ផ្តើមរឿង:អ្នកណាថាគេជាកូនកំព្រា គេជាកូនរបស់ខ្ញុំ!

Background color
Font
Font size
Line height

ក្ឌាំងៗ ឈូ~
សម្លេងផ្គរបន្លឺឡើងមិនដាច់សូរ ភ្លៀងធ្លាក់ឈូៗហាក់ចង់លាងសម្អាតស្លាកស្នាមនៃសេចក្តីសោកសៅអ្វីមួយឲ្យជ្រះស្រឡះ ផ្លេកបន្ទោរបញ្ចេញពន្លឺព្រាកៗ ភ្លឺចិញ្ចាចពេញមេឃា ជួយបំភ្លឺដល់ដងវិថីនាពេលរាត្រីម៉ោង11អាធ្រាត។

ង៉ឺត*
សម្លេងជាន់ហ្រ្វាំងឡាន កកិតលើផ្លូវចាក់ជ័រកៅស៊ូ នៅជាយក្រុង ភាគខាងត្បូងនៃទីក្រុងប៉េកាំង ភ្ញោចឲ្យចិញ្ចើមក្រាស់របស់នាយកម្លោះម្ចាស់ក្រុមហ៊ុនត្បូងពេជ្រលំដាប់ទីមួយនៃទីក្រុងប៉េកាំង លើកឡើងជ្រួញចូលគ្នាមួយរំពេច មុននឹងបោះប្រយោគសួរទៅកាន់មនុស្សជំនិតដែលជាតៃកុងឡាន។

«មានរឿងអី?»

«ដូចជាមានមនុស្សដេកនៅកណ្តាលផ្លូវចៅហ្វាយ»ជេកស៍

«បើកវាងទៅវាអាចជាអន្ទាក់គេក៏ថាបាន» នាយនិយាយពិតជាសមហេតុផល ព្រោះធម្មតានាយជាអ្នកមានមុខមានមាត់ម្នាក់ ទ្រព្យសម្បត្តិគរដូចភ្នំ កាន់ជំនួញរាប់សិបលានក្នុងដៃមិនខ្វះទេអ្នកដែលចង់កម្ចាត់នាយចោលនោះ។

«មើលទៅដូចជាមិនមែនជាអន្ទាក់ទេចៅហ្វាយ»ជេកស៍ ប្រកែកមិនយល់ស្របតាមគំនិតរបស់អ្នកជាចៅហ្វាយ ដោយហេតុថាខ្លួននៅខាងមុខអាចមើលឃើញច្បាស់ជាង ជាពិសេសពេលឡានបើកទៅកាន់តែជិត។

ឡានបើកមកជិតដល់ចំណុចកើតហេតុបង្ហាញឲ្យឃើញច្បាស់នឹងភ្នែក រាងកាយមនុស្សស្រីវ័យប្រហែល28ឆ្នាំ ដេកដួលនៅលើផ្លូវរាងកាយមានរបួសសុសខ្លួន ឈាមក្រហមឆ្អៅហូរស្រោចរាងកាយ ប៉ុន្តែនៅក្នុងរង្វង់ដៃមានឱបទារកតូចម្នាក់ទំនងជាទើបនឹងសម្រាលរួច រុំដោយក្រណាត់ពណ៌មាស ជាមួយសភាពរងារញ័រ។

«ជួយ...ជួយផង~» ព្រមជាមួយសម្លេងដង្ហោយហៅស្អកៗ ដៃម្ខាងដែលលើកកម្រើកបានតិចៗព្យាយាមស្រែករកជំនួយ ពីរថយន្តស៊េរីទំនើបដែលបើកឆ្លងកាត់ ចាំងភ្លើងភ្លឺស្ងាច ហើយការព្យាយាមរបស់នាងគឺពិតជាមិនអត់ប្រយោជន៍ឡើយ។

ង៉ឺត~
ជាថ្មីម្តងទៀត រថយន្តត្រូវបានបញ្ឈប់ ជេកស៍ប្រញាប់កាន់ឆ័ត្ររត់ទៅបើកទ្វារឲ្យចៅហ្វាយរបស់ខ្លួន។

«តើមានរឿងអ្វី?» នាយកម្លោះរូបរាងស្រស់សង្ហាបីដូចតារាហូលីវូដ បន្ទាបជង្គង់ចុះក្បែររាងកាយស្លេកស្លាំងមុននឹងសួរឡើង។

«មេត្តា...អ្ហឹក...មេត្តាចិញ្ចឹមកូន...របស់ខ្ញុំ..ផង...គេឈ្មោះស៊ាវ...ចាន់..សូមមេត្តា...ផង»និយាយចប់ភ្លាម ស្នាមញញឹមចុងក្រោយក៏ផុសឡើងលើមុខនាង ពេលសុភាពបុរសខាងមុខខ្លួនព្រមលូកដៃទៅទទួលទារកតូចក្នុងរង្វង់ដៃ ហើយវិនាទីបន្ទាប់នាងក៏ដាច់ដង្ហើម ចាកចេញឆ្ងាយពីពិភពលោកទៅ។

«ខ្ញុំសន្យានឹងមើលថែគេឲ្យបានល្អ ទៅដោយស្ងប់ចិត្តចុះ» នាយកម្លោះពោលសន្យាចេញពីចិត្ត មុននឹងលើកបីទារកតូចក្នុងរង្វង់ដៃចូលទៅក្នុងឡានវិញ។

«ផ្តល់ដំណឹងឲ្យប៉ូលិសចាត់ចែងសាកសពផង»

«បាទ ចៅហ្វាយ»

_ _ _ _
ចំណាយរយៈពេលប្រហែលជា៤០នាទី រថយន្តរបស់កម្លោះមហាសេដ្ឋីត្បូងពេជ្រក៏ឈប់សំចតនៅចំខាងមុខភូមិគ្រឹះរបស់ខ្លួន ដែលនរណាៗក៏ស្គាល់ច្បាស់ដូចថ្ងៃថាជាភូមិគ្រឹះវ៉ាង។

"វ៉ាង អ៊ីបូ" កម្លោះមហាសេដ្ឋី មានប្រាក់ចាយមិនអស់ត្រឹមវ័យ18ឆ្នាំ អំណាចគ្របដណ្តប់គួរឱ្យខ្លាចក្រែង ដែលនរណាក៏ស្មានមិនដល់ថាគ្រាប់ពេជ្រជំនាន់ក្រោយរបស់ត្រកូលវ៉ាងម្នាក់នេះ គឺជាដុំពេជ្រដែលវិសេសជាងគេឡើយ។

បន្ទាប់ពីជំនួញត្បូងពេជ្ររបស់ត្រកូលវ៉ាងត្រូវដួលរលំកាលពីប្រាំពីរឆ្នាំមុន មនុស្សគ្រប់គ្នាគិតថា ត្រកូលមួយនេះប្រហែលជាមិនអាចឈរជើងឡើងវិញបានឡើយ ហើយគួបផ្សំជាមួយការសម្លាប់ខ្លួនរបស់លោកវ៉ាងដែលជាមេគ្រួសារផងនោះ ធ្វើឲ្យគ្រប់គ្នាកាន់តែប្រាកដចិត្តមួយពាន់ភាគរយ។ ប៉ុន្តែរយៈពេលបីឆ្នាំក្រោយមកជំនួញត្បូងពេជ្ររបស់ត្រកូលវ៉ាងក៏ចាប់ផ្តើមផ្ទុះឡើងសារជាថ្មី ក្រោមការគ្រប់គ្រងរបស់ វ៉ាង អ៊ីបូ ដែលស្ថិតត្រឹមវ័យ១៤ឆ្នាំនៅឡើយ។

@ត្រឡប់មកបច្ចុប្បន្ន
រាងកាយមាំទាំ សាច់ដុំហាប់ណែន បោះជំហានចេញពីឡានដើរចូលទៅក្នុងភូមិគ្រឹះរបស់ខ្លួន មិនសមជាក្មេងប្រុសទើបពេញវ័យកម្លោះអាយុ១៨ឆ្នាំឡើយ។ មុខនេះរាងនេះគួរណាស់តែអាយុ២៥ឆ្នាំទើបសាកសម។ សព្វថ្ងៃអ៊ីបូក៏កំពុងរៀនបណ្តើរធ្វើការបណ្តើរ ព្រោះទោះរវល់យ៉ាងណាក៏នាយមិនបោះបង់ការសិក្សាចោលដែរ ដោយហេតុថាចំណេះវិជ្ជាទើបជាអាហារ ជាមាគ៌ា និងអាវុធដ៏វិសេសបំផុតសម្រាប់មនុស្ស។

អ្នកបម្រើដែលមិនហ៊ានចូលសម្រាកព្រោះនៅចាំទទួលវត្តមានម្ចាស់ភូមិគ្រឹះ ម្នាក់ណាក៏ដូចម្នាក់ណា ព្យាយាមងើបមុខ ដៀងភ្នែកសម្លឹងទារកនៅក្នុងដៃលោកប្រុសរបស់ខ្លួនគ្រប់ៗគ្នា។

«នាំគ្នាចូលសម្រាកចុះ ហើយមេដោះមកតាមខ្ញុំ»អ៊ីបូស្រដីឡើងហើយក៏បន្តឡើងទៅជានទីពីរ មេដោះក៏ប្រញាប់ទៅតាម ឯអ្នកបម្រើផ្សេងទៀតក៏ចែកជើងគ្នាចូលសម្រាកតាមកន្លែងរៀងៗខ្លួនទៅ។

«អ្នកប្រុសទៅបានក្មេងមកពីណានេះ?» មេដោះ សាកសួរបន្ទាប់ពីទទួលក្មេងមកបីនឹងដៃ។

«មានមនុស្សស្រីម្នាក់ពឹងខ្ញុំឲ្យជួយចិញ្ចឹម» អ៊ីបូតបហើយធ្វើឲ្យមេដោះជ្រួញចិញ្ចើមឆ្ងល់កាន់តែខ្លាំង។

«ហើយចុះមនុស្សស្រីមកពីណា ដាច់ចិត្តឲ្យកូនខ្លួនទៅអ្នកដទៃបែបនេះ បើជាមេដោះវិញ មេដោះលើកដៃយកកូនឲ្យគេមិនរួចទេ»គាត់និយាយទាំងក្តីអាណិតពេញទ្រូង គាត់ធ្លាប់ចិញ្ចឹមក្មេងត្រឹមខ្លួនមិនមែនជាម្តាយបង្កើតគាត់នៅស្រឡាញ់ ចុះទម្រាំសាច់ឈាមខ្លួនឯងនោះ?

«ម្តាយគេស្លាប់ហើយ» ប្រយោគរបស់អ៊ីបូធ្វើឲ្យមេដោះឈួលក្រហមចុងច្រមុះភ្លែត ដូច្នេះទារកតូចម្នាក់នេះជាកូនកំព្រា?

«អ្នកម៉ាក់ស្លាប់ហើយ ពុទ្ធោកូន!កំព្រាតាំងពីអាយុមិនទាំងមួយខួបផង» ស្របនឹងប្រយោគមេដោះក៏ដាក់ទារកតូចឲ្យគេងលើពូក ដោយបត់កន្សែងបន្តិចឲ្យគេកល់ក្បាលជាខ្នើយ ព្រោះគេទើបតែកើតមិនអាចកើយខ្នើយខ្ពស់បានឡើយ។

«អ្នកណាថាគេជាកូនកំព្រា គេជាកូនរបស់ខ្ញុំ»

«អ្នកប្រុស...»

--------
To be continued..............
សូមរង់ចាំភាគបន្ត.................
Love all readersᥫᩣ
គីម ជុងស៊ី✨


You are reading the story above: TeenFic.Net