូវបានគ្រប់គ្រាន់ មានពេលបានគេងតិចបំផុត ព្រោះពេលយប់ខ្ញុំត្រូវចូលធ្វើការព្រឹករសៀល ខ្ញុំត្រូវមករៀនទៀតទើបបានជាងងុយគេងក្នុងថ្នាក់អសីលធម៌បែបនេះ!” អ្នកគ្រូមិនសួរដេញដោលយូរប្រញាប់ ទាញដកសៀវភៅពុម្ព ចាប់ផ្តើមបើកមើលមេរៀនថ្មី ខ្សែភ្នែកដ៏មុតស្រួចស្រាប់តែងាកទៅប្រទាក់ភ្នែកជាប់ទៅនឹងសម្លៀកបំពាក់ផ្សើមរបស់នាយម្តងទៀត ទឹកមុខគាត់ស្រាប់តែប្រែប្រួលម្តងទៀត ហើយហាក់ដូចជាចម្លែក។
“ចន ជុងហ្គុក!”
“បាទ អ្នកគ្រូ!!”
“ធំក្លិនផ្អួរពេញទាំងថ្នាក់ នៅអង្គុយធ្មឹងដល់ណាទៀត? ក្រែងឯងងងុយដេកទៅដេកនៅផ្ទះទៅសម្រាប់ថ្ងៃនេះមិនបាច់រៀនទេ ធំក្លិនស្អុយជូរផ្អូមពេញថ្នាក់រៀនមិនកើតទេ!” សិស្សដទៃអង្គុយលើកដៃខ្ទប់មាត់សើច មានខ្លះទៀតក៏ងាកមកសម្លឹងមើលមុខគេទាំងខ្សែរភ្នែកចំអកគួរឪ្យស្អប់ ឯខ្លះទៀតក៏ធម្មតាហាក់មិនមានប្រតិកម្មអ្វីសោះតាមពិតទៅគេក៏មិនចង់មករៀនយឺតដែរ ហើយត្រូវរូតរះស្លៀកពាក់ឯកសណ្ឋាន ដែលហាលមិនទាន់ស្ងួតមករៀនដូច្នេះដែរ។
វ័យជំទង់ស្ទុះងាកទៅចាប់ខ្សែកាតាបមកស្ពាយជាប់នឹងស្មា ហើយរហ័សដើរចេញទៅពីថ្នាក់រៀនបាត់ ចំណោមសិស្សក្នុងថ្នាក់ទាំងអស់គេរៀនមិនសូវពូកែទេហើយក៏តែងតែត្រូវសិស្សដទៃ ជេរដៀលត្មិះគ្រប់សព្វសារពើថាជាសិស្សល្ងង់ៗ ខួរល្ងិតល្ងង់អន់ដូចជ្រូក ជីវភាពក្រលំបាកលំបិន មុខមាត់ស្លេកស្លាំងដូចសាកសពរាល់ថ្ងៃ។
“អាភ្នែកបួន ថ្ងៃនេះគ្រូដេញចេញមិនឱ្យចូលរៀនមែនទេហាហា?” មកដល់មាត់ជណ្តើរភ្លាម ត្រៀមនឹងដើរចេញទៅហើយ ស្រាប់តែមានសិស្សមួយក្រុមដើរចូលមកលាន់មាត់សួរឡើងថែមទាំងសើចចំអកឌឺដងខ្លាំងៗហើយធ្វើជាញញឹមញញែមសម្លឹងមើលលើក្រោមៗបីដូចជាចង់ចំអកថាឱ្យគេយ៉ាងចេតនា។
“.....” ជុងហ្គុកឥតតបតហើយគិតតែពីដើរទៅមុខរហូត មិនព្រមងាកមកនិយាយស្តី ខណៈគ្នាវាម្នាក់នោះ ស្ទុះចេញមកធាក់គេពីខាងក្រោយបំបុកខ្លួនផ្ទប់ជញ្ជាំងសឹងតែបាក់ឆ្អឹងបួនដប់កំណាត់។
“អយ!!” បបូរមាត់ក្រៀមផ្អេះស្រាប់តែស្រែកចំហមាត់ឡើង លើកដៃខ្ទប់ដើមទ្រូងឈឺចុកឆ្អល់អលឯក កាលបើត្រូវគេធាក់មួយទំហឹងកម្លាំងចូលមកបំបុកចំៗជំហរខ្លួនយ៉ាងពេញទីយ៉ាងនេះវាពិតជាឈឺខ្លាំងណាស់។
“អាសំរាម!”
“អាល្ងង់!!!”
“អាខួរជ្រូក!”
“អាឆ្កែកន្ទុយខ្វៀន!”
“ហាហា!!!!” ជុងហ្គុក ឱបកាតាបម្នីម្នាងើបឈរយ៉ាងត្រដាបត្រដួស អារម្មណ៍ឈឺចុកចាប់កើនឡើងទ្វេដង ឈឺទាំងចិត្ត ឈឺទាំងកាយ ឈឺស្ទើរទ្រាំទ្រមិនរួចទៅហើយ។ រាល់ថ្ងៃបើមិនត្រូវគេចាប់វាយតំទាត់ធាក់ ក៏គំរាមសម្លុតកំហែងយកលុយដែរថ្ងៃខ្លះត្រូវអត់បាយញាំហើយថ្ងៃខ្លះទៀតមករៀនគ្មានលុយសូម្បីតែមួយកាក់មួយសេនណាក្នុងខ្លួនដាច់ដល់ថ្នាក់ទឹកមួយដបក៏គ្មានលុយទិញផឹកដែរ។
“ខ្ញុំឃ្លាន..” មកដល់ហាងអាំងសាច់មួយកន្លែងភ្លាម ភ្នែកស្រាប់តែរំពៃទៅឃើញសាច់ចង្កាក់ដែលគេដាក់អាំង ទំនងគួរឱ្យចង់ញាំណាស់ ប៉ុន្តែពេលនេះគេគ្មានលុយទេ អាហារទាំងនោះក៏ថ្លៃគួរសមទៀត បានត្រឹមតែឈរសម្លឹងមើលហើយគ្រវីក្បាលនឹងបន្តដំណើរទៅមុខឥតការនិយាយស្តីអ្វីបន្តតែប៉ុណ្ណោះ។
រាត្រីនេះ
បារកម្សាន្ត
ក្រោមអំពូលភ្លើងរាត្រីដ៏ស៊ីវិស័យ បង្អួតកែវភ្នែកដោយដបស្រាថ្លៃៗ ប្រចាំបារកម្សាន្ត បានធ្វើឱ្យភ្ញៀវជាអតិថិជនពិសេសដែលបានអញ្ជើញមកចូលរួមផ្ទាល់ពិតជាពេញចិត្ត ចំពោះសេវាកម្មដ៏ល្អឥតខ្ចោះនៅទីនេះខ្លាំងបំផុត ពីព្រោះរស់ជាតិស្រាដ៏ល្អប្រណីត ក្លិនប្រហើរមិនឆួលខ្លាំងពេក ធ្វើឱ្យអ្នកចូលចិត្តញាំ ដកចិត្តមិនរួច ហើយតែងតែមកកាន់ទីនេះញឹកញាប់រាល់ថ្ងៃសម្បើមណាស់។
បន្ទាប់មក វត្តមានសិស្សសាលាទំនើងមួយក្រុមស្រាប់តែបានបង្ហាញខ្លួនកណ្តាលបារកម្សាន្ត សំឡេងសើចលាន់ឮគគ្រឹកគគ្រេងធ្វើឱ្យភ្ញៀវដទៃឆលោងាកមកប្រសព្វកែវភ្នែកសម្លឹងមើល ដ្បិតមានវត្តមានកូនប្រុសមហាសេដ្ឋីលំដាប់វាល់បានមកចូលរួមសប្បាយជួបជុំគ្នានៅទីនេះដែរ។
“នៅអែអង់យូរដល់ពេលណាទៀត ហៅស្រាមក!” គ្រាន់តែស្តាប់ឮសម្តីប៉ុណ្ណឹង ចរឹកឫកពាអំនួតក្អេងក្អាង បានបង្ហាញឡើងយ៉ាងច្រលើសបើសគួបផ្សំទាំងទឹកមុខឈ្លើយៗ ខណៈនោះមេការក៏បានបញ្ជាបុគ្គលិកឱ្យលើកស្រាទៅជូន ស្របនឹងពេលដែល ជុងហ្គុក ទើបតែរូតរះរត់ចូលមកដល់កន្លែងការងារត្រូវធ្វើល្មម។
“បើឯងមកដល់ល្អហើយឆាប់លើកស្រាយកទៅជូនភ្ញៀវទៅ!”
“បាទ!!” ជុងហ្គុក ងក់ក្បាលហើយឆាប់បែរទៅចាប់ថាសទម្រកែវនិងដបស្រា រហ័សរហួនលើកទៅជូនតុភ្ញៀវចំណូលថ្មីដែលទើបនឹងចូលមកកម្សាន្តមុននេះបន្តិច។
“វីសស្គី និង ស៊ាំប៉ាញ រួមជាមួយ សូជូ ដែលជាស្រាល្បីប្រចាំហាងនេះ..” វ័យជំទង់រៀបរាប់ចប់រួចរាល់ឱនមុខចាប់យកកែវស្រាដាក់ទៅលើតុភ្លាមៗ កាលបើខ្លាចទាស់ចិត្តភ្ញៀវត្រូវធ្វើការឱ្យម៉ិតប្រាយខ្លាំងណាស់។
“អូយ!!!”
“អា៎យយបុគ្គលិកនៅទីនេះ អាអូនតូចធំៗដល់ហើយហាហា!” សិស្សប្រុសដែលជាភេទទីបី លាបក្រែមម្សៅក្រាស់ៗស្រាប់តែលាន់មាត់សើចឡើងទះដៃកូករំពង ក្រោយពីបានលូកស្ទាបទៅចាប់អាអូនតូច ជុងហ្គុកហើយភ្លាមៗយ៉ាងគ្មានភាពអៀនខ្មាស់។ នាយគ្រវីក្បាលកាន់ថាសជាប់ដៃញ័រស្មាទទ្រើក មិនដឹងជាសិស្សសាលាប្រភេទអីយប់ព្រលប់មិនព្រមនាំគ្នាចូលផ្ទះ បែរជាមកផ្តុំគ្នាផឹកស្រាសើចសប្បាយ ក្នុងបារ ក្នុងក្លឹប ហើយជក់បារីធ្វើរឿងស្អុយកខ្វក់គួរឱ្យស្អប់ថែមទៀត។
“អ៎េប្រញាប់ក្រោកទៅណា? មកកំដរល្បងយើងផឹកស្រាបន្តិចទៅ!” អាម្នាក់ធ្វើឫកគ្រហើ គ្រាន់បើសក់ក្បាលពណ៌លឿងស្រស់ឯណោះ ធ្វើជានិយាយឡើងដោយលើកបក់ហៅ កំលោះវែនតាយើងញ័រមាត់រន្ថើន។ ឃើញអ៊ីចឹងភ្លាមគេស្រាប់តែឈរស្ងៀមទ្រឹងហើយងាកទៅសម្លឹងមើលល្បងធំរបស់ពួកវា ដែលអង្គុយគងអន្ទាក់ខ្លាជក់បារី ធ្វើមុខឌឺដង ញយដង ទឹកមុខស្រវឹងសឿងៗ គ្រាន់តែមើលក៏ដឹងថាល្បងពួកវាមិនពូកែផឹកដែរ។
“សូមទោស..ការងាររបស់ខ្ញុំ ជាអ្នកលើកស្រាជូនភ្ញៀវ មិនមែនជាក្មេងកំដរភ្ញៀវទេ!”
ផាំង!!!
កែវស្រាដែលអុកចំកណ្តាលតុសឹងតែប្រេះបែកនោះក៏រន្ទឺសំឡេងឡើងកណ្តាលហ្វូងជំនួបអ្នកផឹកស៊ីដទៃ ខ្សែភ្នែកក្តៅគគុកសម្លឹងមើលយ៉ាងមុតស្រួចមកកាន់ជុងហ្គុក បីដូចជាចងកំហឹង ដ្បិតការបដិសេចរបស់នាយវាបានជ្រាបចូលប្រព័ន្ធប្រសាទ ធ្វើឱ្យអ្នកម្ខាងទៀតមិនពេញចិត្តខឹងដាច់ក្បាលដាច់កន្ទុយ គិតថាខ្លួនឯងជាអ្នកណា? ឬគ្រាន់តែជាកញ្ជៈបម្រើការងារលើកស្រាតែប៉ុណ្ណឹងសោះ សំដែងឫកពាក្រអឺតក្រទមគ្រាន់បើអ្វីដល់ម្លឹង?
“គិតថាយើងចង់អង្គុយផឹកស្រា ជាមួយបុគ្គលិកសំរាមៗដូចជាឯងណាស់អ៊ីចឹងទៅអ្ហេស ទាំងមុខអាក្រក់ រូបរាង ក៏កខ្វក់ សក់ក្បាលមើលមិនយល់ ក្រៅពីស៊ីប្រាក់លើកស្រាឱ្យភ្ញៀវទទួលបានកម្រៃកំប៉ិកកំប៉ុកប៉ុណ្ណឹង ឯងគ្មានសមត្ថភាពអាចមកអង្គុយក្បែរយើងបានទេ..” ម្ចាស់កាយតូចស្តើងស្រែកឡើងទ្រហឹងអឺងកង តូចតែខ្លួន តែបើស្តាប់សម្តីវិញធំជាងមាឌពីរដងទៅទៀត។
“អាម្នាក់នេះជាសិស្សរៀននៅអគារត្បូង ទល់មុខអាគាររបស់យើងទេតើ!” ក្នុងចំណោមនោះមានម្នាក់បាននិយាយឡើង ហើយញញឹមចុងមាត់ងាកទៅញ៉ាក់ចិញ្ចើមដាក់អ្នកដែលកំពុងតែធ្វើចិត្តខឹងគ្រោតគ្រាត។
“សូមទោស គេជាក្មេងដែលទើបតែមកថ្មី មិនសូវយល់ដឹងពីច្បាប់ទម្លាប់ការងារ បើមានអ្វីទាស់ខុសចិត្តអាចប្រាប់ខ្ញុំជាម្ចាស់នៅទីនេះបាន!” បុរសជាម្ចាស់បារចេញមុខដោះស្រាយភ្លាមៗ ខណៈអ្នកបង្កកំហុសឈរស្ងៀមទ្រឹងពីខាងក្រោយខ្នងគាត់ ទឹកមុខស្រពាប់ស្រពោននឿយហត់រាល់ថ្ងៃ មិនបានដេកពួនអ្វីសោះ ត្រូវស្ទុះស្ទាមកធ្វើការនៅពេលយប់ព្រលប់ ថែមទាំងត្រូវគេជេរដៀលប្រដូចនេះប្រដូចនោះ ដូចសត្វដូចធាតុទៀត។
“បុគ្គលិកធ្វើឫកគ្រាន់បើបែបនេះលោកត្រូវតែដេញគេចេញ ព្រោះគេបាននិយាយម៉ាកងាយមុខមាត់របស់ខ្ញុំនៅចំពោះមុខអ្នកដទៃទៀត វាធ្វើឱ្យខ្ញុំអាប់ឱនកិត្តិយសព្រោះតែទង្វើលេងខ្លួន មិនព្រមមើលពណ៌សម្បុរ ទាំងសម្រែ ទាំងខ្មៅ រូបរាងដ៏កន្ធាត់ មុខមាត់ក៏អាក្រក់ សក់ក្រញ៉ាញ់ អាវមិនអាវខោមិនខោ គគ្រិច កខ្វក់ ហាហា..ថែមទាំងល្ងង់ទៀត!”
“គឺ...”
“លោកត្រូវតែរកដំណោះស្រាយឱ្យខ្ញុំ បើមិនដូច្នេះទេ លោកគ្មានកន្លែងឈរជើងបានទៀតទេ ត្រូវចាំសម្តីខ្ញុំទុកផង នៅសែលអ៊ូលនេះ គ្មាននរណាម្នាក់ហ៊ានធ្វើឫកពា ក្រអឺតក្រទមដូចជាគេនេះទេ..” ជុងហ្គុក លួចក្តាប់ម្រាមដៃខឹងមិនហ៊ានមាត់ ដ្បិតជ្រកកោនក្រោមដំបូលការងារទៅហើយ ទោះត្រូវគេជេរ គេថា ស្តីបន្ទោសបែបណា ក៏យល់ព្រមទទួលយកទាំងបេះដូងឈឺចុកអួលណែន។
You are reading the story above: TeenFic.Net